ស្វែងយល់អំពី ៥ ជំហ៊ាននៃការបង់ថ្លៃពន្ធអចលនទ្រព្យតាមប្រព័ន្ធអនឡាញ​



យោងតាមប្រកាសអន្តរក្រសួងស្តីពី ការផ្តល់សេវាកម្មព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងបានសម្រេចដាក់ចេញនូវគោលការណ៍សំខាន់​ៗ​ ចំនួន ១០ ចំណុច ដើម្បីធានាពីប្រសិទ្ធិភាពនៃការអនុវត្តន៍ការប្រមូលពន្ធអចលនទ្រព្យនៅកម្ពុជា។ 

ដើម្បីជួយសម្រួលដល់ម្ចាស់អចលនទ្រព្យដែលមានកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំ ក្រសួងបានដាក់ចេញនូវរបៀបបង់ពន្ធថ្មី ពោលគឺ “ការត្រួតពិនិត្យព័ត៌មាន និង​ការបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិក”។ 

ដើម្បីអាចត្រួតពិនិត្យ និងបង់ពន្ធនៅលើប្រព័ន្ធអនឡាញបាន ម្ចាស់អចលនទ្រព្យត្រូវឆ្លងកាត់ ៥ ដំណាក់កាលដូចខាងក្រោម៖

១. ស្កែន QR កូដ លើសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ
នៅពេលស្កែន QR កូដ លើសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ អ្នកនឹងទទួលបានព័ត៌មាន លម្អិត (ដោយឥតគិតថ្លៃ) អំពីក្បាលដី រួមមាន៖ ទីតាំងក្បាលដី លេខក្បាលដី ទំហំដី ប្រភេទទ្រព្យ ឈ្មោះម្ចាស់កម្មសិទ្ធិ ជាដើម។ 

២. ចូលមើលព័ត៌មានអំពីបន្ទុកលើអចលនទ្រព្យ
ដើម្បីចូលមើលព័ត៌មានអំពីបន្ទុកលើអចលនទ្រព្យ អ្នកត្រូវចុចនៅលើពាក្យ “ព័ត៌មានអំពីបន្ទុក” បន្ទាប់មកអ្នកនឹងឃើញអំពីតម្លៃសេវា ចំនួន ២០០០០ រៀល ពីការទទួលព័ត៌មានសុរិយោដី ក្នុងមួយលើក។ បន្ទាប់មកសូមចុចលើបូតុង ចូលមើលព័ត៌មាន។ 

៣. បំពេញព័ត៌មានអ្នកស្នើសុំ និងការជ្រើសរើសធនាគារ
ព័ត៌មានដែលត្រូវបំពេញមានដូចជា៖ 

  • ឈ្មោះពេញ
  • លេខទូរស័ព្ទ
  • អ៊ីម៉ែល
  • លេខកូដសុវត្ថិភាព 

បន្ទាប់មកចុច បូតុង “បញ្ជូន” នោះផ្ទាំងបញ្ជាក់ពីព័ត៌មានរបស់អ្នកស្នើសុំនឹងចេញមក។​

ប្រសិនបើអ្នកពិនិត្យឃើញថា ព័ត៌មានដែលបានបំពេញពិតជាត្រឹមត្រូវអស់ហើយ សូមចុច បូតុង “យល់ព្រមទូទាត់” ដើម្បីធ្វើការបង់ថ្លៃសេវា។​

៤. បំពេញព័ត៌មានកាតសម្រាប់ការទូទាត់
អ្នកត្រូវបំពេញព័ត៌មានកាត រួចចុចលើ បូតុង “Confrim and Pay”។ បន្ទាប់មកអ្នកនឹងឃើញ ផ្ទាំងបញ្ជាក់ពីការបង់សេវា នឹងផ្ញើទៅកាន់អ៊ីម៉ែលរបស់អ្នក។ បន្ទាប់មកអ្នកត្រូវចុចលើបូតុង “មើលព័ត៌មានបន្ទុក”។ 

៥.​ បង្ហាញព័ត៌មានបន្ទុកនៅលើអចលនទ្រព្យ
បន្ទាប់ពីបានចុចនៅលើបូតុងមើលព័ត៌មានបន្ទុក រួចហើយ ព័ត៌មានអំពីបន្ទុកនឹងបង្ហាញដល់អ្នក។ សូមបញ្ជាក់ថា មានតែសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មីប៉ុណ្ណោះ ដែលអាចមានQR កូដ ដើម្បី ស្កែនចូលទៅធ្វើប្រតិបត្តិការនេះ។ 

សម្រាប់អ្នកដែលមានសន្លឹកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យចាស់ លោកអ្នក​ត្រូវទៅបង់ពន្ធដោយផ្ទាល់នៅសាខាពន្ធដារក្នុងតំបន់របស់អ្នក ឬនៅតាមធានាគារដៃគូរបស់រដ្ឋ៕ 

ដៃគូសហការ៖ www.realestate.com.kh

X
5s