គន្លឹះសំខាន់ៗជួយឲ្យអ្នកកាត់បន្ថយការរវល់ និង មានពេលវេលាគ្រប់គ្រាន់សម្រាប់ការងារចាំបាច់
មានមនុស្សជាច្រើនតែងតែរអ៊ូរទាំថាខ្លួនឯងជាមនុស្សរវល់ម្នាក់ ការធ្វើបែបនេះបញ្ជាក់ឲ្យឃើញថាអ្នកមិនពេញចិត្តចំពោះអ្វីដែលខ្លួនឯងកំពុងធ្វើនោះទេ។ តែមានមនុស្សមួយចំនួនទៀតតែងតែធ្វើដូចជាខ្លួនឯងរវល់តែតាមពិតទៅគឺគ្មានអ្វីណាស់ណាទេ។ ខាងក្រោមនេះគឺជាគន្លឹះដែលអាចធ្វើឲ្យអ្នកមានពេលគ្រប់គ្រាន់សម្រាប់អ្វីដែលខ្លួនចង់ធ្វើបាន៖
១) មិនគួរយល់ព្រមតាមការស្នើសុំរហូតទេ៖ នៅពេលដែលមិត្តភ័ក្ដិរបស់អ្នកបបួលអ្នកទៅនេះទៅនោះ អ្នកមិនគួរយល់ព្រមជាមួយពួកគេរហូតពេកនោះទេ ជាពិសេសគឺនៅពេលដែលអ្នកកំពុងមានកិច្ចការដែលត្រូវធ្វើ។
២) បង្កើតពេលវេលាសម្រាប់គ្រួសារឲ្យបានសមរម្យ៖ មិនថាអ្នកមានកិច្ចការធ្វើច្រើនយ៉ាងណាក៏ដោយ អ្នកមិនគួរភ្លេចគ្រួសាររបស់អ្នកឡើយ។ កុំឲ្យដោយសារតែភាពរវល់របស់អ្នកធ្វើឲ្យគ្រួសាររបស់អ្នកមានការក្នក់ចិត្តជាមួយអ្នកនោះ។
៣) ចំណាត់ថ្នាក់ការងាររបស់អ្នក៖ អ្នកគួររៀបចំការងារអ្នកឲ្យបានល្អថាតើការងារណាមួយដែលសំខាន់ហើយចាំបាច់ ហើយការងារណាទៀតដែលអ្នកអាចពន្យារពេលធ្វើវាបាន។
៤) គេងឲ្យបានគ្រប់គ្រាន់៖ ការគេងគ្រប់គ្រាន់គឺជារឿងមួយសំខាន់បំផុត ហើយនៅពេលដែលអ្នកចេះចាត់ចែងការងាររបស់អ្នកឲ្យបានល្អ វានឹងមិនងាយប៉ះពាល់ដល់ដំណេករបស់អ្នកទៀតទេ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.entrepreneur.com