បុគ្គលជោគជ័យក្នុងជីវិតទាំង ១១រូបក្នុងលោក ដែលរៀនមិនចប់ថ្នាក់វិទ្យាល័យ
បើទោះបីជាសេដ្ឋកិច្ចអាមេរិកមានការលូតលាស់យ៉ាងណាក្ដី តាមការសិក្សាបានរកឃើញថា យ៉ាងហោចណាស់មានសិស្សចំនួន ១,៣ លាននាក់បាន បោះបង់ការសិក្សា មុនបញ្ចប់បាក់ឌុបជារៀងរាល់ឆ្នាំនៅសហរដ្ឋអាមេរិក ហើយ ៩០ភាគរយ នៃទីផ្សារការងារមិនអាចទទួលយកពួកគេបានទេ។ ប៉ុន្តែទាំងនេះមិនមានន័យថាបុគ្គលទាំងនោះមិនអាចខ្លាយ ជាមនុស្សជោគជ័យក្នុងអាជីពការងារនោះទេ។ ខាងក្រោមនេះគឺជាមនុស្សជោគជ័យទាំង ១១ រូប ដែលមិនបានរៀនចប់ថ្នាក់វិទ្យាល័យ៖
១) លោក Richard Branson មហាសេដ្ឋីអង់គ្លេសឈប់រៀននៅអាយុ១៥ឆ្នាំ
លោកជាអ្នកបង្កើតក្រុមហ៊ុន Virgin Group ដែលជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយផ្គត់ផ្គង់ថាមពលអគ្គីសនី ដែលសព្វថ្ងៃមានតំលៃដល់ទៅ ៤,៩ ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្ដី Forbes ។ ជិត៥០ឆ្នាំហើយ ដែលលោកបានឈប់រៀន ប៉ុន្តែសព្វថ្ងៃគាត់បាន គ្រប់គ្រង និងមើលការខុសត្រូវ ប្រហែល ៥០០ ក្រុមហ៊ុន។
២) លោក Devid Karp សេដ្ឋីជនជាតិអាមេរិក ឈប់រៀននៅអាយុ១៥ឆ្នាំ
បន្ទាប់ពីបានឈប់រៀននៅអាយុ ១៥ ឆ្នាំនៅសាលា Elite Bronx High School ផ្នែកវិទ្យាសាស្ត្រ លោកDevid Karp បានបង្កើតបណ្តាញទំនាក់ទំនងសង្គមមួយ ឈ្មោះថា Tumblr នៅក្នុងបន្ទប់គេងរបស់ម្តាយខ្លួន។ គាត់បានលក់កម្មវិធីមួយនេះទៅអោយ ក្រុមហ៊ុន Yahoo នៅក្នុងតំលៃ ១,១ ពាន់លានដុល្លារ នៅឆ្នាំ ២០១៣ នៅពេលដែល Tumblr មានតំលៃនៅក្នុងទីផ្សារ ២០០លានដុល្លារ ហើយលោកក៏បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនTumblrតែម្តង ។
៣) លោកស្រី Aretha Franklin តារាចម្រៀងជើងចាស់អាមេរិក ឈប់រៀននៅអាយុ១៥ឆ្នាំ
លោកស្រីមានភាពល្បីល្បាញតាំងពីក្មេង ពោលគឺនៅអាយុ ១៤ ឆ្នាំនាងបានចេញអាល់ប៊ុមចម្រៀងដំបូងរបស់នាង ហើយបានធ្វើដំណើរទៅច្រៀងជាមួយឪពុកគ្រប់ ទីកន្លែង។ Aretha- Franklinបានឈប់រៀន១៥ឆ្នាំដើម្បីមើលថែកូនដំបូងរបស់ខ្លួន។ លោកស្រីបានទទួលសញ្ញាបត្រកិត្តិយសជាច្រើនពីសាលាល្បីៗមួយចំនួនដូចជា Harvard, Princeton, Yale និង សាលាដូរដន្ត្រី The Berklee។ លើសពីនោះទៀត តារាចម្រៀងជើងចាស់រូបនេះ ទទួលបានពានរង្វាន់ Grammys ចំនួន១៨ដងទៀតផង។ នៅឆ្នាំ ១៩៩៤ នាងបានទទួលពានរង្វាន់ដ៏ធំបំផុតគឺ Grammy Lifetime Achievement ។ មិនត្រឹមតែប៉ុណ្ណោះនាងបាន ច្រៀងក្នុងពិធីតែងតាំងប្រធានាធិបតីសហរដ្ឋអាមេរិកដល់ទៅបីលើកមានដូចជា លោក Bill Clinton និង លោក Barack Obama ជាដើម។
៤) លោក Joe Lewis មហាសេដ្ឋីអង់គ្លេសឈប់រៀននៅអាយុ១៥ឆ្នាំ
Lewis បានឈប់រៀននៅអាយុ ១៥ឆ្នាំ ដើម្បីគ្រប់គ្រងអាហារដ្ឋាន Tavistock Banqueting ដែលជាមុខជំនាញរបស់ឪពុក ដែលសព្វថ្ងៃនេះមានតំលៃ ៥,៣ ពាន់លានដុល្លារ។ លោកបានក្លាយទៅជាម្ចាស់ក្រុមហ៊ុនពិសោធន៍និងផលិតថ្នាំពេទ្យ និង ជាម្ចាស់សកលវិទ្យាល័យវិជ្ជសាស្រ្ត ជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ លើសពីនេះទៀតLewis ជាអ្នកវិនិយោគដ៏ធំជាងគេនៅក្នុងក្រុមហ៊ុន Tavistock Group ហើយក៏ជាម្ចាស់ក្រុមហ៊ុនជាង ២០០ផ្សេងទៀតរួមមាន៖ ក្លិបបាល់ទាត់របស់អង់គ្លេស Tottenham Hotspur (Spurs) និង ភោជនីយដ្ឋាន ១៣៥កន្លែង និង សណ្ឋាគារ ជាច្រើនទៀតជុំវិញពិភពលោក។
៥) លោក Mike Hudack ប្រធានផ្នែកផលិតកម្មFacebook ឈប់រៀននៅអាយុ១៦ឆ្នាំ
Hudack បានឈប់រៀននៅអាយុ១៦ឆ្នាំ ហើយបានធ្វើការនៅ ក្រុមហ៊ុនសុវត្ថិភាពអ៊ីនធឺណិតមួយឈ្មោះថា Connecticut បន្ទាប់មកក៏បានផ្លាស់ទីលំនៅទៅកាន់ទីក្រុងញីវយ៉កដើម្បីធ្វើជាអ្នកប្រឹក្សាអោយក្រុមហ៊ុន Time Warner។ នៅក្នុងឆ្នាំ២០០៥ លោកបានបង្កើតគេហទំព័រមួយដើម្បីទស្សនាវីដេអូនៅលើអ៊ីនធឺណិតឈ្មោះថា Blip.tv ។ នៅឆ្នាំ២០១២ គាត់បានឈប់ធ្វើពីនាយកប្រតិបត្តិនៅក្រុមហ៊ុននេះ ដោយមកធ្វើជាអ្នកគ្របគ្រងផ្នែកផលិតកម្មនៅក្រុមហ៊ុន Facebook វិញ។
៦) លោក Philip Emeagwali ឈប់រៀននៅអាយុ១៥ឆ្នាំ
Philip ត្រូវបានគេហៅថា វីរបុរសអ៊ីនធឺណិត ប៉ុន្តែលោកបានឈប់រៀននៅអាយុ១៣ឆ្នាំ នៅប្រទេសនីហ្សេរីយ៉ា ដោយសារសង្គ្រាមនិង គ្មានលុយរៀនបន្ត។ នៅក្នុងឆ្នាំ១៩៨៧ លោកបានរកឃើញរូបមន្តដែលអាចធ្វើអោយកុំព្យូទ័រអាចទាក់ទងគ្នាបាន ហើយបានក្លាយជាម្ចាស់ពានរង្វាន់ IEEE Gordon Bell នៅក្នុងឆ្នាំ ១៩៨៩ បន្ទាប់មកត្រូវបានគេដាក់ឈ្មោះថា បិតាអ៊ីនធឺណិត។
៧) លោក Quentin Tarantino ឈប់រៀននៅអាយុ១៥ឆ្នាំ
ម្ចាស់ពានរង្វាន់អូស្ការូបនេះបានឈប់ រៀននៅអាយុ ១៥ ឆ្នាំពីសាលាមួយនៅទីក្រុង Horbor រដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយក៏បានធ្វើជាអ្នកបម្រើការនៅក្នុងរោងកុនមួយ។ នៅពេលដែលលោកមានជាងអាយុ ២០ឆ្នាំ លោកបានធ្វើការនៅក្រុមហ៊ុន Vide Acrchives ជាអ្នកនិពន្ធក្នុងរឿង “True Romance” និង “Natural Born Killers” ហើយរឿងដែលលោកបានដឹកនាំដំបូងឈ្មោះថា “Reservoir Dogs” នៅក្នុងឆ្នាំ ១៩៩២ ដែលជាប់ជាភាពយន្តល្អប្រចាំឆ្នាំ។
៨) លោកFrancois Pinault ឈប់រៀននៅអាយុ១១ឆ្នាំ
សេដ្ឋីជនជាតិបារាំរូបនេះបានឈប់ រៀន នៅសាលាឯកជនមួយនៅអាយុ ១១ឆ្នាំដោយសារមិត្តរួមថ្នាក់សើចចំអកពីភាពក្រីក្ររបស់គ្រួសារលោក។ បន្ទាប់មកគាត់បានជួយធ្វើការងារឪពុកនៅក្នុងរោងចក្រកិនឈើ។ សព្វថ្ងៃគាត់បានក្លាយជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនធំមួយចំនួនដូចជា ក្រុមហ៊ុន Gucci, Stella Mc Cartney, Alexander McQueen, និង Yves Saint Laurent ជាដើម។
៩) លោក David H. Murdock ឈប់រៀននៅអាយុ១៤ឆ្នាំ
មហាសេដ្ឋីរូបនេះបានឈប់រៀននៅថ្នាក់ទី ៩ ហើយបានចូលធ្វើការនៅស្ថានីយប្រេងឥន្ធនៈមួយមុនពេលចូលបម្រើកងទ័ពនៅឆ្នាំ ១៩៤៣។ បន្ទាប់ពីសង្គ្រាមលោកទី២ គាត់បានបើកភោជនដ្ឋានមួយឈ្មោះថា “Detroit” បន្ទាប់ពីការលក់អស់ជាច្រើនខែ គាត់ទទួលបានប្រាក់ចំណេញ ៧០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែដោយសារតែការខិតខំ ប្រឹងប្រែងរបស់គាត់សព្វថ្ងៃក្រុមហ៊ុននេះមានតំលៃទៅដល់ ២,៩ ពាន់ដុល្លា។
១០) លោក George Foreman ឈប់រៀននៅអាយុ១៤ឆ្នាំ Foreman បានឈប់រៀននៅថ្នាក់ទី ៩ហើយបានក្លាយជាអ្នកលេងនៅតាមផ្លូវ រហូតបានចូលក្រុមហ៊ុន Job Corps នៅក្នុងឆ្នាំ ១៩៦៥ ដើម្បីក្លាយជាអ្នកប្រដាល់។ លោកបានក្លាយជាម្ចាស់ ពានរង្វាន់ប្រភេទទម្ងន់ធ្ងន់ចំនួនពីរដង និង ធ្លាប់ធ្វើជាម្ចាស់មេដាយមាសអូឡាំពិកទៀតផង។ សំណាងរបស់លោកចេះមានបន្តបន្ទាប់ក្រោយពីលោកក្លាយជាអ្នកប្រដាល់ ហើយបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា George Foreman Grill ហើយសព្វថ្ងៃមានតំលៃទៅដល់ ២៥០លានដុលា្ល។
១១) លោក James H. Clark បានឈប់រៀននៅអាយុ១៦ឆ្នាំ មហាសេដ្ឋីជនជាតិអាមេរិក និង ជាអ្នកផ្តួចផ្តើមបង្កើតក្រុមហ៊ុន “Netscape” រូបនេះបានបោះបង់ការសិក្សាអាយុ១៦ឆ្នាំ ហើយបានចូលបម្រើកងទ័ពជើងទឹក ដែលនៅទីនោះលោកបានរៀនផ្នែកអេឡិចត្រូនិក និង រកប្រាក់ជាច្រើនតាមរយៈផ្តល់ ប្រាក់កម្ចីដែលមានការប្រាក់ ខ្ពស់រហូតទៅដល់ ៤០%។ គេគ្រប់គ្នាហៅគាត់ថាជាសេដ្ឋីអ៊ីនធឺណិតព្រោះគាត់បានវិនិយោគនៅក្នុងក្រុមហ៊ុនធំជាច្រើនដូច Apple, Facebook, និង Twitter ដែលធ្វើអោយគាត់មានទ្រព្យសម្បត្តិសរុប ប្រហែល ១.៨៥ ពាន់លានដុល្លារ។
ជំហររបស់គេហទំព័រអប់រំ BizKhmer សូមកុំបញ្ចប់ការសិក្សារបស់អ្នកត្រឹមតែថ្នាក់វិទ្យាល័យ ទោះជាជោគជ័យក្នុងសាលាមិនបានវាស់វែងពីជោគជ័យក្នុងជីវិតយ៉ាងណាមែន ប៉ុន្តែច្បាស់ណាស់ថា បុគ្គលិកដែលបានបញ្ចប់ការសិក្សាត្រឹមត្រូវឈានទៅដល់ដំណាក់ជោគជ័យច្រើនជាងអ្នកដែលមិនបានសិក្សា៕
ប្រភព៖ Business Insider