ស្របពេលអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធ កូរ៉េខាងជើង បាត់នាវាមុជទឹកសង្ស័យថាមានបញ្ហា
យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ឱ្យដឹងថា នាវាមុជទឹកកូរ៉េខាងជើងមួយគ្រឿងបានបាត់ខ្លួន ដោយមានការសន្និដ្ឋានបានលិចទៅក្នុងបាតសមុទ្រស្របពេលដែលសមយុទ្ធយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងតែបន្ត។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានពី The Guardian។
ប្រភពពីក្រសួងការពារជាតិកូរ៉េខាងត្បូង បានឱ្យដឹងថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតជុំវិញរឿងនេះ ខណៈមន្ត្រី បញ្ចកោណបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។
កងកម្លាំងសហរដ្ឋអាមេរិកបានតាមល្បាតនាវាមុជទឹកនៅឆ្នេរបែកខាងកើតនៃប្រទេសកូរ៉េខាងជើង ហើយផ្កាយរណបយកការណ៍របស់សហរដ្ឋអាមេរិកបានចាប់បានរូបភាព កងកម្លាំងជើងទឹកកូរ៉េខាងជើងកំពុងតែស្វែងរកនាវាមុជទឹកនេះ។
ប្រទេសកូរ៉េខាងជើងមានកងនាវាមុជទឹកប្រមាណ ៧០គ្រឿងប្រតិបត្តិការ ប៉ុន្តែភាគច្រើនគឺចាស់ៗ ប្រើប្រេងឥន្ធនៈ ដែលបំពេញមុខងារត្រឹមការពារឆ្នេរ និងសមត្ថភាពការពារខ្លួននៅមានកម្រិត។ កាលពីខែសីហា ឆ្នាំ២០១៥ ៧០%នៃកងនាវាមុជទឹករបស់កូរ៉េខាងជើងបានចាកចេញពីមូលដ្ឋានរបស់គេ និងបាត់ពីប្រព័ន្ធរ៉ាដារបស់កូរ៉េខាងត្បូង៕ ដោយ៖ រតនៈវិភូ