មិនត្រូវធ្វើរឿងទាំង៤នេះឡើយ បើចង់ក្លាយជាមនុស្សពោរពេញទៅដោយគំនិតច្នៃប្រឌិត
មានមនុស្សមិនតិចទេដែលចង់ក្លាយខ្លួនទៅជាអ្នកដែលមានគំនិតច្នៃប្រឌិតនៅក្នុងខ្លួន តែពួកគេដូចជាខ្វះការអនុវត្តហើយវាក៏ត្រូវមានការរួមផ្សំពីទេពកោសល្យរបស់អ្នកពីកំណើតផងដែរ។ តែអ្នកក៏គួរតែចៀសវាងធ្វើរឿងទាំង៤នេះផងដែរប្រសិនបើអ្នកចង់មានភាពច្នៃប្រឌិតនៅក្នុងខ្លួន៖
១) និយាយថា អ្វីៗចប់ទៅហើយ៖ ចំណុចនេះចង់មានន័យថាទោះបីអ្នកគិតថាអ្វីដែលអ្នកកំពុងធ្វើជិតបានសម្រេចដល់គោលដៅក៏ដោយ អ្នកមិនគួរបញ្ឈប់តែត្រឹមប៉ុណ្ណឹងនោះទេ។ ផ្ទុយទៅវិញអ្នកគួរតែព្យាយាមអភិវឌ្ឍឬកែច្នៃវាឲ្យល្អប្រសើរជាងមុន។
២) គិតថាអ្វីដែលអ្នកគិតឃើញគឺជាគំនិតរបស់អ្នកតែម្នាក់ឯង៖ អ្វីដែលអ្នកទទួលបានមិនមែនជាអ្វីដែលអ្នកខិតខំប្រឹងប្រែងធ្វើតែម្នាក់ឯងនោះទេ ព្រោះថាវាមានការចូលរួមពីមនុស្សដែលនៅជុំវិញខ្លួនអ្នកទាំងអស់មិនថាទាំងបទពិសោធន៍ឬការចែករំលែកពីពួកគេនោះទេ។ បើអ្នកមានគំនិតធ្វើតួឯងបែបនេះ ថ្ងៃក្រោយប្រាកដជាគ្មាននរណាម្នាក់ចង់ចូលរួមធ្វើអ្វីជាមួយអ្នកទៀតឡើយ។
៣) ធ្វើអ្វីដែលងាយៗពេក ឬ ស្រណុកពេក៖ អ្នកនឹងមិនងាយទទួលបានគំនិតប្លែកឬថ្មីនោះទេប្រសិនបើអ្នកនៅតែផ្ទះឬនៅតែសាលាព្រោះថាជីវិតពោរពេញទៅដោយរឿងរ៉ាវជាច្រើនដែលទាមទារឲ្យយើងធ្វើការផ្សងព្រេង។ ដូច្នេះហើយ គួរចេញទៅខាងក្រៅដើម្បីស្គាល់រសជាតិជីវិត និង ប្រឈមមុខជាមួយការលំបាកផ្សេងៗ ដើម្បីទទួលបានគំនិតថ្មីៗសម្រាប់ជីវិត។
៤) ទទួលពាក្យថាទេរបស់អ្នកដទៃ៖ អ្នកមិនគួរស្ដាប់អ្នកដទៃច្រើនពេករហូតដល់បាត់បង់ជំនឿទុកចិត្តលើខ្លួនឯងនោះទេហើយចាប់ផ្ដើមគិតថាខ្លួនឯងមិនអាចធ្វើរឿងនោះទៅបាន។ ជាធម្មតាទេ មនុស្សសុទ្ធតែមានគំនិតផ្សេងៗគ្នា ដូច្នេះហើយបើគេគិតខុសពីអ្នក គឺមិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែបើអ្នកគិតថា ត្រឹមត្រូវ ឬ វានឹងអាចទៅរួចមែននោះ គឺត្រូវតែធ្វើ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.inc.com