Google កំពុងធ្វើឱ្យ Gmail កាន់តែមានសុវត្ថិភាពជាមួយមុខងារ Safe Browsing ប្រាប់អ្នកឱ្យដឹងថា អ៊ីមែលណាគ្រោះថ្នាក់
ក្រុមហ៊ុន Google ពេលនេះកំពុងអភិវឌ្ឍសេវាកម្មផ្ញើអ៊ីមែល Gmail របស់ខ្លួនដោយរឹតបន្តឹងប្រព័ន្ធសុវត្ថិភាពការពារពីមេរោគដែលបង្កប់ខ្លួនតាមអ៊ីមែលផ្ញើចូល Inbox។ មុខងារមួយចំនួនត្រូវបានឌីហ្សាញ ដើម្បីជួយដល់អ្នកប្រើជាង ១ពាន់លាននាក់ដែលកំពុងប្រើ Gmail ដើម្បីជៀសវាងការចាញ់បោកវិធីសាស្ត្រចម្លងមេរោគដូចជា phishing, malware និង malicious software ឱ្យមានសវត្ថិភាពខ្ពស់។ មុខងារថ្មីដែល Google កំពុងបង្កើត គឺនឹងបញ្ជាក់ប្រាប់អ្នកប្រើ ប្រសិនពួកគេ មានការសង្ស័យជាការប៉ុនប៉ងវាយប្រហារកុំព្យូទ័ររបស់អ្នក។
នេះជាបច្ចេកវិទ្យា Safe Browsing របស់ Google ដែលបានដាក់ចេញឱ្យដំណើរការរយៈពេល ៨ឆ្នាំមកហើយ គឺវាផ្ដល់ចេញនូវបញ្ជី URLs ដែលមានផ្ទុកមេរោគ malware ឬមាតិកាប្រភេទ phising ពីប្រភពវែបសាយផ្សេងៗ។ មុខងារសុវត្ថិភាពនេះ ឃើញមាននៅលើផលិតផល Google ដូចជា Chrome, Android និង Ads។