វៀតណាមជាទីផ្សារសំខាន់សម្រាប់រថយន្តធុនធំរបស់ចិន
រថយន្តរបស់ក្រុមហ៊ុនចិន ថៃ និងកូរ៉េខាងត្បូងកំពុងតែនាំមុខគេនៅក្នុងទីផ្សាររបស់ប្រទេសវៀតណាមដោយសារតែតម្លៃធូរថ្លៃជាពិសេសរថយន្តរបស់ក្រុមហ៊ុនចិនតែម្ដង។ កត្តាធូរថ្លៃ គឺដោយសារតែពន្ធនាំចូលទាប។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានចិន Xinhua។
តាមប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា ពន្ធនាំចូលទៅលើរថយន្តធុនធំប្រភេទ trailers និង semi-trailers គឺគ្មានតែម្ដង ដូច្នេះបានជារថយន្តធុនធំរបស់ក្រុមហ៊ុនចិនវាយលុយទីផ្សារវៀតណាមបានច្រើន។ រថយន្តធុនធំថ្មី គឺតម្លៃលក់ជាង ៤៤០០០ដុល្លារអាមេរិក ចំណែករថយន្តមួយទឹក គឺតម្លៃជាង ៣៥០០០ដុល្លារ។
តាមទិន្នន័យពីប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម បានឱ្យដឹងថា កាលពីឆ្នាំទៅមុន វៀតណាមនាំចូលរថយន្តដឹកទំនិញធុនធំប្រភេទ trailers ប្រមាណ ២០ ០០០គ្រឿងក្នុងនោះជាង ១២ ០០០គ្រឿងនាំចូលពីប្រទេសចិន។ ដោយឡែក នៅត្រីមាសទី១ ឆ្នាំនេះ រថយន្តដឹកទំនិញធុនធំរបស់ថៃនាំ មុខក្រុមហ៊ុនចិន និងកូរ៉េខាងត្បូងជាលើកដំបូង ពោលគឺនាំចូលវៀតណាមប្រមាណ ៧៨០០គ្រឿង។
សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងអាស៊ាន ប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ បានសម្រេចចិត្តលុបពន្ធគយក្នុងតំបន់ (intra-ASEAN) ក្នុងកម្រិត ៩៩,៦៥%នៃបញ្ជីផលិតផលដែលបានកំណត់ ខណៈប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានបន្ថយពន្ធគយឱ្យនៅសល់ ០-៥% ក្នុងកម្រិត ៩៨,៨៦%នៃបញ្ជីផលិតផលដែលបានកំណត់៕
ដោយ៖ រតនៈវិភូ