Meizu ទើបប្រកាសស្មាតហ្វូនទំនើបក្ដៅៗ តម្លៃថោកតែ ១៣០ដុល្លារ បំពាក់ RAM ដល់ទៅ 3GB ថែមទាំងមានស្កេនក្រយៅដៃទៀត!
ថ្ងៃនេះក្រុមហ៊ុនទូរស័ព្ទចិន Meizu ទើបសម្ពោធចេញស្មាតហ្វូនស៊េរីថ្មីសមត្ថភាពខ្ពស់ តម្លៃធូរថ្លៃមិនដល់ ២០០ដុល្លារ ប៉ុន្តែបំពាក់ RAM ធំដល់ទៅ 3GB ហើយ CPU។ ស្មាតហ្វូន Meizu ថ្មីមានម៉ូដែល M3 Note ដែលមានរូបរាងឌីហ្សាញបានស្អាតទាន់សម័យ មានតួរឹងមាំផលិតពីប្រភេទអាលុយមីញ៉ូម 6000 Series ស្រដៀង iPhone 6s/6s Plus ដែលប្រើ 7000 Series ដែលកម្លាំងដៃមនុស្សធម្មតាមិនអាចកាច់បាក់បាន។
ស្មាតហ្វូនទំនើបរបស់ Meizu M3 Note នេះភ្ជាប់មកជាមួយអេក្រង់ ៥,៥អ៊ីញ 1080p បំពាក់ដោយឈីប MediaTek Helio P10 octa-core និងប្រើស៊ីមកាត២ ហើយអាចដោតមេម៉ូរីកាត eMMC 5.1 flash memory បានថែមទៀតពីលើមេម៉ូរីម៉ាស៊ីន 32GB។ M3 ជាស្មាតហ្វូនមានសមត្ថភាពខ្ពស់តម្លៃថោកមួយដែលប្រើប្រាស់ RAM 3GB ហើយវាដើរដោយសូហ្វ៊ែរ Flyme Interface និងមានថ្មធំរហូតដល់ 4100mAh។
M3 Note មានកាមេរ៉ាក្រោយទំហំ 13MP ដែលមានលក្ខណៈលឹបចូលរាបស្មើនឹងតួទូរស័ព្ទ ហើយកាមេរ៉ាមុខទំហំ 5MP។ កាន់តែពិសេសទៀតនោះគឺ M3 Note មានមុខងារស្កេនក្រយៅដៃ ដែលស្ថិតនៅលើប៊ូតុង Home ហើយក៏មាន key សម្រាប់ប្រើមុខងារ multitask មិនចាញ់ស្មាតហ្វូនកំពូលៗបច្ចុប្បន្នឡើយ។
Meizu M3 នឹងមានលក់នៅលើទីផ្សារប្រទេសចិនចាប់ពីថ្ងៃទី១១ មេសា ខាងមុខក្នុងតម្លៃចាប់ពី ១៣០ដុល្លារ ទៅ ១៥០ដុល្លារ៕