​អនុវត្ត​គន្លឹះ​ទាំង​៥​នេះ​ ​នឹង​ជួយ​ឲ្យ​អ្នក​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​!​​



​គំនិត​ច្នៃប្រឌិត​ ​គឺ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់ ​សម្រាប់​​ធ្វើ​កិច្ចការ​ផ្សេងៗ​ ​ជាពិសេស​នោះ​ការ​រកស៊ី​តែម្តង​។ ​ចំពោះ​អ្នក​ដែល​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ ​ពួកគេ​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ​ដែល​ជំរុញ​ឲ្យ​ផែនការ​ ​ឬ​ ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ឆាប់​សម្រេច​បាន​លឿន​ ​​ប្រកប​ទៅ​ដោយ​លទ្ធផល​ល្អ​ជា​ទី​ពេញ​ចិត្ត​។ ដើម្បី​​ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់ ​​គួរ​អនុវត្ត​គន្លឹះ​សំខាន់ៗ​ទាំង​នេះ​៖

១) ​រៀន​ធ្វើ​ការ​ជា​ក្រុម៖ ​មនុស្ស​ម្នាក់​ ​បើ​ទោះ​បី​ជា​មាន​ភាព​ឆ្លាតវៃ​ខ្ពស់​តាំង​ពី​កំណើត​ប៉ុណ្ណា​​ក្តី ប៉ុន្តែ​វា​នៅ​តែ​មាន​ដែន​កំណត់​។​ ​ប៉ុន្តែ​ប្រសិនបើ​​គេ​ធ្វើ​ការ​ជាមួយ​មនុស្ស​ផ្សេងៗ​ទៀត​ក្នុង​ក្រុម​វិញ​ ​នោះ​វា​នឹង​ជួយ​ឲ្យ​គំនិត​ថ្មីៗ​ផុស​ឡើង​ជា​បន្តបន្ទាប់​ ​តាម​រយៈ​ការ​ផ្តល់​យោបល់ ការពិភាក្សា​ ​និង ការ​ស្រាវជ្រាវ​ជុំគ្នា​ជាដើម​ ​ព្រោះ​មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​គំនិត​ផ្សេងៗ​ពី​គ្នា​ ​ដូច្នេះ​ហើយ​ ​អ្នក​​អាច​ចាប់​យក​គំនិត​របស់​​អ្នកដទៃ​ក្នុង​ក្រុម​នោះ ​​ច្នៃ​បង្កើត​ចេញ​ជា​អ្វី​មួយ​ដែល​ថ្មី​ ​និង​ ​ប្លែក​។ ​ការ​រៀន​ធ្វើ​ការ​ជា​ក្រុម​នេះ​ ​ពិត​ជា​អាច​ជួយ​ឲ្យ​អ្នក​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ ​ដែល​មិន​គួរ​មើល​រំលង​ឡើយ​។

២) ​ធ្វើ​អ្វី​ដែល​អ្នក​ពេញ​ចិត្ត​៖ មិន​ថា ការងារ​នោះ​ពិបាក​ប៉ុណ្ណា​ទេ​ ​ប៉ុន្តែ​ប្រសិនបើ​អ្នក​ពិត​ជា​ពេញ​ចិត្ត​មែន​ ​នោះ​ដំណោះស្រាយ​គឺ​នៅ​តែ​មាន​ជា​និច្ច​។ ​​វា​ជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ​អ្នក​ ​មាន​គំនិត​ច្នៃប្រឌិត​ផង​ដែរ​ ​ព្រោះ​កាលណា​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​​នោះ គឺ​ប្រាកដ​ជា​ព្យាយាម​ស្វែងរក​អ្វី​ដែល​ថ្មីៗ​ ​និង មាន​ប្រយោជន៍​ដើម្បី​សម្រេច​ការងារ​នោះ​។ ដូច្នេះ​ហើយ​ ​គួរ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​ប្រសើរ​ជាង​ ​​ធ្វើ​អ្វី​មួយ​ដើម្បី​គ្រាន់តែ​ផ្គាប់ចិត្ត​អ្នកដទៃ​។ ប្រសិនបើ​មិន​ដូច្នោះ​ទេ​​ ​អ្នក​នឹង​មិន​អាច​​អភិវឌ្ឍ​គំនិត​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​នោះ​ឡើយ​ ​ព្រោះ​ថា អ្វី​ដែល​កំពុង​ធ្វើ​​គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​តែ​រួច​ពី​ដៃ​ ​​ជា​មួយ​នឹង​អារម្មណ៍​ធុញទ្រាន់​ប៉ុណ្ណោះ​។

៣) ​​ស្តាប់​យោបល់​ពី​អ្នកដទៃ​៖ ​គ្មាន​មនុស្ស​ណា​ដែល​ល្អ​គ្រប់​ដប់​នោះ​ទេ​ ​ពោល​គឺ​តែងតែ​មាន​បញ្ហា​ជៀស​មិន​ផុត​។​​ក្នុង​ស្ថានភាព​នេះ​ ​ប្រសិនបើ​អ្នក​ព្យាយាម​ធ្វើ​តែ​តាម​គំនិត​របស់​ខ្លួន​ទាំង​ស្រុង​ ​ដោយ​មិន​​ស្តាប់​យោបល់​ ​ឬ​ ​គំនិត​របស់​អ្នក​ដទៃ​ទេ​ ​នោះ​មានន័យ​ថា អ្នក​មិន​បើក​ឱកាស​ដល់​ខ្លួន​ឯង​ក្នុង​ការ​ទទួល​យក​គំនិត​ថ្មីៗ​ដែល​អ្នក​ប្រហែល​ជា​មិន​អាច​គិត​ដល់​។ ​​ក្នុង​ន័យ​នេះ​ ​មិនមែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​ធ្វើ​តាម​គំនិត​របស់​អ្នកដទៃ​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​ស្តាប់​គេ​ក្រែង​មាន​អ្វី​ដែល​ថ្មី​ ​​និង​ ​មាន​ប្រយោជន៍​ដល់​ការ​គិត​របស់​អ្នក​។

៤) ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​៖ ​​​​​​​​ប្រសិនបើ​អ្នក​នៅ​តែ​មួយ​កន្លែង​ ​​ដោយ​មិន​ព្រម​ទៅ​ណា​នោះ​ ​វា​នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា តានតឹង​ ​និង​​​លែង​មាន​គំនិត​អ្វី​ថ្មី​ទៀត​​ហើយ​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ដើរកម្សាន្ត​ទៅ​កាន់​កន្លែង​ផ្សេងៗ​នោះ​ ​វា​ជួយ​​ឲ្យ​អ្នក​​​ជួប​អ្វី​ដែល​ថ្មីៗ​ ​និង មាន​ប្រយោជន៍​សម្រាប់​ការ​គិត​។ ​ជាក់ស្តែង​​មាន​អ្នក​ជំនួញ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅកាន់​បរទេស​​ ​ក្នុង​គោលបំណង៖​ទី១​ ​គឺ​ដើម្បី​កម្សាន្ត​ ​និង​ ​ទី ២​ដើម្បី​ជួប​អ្វី​ដែល​ថ្មីៗ​​សម្រាប់​យក​មក​អនុវត្ត​រកស៊ី​ក្នុង​ប្រទេស​វិញ​។

៥) ឈប់​គេចវេស​ពី​បញ្ហា​៖ ថ្វីត្បិត​តែ​បញ្ហា​ ​គឺ​ជា​អ្វី​ដែល​មនុស្ស​គ្រប់គ្នា​មិន​ចង់​ជួប​​ ​ប៉ុន្តែ​វា​ជា​រឿង​ជៀស​មិន​ផុត​​នោះ​ឡើយ​ ​ព្រោះ​ជា​តែង​ផ្សារភ្ជាប់​ជាមួយ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​គ្រាន់តែ​​តិច​ ​ឬ​ ​ច្រើន​ប៉ុណ្ណោះ​។ ​​ដូច្នេះ​ហើយ​ ​ប្រសិនបើ​អ្នក​ជួប​បញ្ហា​អ្វី​មួយ​ ​សូមកុំ​ព្យាយាម​រត់​គេច​ ​ប៉ុន្តែ​ត្រូវ​ព្យាយាម​ដោះស្រាយ​ឲ្យ​អស់​ពី​លទ្ធភាព​ទើប​ជា​​ជម្រើស​ដ៏​ល្អ​។ ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ ​នឹង​ជួយ​ឲ្យ​អ្នក​មាន​ភាព​រឹងមាំ​​ក្នុង​ការ​គិត​​ ​និង​មាន​គំនិត​ថ្មីៗ​ជានិច្ច​​​ ​ព្រោះ​ថា​បញ្ហា​ទាំង​នោះ​គឺ​ជា​គ្រួ​ដ៏​សំខាន់​ក្នុង​ការ​បណ្ដុះ​គំនិត​របស់​អ្នក​៕

ដោយ៖ អ៊ុន​ ​ភក្តី​  

X
5s