អ្នក​ជំនាញ​ព្យាករណ៍​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​មាន​សន្ទុះ​យឺត​បើ​ធៀប​នឹង​ឆ្នាំ​២០១៩​



បើ​និយាយ​ដល់​វិស័យ​អចលនទ្រព្យ​គឺ​សំដៅ​ទៅ​លើ​ច្រើន​ផ្នែក​ដែល​រួម​មាន​ទាំង​ វិស័យ​សំណង់ ដីឡូតិ៍ ឧស្សាហកម្ម​ខុនដូរ ផ្ទះ​ល្វែង និង​បុរី​ជា​ដើម។ វិស័យ​នេះ​បាន​ផ្សារ​ភ្ជាប់​យ៉ាង​សំខាន់​ជា​មួយ​នឹង​វិស័យ​សេដ្ឋកិច្ច ព្រោះ​ប្រសិន​បើ​វិស័យ​សេដ្ឋកិច្ច​ជួប​ប្រទះ​បញ្ហា​ នោះ​វិស័យ​អចលនទ្រព្យ​ក៏​នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​ផង​ដែរ។ 

ជា​មួយ​គ្នា​នេះ​ លោក សន សៀប ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Key Real Estate បាន​លើក​ឡើង​ថា តាម​ការ​ព្យាករណ៍​របស់​លោក វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ​អាច​នឹង​មាន​កំណើន​យឺត​ជាង​ឆ្នាំ​២០១៩ ដោយ​ការ​លើក​ឡើង​នេះ​លោក​ផ្នែក​ទៅ​តាម​មូលហេតុ​និង​កត្តា​សំខាន់​ខាង​ក្រោម។

ក្នុង​បទ​សម្ភាសន៍​ផ្ទាល់​ជា​មួយ​អ្នក​សារព័ត៌មាន លោក សន សៀប​ បាន​លើក​ឡើង​ថា ចំណុច​សំខាន់​ទី​មួយ​ដែល​ជំរុញ​ឲ្យ​ប៉ះពាល់​គឺ ដោយសារ​ការ​ផ្ទុះ​ជំងឺ​ឆ្លង​ថ្មី​(កូរ៉ូណា​វីរុស)​ បាន​បណ្ដាល​ឲ្យ​មាន​ការ​ផ្អាក​ជើង​ហោះហើរ​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ជា​ពិសេស​សម្រាប់​កម្ពុជា​ គឺ​ជា​ប្រទេស​ដែល​ទទួល​ទេសចរណ៍​ចិន​ច្រើន​ ដូច្នេះ​នៅ​ពេល​ដែល​គេ​បិត​បែប​នេះ វា​ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផង​ដែរ។ 

ចំណុច​សំខាន់​មួយ​ទៀត​គឺ​នៅ​ពេល​ដែល​បិទ​ហ្គេម​អនឡាញ​ បាន​ជំរុញ​ឲ្យ​ជនជាតិ​ចិន​ចាកចេញ​ពី​កម្ពុជា និង​មួយ​ទៀត​គឺ​ការ​និយាយ​ពី​ផល​អវិជ្ជមាន​នានា​ ក៏​បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ផង​ដែរ​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ដែល​ក្រៅ​ពី​ជនជាតិ​ចិន​ និង​ខ្មែរ ពន្យារ​ពេល​ក្នុង​ការ​វិនិយោគ​ដោយ​រង់ចាំ​មើល​សភាពការណ៍​ជា​មុន​សិន ទើប​សម្រេច​ចិត្ត​វិនិយោគ​ជា​ក្រោយ។ ទាំង​នេះ​គឺ​ជា​កត្តា​រួម​ផ្សំ ដែល​អ្នក​ជំនាញ​គិត​ថា ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​ មាន​សន្ទុះ​យឺត​ជាង​ឆ្នាំ​២០១៩។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០២០​កន្លង​ទៅ ក្រសួង​សេដ្ឋកិច្ច​បាន​បង្ហាញ​របាយការណ៍​ព្យាករណ៍​នូវ​កំណើន​សេដ្ឋកិច្ច​ថា នៅ​ឆ្នាំ​២០២០​នេះ សេដ្ឋកិច្ច​កម្ពុជា​និង​កើន​ក្នុង​រង្វង់​៦%​ប៉ុណ្នោះ ខណៈ​កាល​ពី​មុន​ក្រសួង​ព្យាករណ៍​ថា ៦,៥%។ ការ​ថមថយ​នេះ បន្ទាប់​ពី​សង្កេត​ឃើញ​កត្តា​ប្រឈម​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​នៅ​ប្រទេស​ចិន៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s