នៅពេលចង់រកស៊ី តើគួរទិញសិទ្ធិអាជីវកម្មបន្ត (Franchise) ឬចាប់ផ្ដើមបង្កើតអាជីវកម្មដោយខ្លួនឯង?
ការសម្រេចចិត្តក្នុងការចង់បង្កើតរបរអាជីវកម្មដោយខ្លួនឯង គឺជាការសម្រេចចិត្តដ៏លំបាកមួយនៅក្នុងជីវិតតែវាក៏អាចជារឿងដែលធ្វើឲ្យយើងមានភាពរំភើបនិងចង់សាកល្បងធ្វើវាដែរ។ ជំហានដំបូងអ្នកត្រូវដឹងគឺថា តើអាជីវកម្មប្រភេទណាដែលអ្នកចង់ធ្វើ ហើយវាអាចជាការចាប់ផ្ដើមអ្វីគ្រប់យ៉ាងដោយខ្លួនឯងឬទិញសិទ្ធិអាជីវកម្មបន្តពីក្រុមហ៊ុនដទៃ។ ប្រភេទអាជីវកម្មទាំង២នេះសុទ្ធតែផ្ដល់អត្ថប្រយោជន៍និងភាពគ្រោះថ្នាក់ដល់អ្នកតាមបែបផ្សេងៗគ្នា៖
១) ផ្នែកហិរញ្ញវត្ថុ៖ ជាទូទៅការចាប់ផ្ដើមអាជីវកម្មដោយខ្លួនឯងចំណាយតិចជាងការដែលទិញសិទ្ធអាជីវកម្មបន្តពីក្រុមហ៊ុនដទៃព្រោះថាវាមិនត្រូវការចំណាយលុយក្នុងការទិញស្លាកសញ្ញា ឬឈ្មោះម៉ាកពីគេនោះទេ។ នេះហើយគឺជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតដែលដែលធ្វើឲ្យអ្នកដែលចង់ចាប់ផ្ដើមរកស៊ីធ្វើការបង្កើតអាជីវកម្មដោយខ្លួនឯង។ យ៉ាងណាមិញប្រសិនបើអ្នកធ្វើការបង្កើតអាជីវកម្មដោយខ្លួនឯង វាត្រូវប្រើប្រាស់ពេលវេលាដ៏យូរទម្រាំតែម៉ាកផលិតផលរបស់អ្នកមានឈ្មោះល្បីហើយត្រូវបានគេទទួលស្គាល់ ហើយប្រសិនបើចង់ឲ្យគេឆាប់ស្គាល់អ្នកក៏ត្រូវតែធ្វើការចំណាយច្រើនទៅលើការផ្សាយពាណិជ្ជកម្មផងដែរ។
២) សម្រាប់ការទិញសិទ្ធអាជីវកម្មបន្ត៖ មានអត្ថប្រយោជន៍ជាច្រើនដែលទាក់ទងទៅនឹងការទិញសិទ្ធអាជីវកម្មបន្តដោយហេតុថាក្រុមហ៊ុនមេធំបានជួយសម្រួលទៅដល់បញ្ហាដែលអាចនឹងកើតមានមួយចំនួនដូចជា ធ្វើឲ្យអតិថិជនមានទំនុកចិត្តជាមួយផលិតផលរួមទាំងសេវាកម្មរបស់ក្រុមហ៊ុនទទួលបានការណែនាំដើម្បីទទួលបានភាពជោគជ័យ អាចបានចំណូលយ៉ាងឆាប់រហ័សដោយសារមានគ្រឹះរឹងមាំរួចហើយ មានផែនការទីផ្សារនិងជំនួយផ្សេងៗ។ តែក៏មានគោលការណ៍តឹងរឹងរបស់ក្រុមហ៊ុននិងទាក់ទងជាមួយផ្នែកច្បាប់ផងដែរ។
៣) ការចាប់ផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯង៖ វាហាក់បីដូចជាមានហានិភ័យច្រើនហើយអ្នកក៏ត្រូវចំណាយថវិកាគួរសមដែររួមទាំងមានការគិតដ៏ប្រុងប្រយ័ត្នជាទីបំផុត។ ហើយប្រសិនបើអ្នកទទួលជោគជ័យ អ្នកនឹងទទួលបានលុយចំណេញទាំងអស់ មិនតែប៉ុណ្ណោះបើសិនជាអ្នកជាមនុស្សម្នាក់ដែលមិនចូលចិត្តនៅក្រោមរណបអ្នកណានោះ ការបើកអាជីវកម្មដោយខ្លួនឯងគឺជាវិធីដ៏ល្អសម្រាប់អ្នក។ តែក៏មានភាពលំបាក បញ្ហា និងការហត់នឿយច្រើនរួមទាំងមានការប្រកួតប្រជែងច្រើនទៀតផង បើអ្នកមិនមានផែនការដ៏រឹងមាំទេ អ្នកនឹងអាចបរាជ័យក្នុងពេលមួយយ៉ាងខ្លី៕