សញ្ញាទាំង៥ដែលបង្ហាញថាអ្នកកំពុងតែបំផ្លាញជីវិតរបស់ខ្លួនឯងដោយមិនដឹងខ្លួន
មិនប្រាកដនោះទេដែលថាអ្វីដែលអ្នកកំពុងធ្វើនឹងជួយឲ្យជីវិតរបស់អ្នកប្រសើរឡើងឬក៏ដុនដាបជាងមុននោះ។ យ៉ាងណាមិញប្រសិនបើអ្នកមានចំណុចទាំងប៉ុន្មានខាងក្រោមនេះនៅជុំវិញខ្លួន នោះមានន័យថាអ្នកកំពុងតែធ្វើឲ្យជីវិតរបស់អ្នកយ៉ាប់ទៅៗដោយមិនដឹងខ្លួននោះទេ៖
១) ចំណាយពេលច្រើនពេកចំពោះរឿងដែលមិនគួរធ្វើ៖
ការអង្គុយមើលរឿងដដែលៗ បើកហ្វេសប៊ុកអូសចុះអូសឡើង ញាំគ្មានពេលទំនេរ ឬក៏ដេកច្រើនជ្រុលអាចជាចំណែកធំមួយដែលអ្នកចំណាយពេលច្រើនទៅលើវា។ អ្នកអាចសាកគិតមើលថាតើការចំណាយពេលធ្វើរឿងបែបនេះជារៀងរាល់ថ្ងៃអាចធ្វើឲ្យជីវិតរបស់អ្នកប្រសើរជាងមុនដែរឬទេ? បើចម្លើយគឺទេ អ្នកគួរតែពិចារណានិងផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃអ្នកចេញទៅ។
២) រអ៊ូរទាំច្រើន៖ បើអ្នកកំពុងតែរអ៊ូរទាំពីចៅហ្វាយនាយរបស់អ្នក ប្រាក់ខែដែលអ្នកកំពុងតែទទួលបាន គ្រូបង្រៀនរបស់អ្នក ឬពិន្ទុការសិក្សារបស់អ្នក អ្នកគួរតែកែប្រែទម្លាប់អាក្រក់មួយនេះចេញទៅ ព្រោះថាវាមិនបានផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកនោះទេ វាមានតែធ្វើឲ្យអ្នកមានគំនិតអវិជ្ជមានជាងមុនទៅទៀត។
៣) មិនរៀនអ្វីថ្មី៖ ពាក្យថារៀនមិនសំដៅទៅលើការរៀននៅក្នុងសាលារៀនតែមួយមុខនោះទេ អ្នកអាចរៀនបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងតាមរយៈការអានសៀវភៅ ការស្ដាប់ការណែនាំពីសិស្សច្បង ឬការទទួលបានបទពិសោធន៍ផ្ទាល់ជាដើម។ ការទទួលបានចំណេះដឹងថ្មីនឹងធ្វើឲ្យអ្នកឃើញពិភពលោកបានធំជាងមុន។
៤) មិនមានគម្រោងអនាគតច្បាស់លាស់៖ វាជាការល្អសម្រាប់ភាពរីករាយក្នុងការរស់នៅជាមួយបច្ចុប្បន្នភាព តែយ៉ាងណាក៏ដោយអ្នកក៏មិនត្រូវសប្បាយរហូតភ្លេចពីអនាគតរបស់ខ្លួនអ្នកផ្ទាល់នោះដែរ។
៥) ចំណាយនៅជាមួយមនុស្សដែលមិនធ្វើឲ្យអ្នកលូតលាស់៖ នេះជារឿងសំខាន់មួយ ហើយវាក៏ចោតជាបញ្ហាក្នុងការជ្រើសរើសមិត្តភ័ក្ដិផងដែរ។ អ្នកគួរតែគិតថាតើមិត្តភ័ក្ដិដែលអ្នកកំពុងរាប់អានសព្វថ្ងៃមានចំណែកក្នុងការធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលប្រសើរជាងមុនដែរឬទេ?
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org