ដឹងថា លោកអូបាម៉ាពិសារអាហារពេលល្ងាចនៅហាងបាយ វៀតណាមអស់ប៉ុន្មានទេ?
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកអូបាម៉ា មិនចង់ឱ្យខកខានរាត្រីយប់ថ្ងៃចន្ទ ក្នុងទស្សនកិច្ចរបស់លោកនៅទីក្រុងហាណូយប្រទេសវៀតណាមទេ ដូច្នេះហើយលោកបានចូលញ៉ាំអាហារជាមួយចុងភៅកម្មវិធីទូរទស្សន៍លោក Anthony Bourdain។
អ្នកទាំងពីរបានញ៉ាំអាហារនៅភោជនីយដ្ឋាន Huong Lien ជាភោជនីយដ្ឋាន Bun Cha ដែលល្បីថាមានសាច់ជ្រូកអាំងឆ្ងាញ់ និងមានគុយទាវដ៏គួរជាប់ចិត្តនៅទីក្រុងហាណូយ។ ក្រុមអ្នកសារព័ត៌មានដែលបានហែហមជាមួយនឹងក្បួនធ្វើដំណើររបស់លោក មិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងភោជនីយដ្ឋាននោះទេ ប៉ុន្តែបណ្ដាញសង្គមវៀតណាមបានចាប់អារម្មណ៍ព្រោងព្រាតនៃរូបភាពដ៏ភ្ញាក់ផ្អើលនៃការអង្គុយញ៉ាំអាហារពេលល្ងាចរបស់លោកប្រធានាធិបតីនេះ។
បន្ទាប់ពីលោកប្រធានាធិបតីបានចាកចេញពីភោជនីយដ្ឋានមានមនុស្សជាច្រើនបាននៅឈរកកកុញពីខាងក្រៅ ហើយលោកក៏បានដើរចាប់ដៃមួយសន្ទុះមុនពេលដែលលោកឡើងរថយន្តលីម៉ូហ្ស៊ីនរបស់លោក។ តាមលោកចុងភៅខាងលើ អ្នកទាំងពីរញ៉ាំអាហារអស់តែ ៦ដុល្លារអាមេរិកប៉ុណ្ណោះ៕
ដោយ៖ រតនៈវិភូ