Apple ម្ដងនេះនឹងក្រពុលមុខខ្លាំង ដោយសាររាសីស្រុតចុះ ទាំងប្រាក់ចំណូល-ចំណេញ និងតួលេខលក់ iPhone សុទ្ធតែដាំក្បាលចុះ!
នៅថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេញរបាយការណ៍សារពើពន្ធប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ លទ្ធផលបង្ហាញឱ្យឃើញថា នេះជាលើកដំបូងហើយ ដែលប្រាក់ចំណេញរបស់ក្រុមហ៊ុនមានការធ្លាក់ចុះ នៅរយៈពេល ១៣ឆ្នាំកន្លងមក។
នៅត្រីមាសបញ្ចប់ត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នេះ ក្រុមហ៊ុន Apple អាចរកប្រាក់ចំណូលបាន ៥០,៦ពាន់លានដុល្លារ ដែលក្នុងនោះប្រាក់ចំណេញមាន ១០,៥ពាន់លានដុល្លារ ហើយតម្លៃភាគហ៊ុនគឺ ១,៩ដុល្លារ/ហ៊ុន។ នៅត្រីមាសឆ្នាំកន្លងមក ក្រុមហ៊ុន Apple រកចំណូលបាន ៥៨ពាន់លានដុល្លារ ហើយចំណេញប្រាក់ ១៣,៦ពាន់លានដុល្លារ ឬស្មើនឹង ២,៣៣ដុល្លារ/ហ៊ុន។ ប្រាក់ចំណេញដុលក៏មានការធ្លាក់ចុះ ៤០,៨% ផងដែរ បើប្រៀបធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០១៥ កន្លងទៅ ហើយបើធៀបទៅនឹងប៉ុន្មានត្រីមាសចុងក្រោយ គឺធ្លាក់ចុះ ៣៩,៤%។