វិធីសាស្ត្រ ៥យ៉ាងដើម្បីស្ដារចំណងស្នេហ៍ដែលស្ថិតលើមាត់ជ្រោះបែកបាក់ឱ្យប្រសើរឡើងវិញ
ជាការពិត រឿងរ៉ាវស្នេហាមិនមែនប្រព្រឹត្តទៅដោយរលូនរហូតនោះទេ។ ទំនាក់ទំនងប្រចាំថ្ងៃជៀសមិនផុតពីទំនាស់បន្តិចបន្តួច ឬអាចឈានដល់មាត់ជ្រោះនៃផ្លូវបែកបាក់ក៏ថាបាន។ ទោះជាយ៉ាងណា វាក៏មានមធ្យោបាយដែលអាចផ្សះផ្សារឡើងវិញបានដែរ ប្រសិនភាគីណាមួយ ឬភាគីទាំងពីរមានវិធីដែលអាចទទួលយកបាននោះ។ ខាងក្រោមនេះ គឺជាវិធី ៥យ៉ាងដើម្បីព្យាបាលទំនាក់ទំនងស្នេហារបស់អ្នកឱ្យបានប្រសើឡើង៖
១) ស្ដាប់ដោយហេតុផល និងទទួលយកនូវអ្វីដែលដៃគូរបស់អ្នកថាអ្នកមិនដែលអើពើរ ចំណុចនេះ អ្នកត្រូវធ្វើឱ្យបានដើម្បីប៉ះប៉ូវស្ថានការណ៍ឡើងវិញ។ ត្រូវចេះស្ដាប់ហេតុផលដៃគូរបស់អ្នក និងទទួលយកនូវអ្វីដែលជាចំណុចខ្វះខាត ជាពិសេសអ្វីដែលដៃគូរបស់អ្នកចង់បាន។ រឿងដែលសំខាន់ គឺចំណុចដែលដៃគូរបស់អ្នកថា អ្នកមិនដែលអើពើ។ អ្នកត្រូវធ្វើបីយ៉ាងនេះឱ្យបាន៖ បើកភ្នែក បើកត្រចៀក និងបើកបេះដូង។ អ្នកមិនត្រូវនិយាយពាក្យថា ៖«បាទៗ...ប៉ុន្តែ...»។ ស្ដាប់ហេតុផលដោយបើកបេះដូង គឺបង្ហាញពីសមានចិត្តរបស់អ្នកចំពោះដៃគូ។
២) ឥរិយាបថអវិជ្ជមានទាំងឡាយត្រូវបញ្ចៀសឱ្យបាន អ្វីដែលអ្នកគិតថា ជាឥរិយាបថវិជ្ជមាន ដែលនាំផលមិនល្អចំពោះទំនាក់ទំនងជាដៃគូរបស់អ្នកត្រូវកម្ចាត់ចោលឱ្យអស់។ ការមិនគោរពសន្យា ការស្ដីបន្ទោស ការនាំមកជាមួយនូវហេតុផលនេះហេតុផលនោះ គួរតែកម្ចាត់ចោលឱ្យបាន។
៣) កសាងទំនុកចិត្តពីសំណាក់ដៃគូដោយព្យាបាលរបួសដែលអ្នកបានបង្កឱ្យដៃគូឈឺចាប់ មានរឿងប្រាំយ៉ាងដែលលោកអ្នកគួរធ្វើដើម្បីកសាងទំនុកចិត្តពីសំណាក់គូស្នេហ៍របស់អ្នកឡើងវិញ៖ ក) សារភាពថាអ្នកជាអ្នកខុស ខ) ទទួលយកការទទួលខុសត្រូវចំពោះឥរិយាបថរបស់អ្នកដោយគ្មានលេសឬការបន្ទោសនេះបន្ទោសនោះ គ) ទទួលយកសកម្មភាពរបស់អ្នកដែលធ្វើឱ្យដៃគូឈឺចាប់ ឃ) សុំការអភ័យទោស និង ង) យល់ព្រមផ្លាស់ប្ដូរទទួលយកឥរិយាបថល្អៗ។
៤) ផ្តោតទៅលើតម្រូវការដៃគូរបស់អ្នក ការមិនអើពើ ឬមិនយកចិត្តទុកដាក់ គឺជារឿងអាក្រក់បំផុតក្នុងរឿងស្នេហា។ រឿងដែលលោកអ្នកគួរធ្វើ គឺត្រូវផ្តោតទៅលើការចង់បានរបស់ដៃគូអ្នកឱ្យបាន តែការចង់បានគឺត្រូវធ្វើក្នុងដែនកំណត់មួយ ហើយត្រូវសមហេតុផលផងដែរ។ ត្រូវមើលឡើងវិញ ថាអ្នកមិនទាន់បានបំពេញចំណុចអ្វីខ្លះចំពោះដៃគូរបស់អ្នក។
៥) សកម្មភាព គឺត្រូវតែដូចពាក្យសម្ដី ត្រូវធ្វើសកម្មភាព ដូចអ្វីដែលអ្នកបាននិយាយជាមួយដៃគូរបស់អ្នក។ មិនត្រូវនិយាយ ឬសន្យាផ្សេង ទៅធ្វើផ្សឹងនោះទេ។ បើអ្នកធ្វើមិនបាននោះទេ ហាក់បីដូចជាចំណុចប៉ុន្មានខាងលើគ្មានន័យនោះទេ។ ដូច្នេះត្រូវតែអនុវត្តឱ្យបាន៕
ដោយ៖ រតនៈវិភូ