ចំណុចខ្លាំង ៥ ចំណុចនាំឲ្យវិស័យអប់រំសិង្ហបុរីឈរនៅលំដាប់កំពូលនៃតារាង
តាមការលើកឡើងពីគេហទំព័រ Business Insider បានឲ្យដឹងថា សិង្ហបុរីត្រូវបានគេចាត់ជាប្រទេសមួយឆ្លាតជាងគេក្នុងពិភពលោក តាមពីក្រោយដោយហុងកុង កូរ៉េខាងត្បូង តៃវ៉ាន់ ជប៉ុន និងប្រទេសរីកចម្រើនមួយចំនួនទៀត។ គ្រប់គ្នាសុទ្ធតែទទួលស្គាល់ថា ប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរីពិតជាខ្លាំងជាហេតុនាំឲ្យសិស្ស និស្សិតក្នុងប្រទេសកូនកោះមួយនេះសុទ្ធតែជាធនធានចាំបាច់សម្រាប់ប្រទេស។
យោងតាមការបញ្ជាក់ពីភ្នាក់ងារ BBC ប្រចាំប្រទេសសិង្ហបុរីបានឲ្យដឹងថា ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានធ្វើការស្រាវជ្រាវ វិភាគលើរបាយការណ៍ថ្មីមួយរបស់ខ្លួន និងបានបង្ហាញលទ្ធផលថាប្រព័ន្ធអប់រំ ការគ្រប់គ្រងសាលារៀនរបស់ប្រទេសសិង្ហបុរីពិតជាល្អ ផ្អែកលើពិន្ទុគណិតវិទ្យា និងវិទ្យាសាស្រ្តរបស់សិស្ស។
ដូច្នេះ អ្វីទៅដែលជាមូលហេតុជំរុញឲ្យប្រទេសនេះមានភាពរឹងមាំលើវិស័យសុខាភិបាលខ្លាំងយ៉ាងនេះ? ខាងក្រោមនេះជាហេតុផល ៥ យ៉ាងដែលនាំឲ្យការអប់រំប្រទេសសិង្ហបុរីមានភាពរីកលូតលាស់ខ្លាំង៖
១) ប្រព័ន្ធអប់រំដែលឆ្លើយតបនឹងការផ្លាស់ប្តូរ
ប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរី ជាប្រព័ន្ធអប់រំមួយដែលកំណត់ពិចារណាយ៉ាងហ្មត់ចត់ឆ្លើយតបលើការផ្លាស់ប្តូររយៈពេលវែងនៃបរិបទក្នុងតំបន់ និងពិភពលោក។ អ្វីដែលជាការរំពឹងថានឹងទទួលបានពីប្រព័ន្ធអប់រំលើសពីចំណេះដឹងគឺ ធ្វើឲ្យសិស្សមានពេលវេលា និងលទ្ធភាពចូលរួមក្នុងសកម្មភាពសង្គមឲ្យបានច្រើន ដែលវាក៏ជាហេតុនាំឲ្យសេដ្ឋកិច្ចប្រទេសមានការអភិវឌ្ឍផងដែរ។ លទ្ធផលដែលចង់បាននៃការអប់រំគឺដើម្បីរៀបចំឱ្យសិស្សរបស់យើងមានភាពជាប់ទាក់ទងនឹងពេលវេលា និងអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។
២) ផ្តល់ការសិក្សាតាមច្រើនរបៀបដល់សិស្ស
ប្រព័ន្ធអប់រំរបស់សិង្ហបុរី ត្រូវបានគេទទួលស្គាល់ថានិស្សិតម្នាក់ៗមានចេតនារៀន និងចំណង់ចំណូលចិត្តរៀនខុសៗគ្នា ហើយជាការឆ្លើយតប វាបានផ្តល់នូវជម្រើសនៃការរៀនសូត្រប្លែកៗគ្នាជាច្រើនដើម្បីទម្រង់ទិសសិក្សាខុសៗគ្នារបស់និស្សិត។ ការអប់រំកម្រិតបឋមសិក្សាចំណាយពេល ៦ ឆ្នាំនិងកម្រិតវិទ្យាល័យពី ៤ ទៅ ៥ ឆ្នាំ។
៣) ប្រព័ន្ធមួយដែលមានគោលដៅច្បាស់លាស់បំផុតសម្រាប់វិស័យអប់រំ
គោលការណ៍អប់រំរបស់ប្រទេសសិង្ហបុរី គឺមានកំណត់គោលដៅច្បាស់លាស់បន្ទាប់ពីបញ្ចប់កម្រិតសិក្សានីមួយៗ ថានឹងទទួលបានលទ្ធផលអ្វី កម្រិតណាដល់សិស្ស។ វាពិតជាសំខាន់ ព្រោះបើកាលណាមានការបញ្ជាក់ និងកំណត់ច្បាស់លាស់ សិស្សអាចដឹងបានថាបើខ្លួនបញ្ចប់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ ឬវិទ្យាល័យពួកគេអាចមានលទ្ធភាពធ្វើការងារប្រភេទណា ប្រាកចំណូលបានកម្រិតណា បើបន្តដល់បញ្ចប់ថ្នាក់ឧត្តម (កម្រិតបរិញ្ញាបត្រ) ឬក្រោយឧត្តមពួកគេអាចមានលទ្ធភាពស្វែងរកចំណូលបានកម្រិតណា នេះជាចំណុចខ្លាំងប្លែកមួយនៃប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរី។
លើសពីនេះ អ្វីដែលគេចង់បានការកំណត់របស់ប្រព័ន្ធអប់រំនឹងធ្វើឲ្យសិស្សមានធាតុចេញ ៤ សំខាន់ៗគឺ
១) បុគ្គលដែលមានភាពជឿជាក់
២) អ្នកដែលធ្វើស្វ័យសិក្សា ដឹកនាំគ្រប់គ្រងខ្លួនឯងបានល្អ
៣) អ្នកចូលរួមសកម្មក្នុងសង្គមដើម្បីការងារសង្គម
៤) អត្តសញ្ញាជាប្រជាពលរដ្ឋសិង្ហបុរីដែលមានការព្រួយបារម្ភពីប្រទេសរបស់ខ្លួនយ៉ាងពិតប្រាកដ។
បើមើលមួយផ្នែក ប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរីអាចនឹងតូចបើផ្អែកតាមចំនួនប្រជាជន តែបើមើលឲ្យបានស៊ីជម្រៅអ្នកពិតជាបានដឹងថា ប្រព័ន្ធអប់រំរបស់ប្រទេសដែនកោះតូចមួយនេះមានវិសាលភាព និងខ្លាំងកម្រិតណា។
៤) មានការតម្រង់ទិសចំគោលដៅជាមួយគោលនយោបាយនិងការអនុវត្ត
កត្តាមួយសំខាន់បផុតដែលជួយឲ្យប្រទេសនេះមានវិស័យអប់រំរីកចម្រើនគឺ ការចងប្រព័ន្ធគ្រប់គ្រង ហើយការដែលធ្វើឲ្យអ្វីៗសម្រេចបានគោលដៅរួមគឺការតម្រង់ទិសអ្នកសិក្សា។ គោលនយោបាយដែលបានដាក់ចេញពីក្រសួងអប់រំ ត្រូវបានយកទៅស្រាយចេញជាការគោលការអនុវត្តសម្រាប់វិទ្យាស្ថានជាតិអប់រំរបស់សិង្ហបុរី ដែលជាអ្នករៀបចំបណ្ដុះបណ្ដាលគ្រូបង្រៀនឲ្យយល់ប្រព័ន្ធទាំងអស់នេះ។
ក្រសួងអប់រំយុវជននិងកីឡា ជាកម្លាំងជំរុញដ៏សំខាន់នៃប្រព័ន្ធអប់រំនឹងរៀបចំនិងបង្កើតគោលនយោបាយដែលនឹងជួយសម្រួលដល់ការសម្រេចបាននូវលទ្ធផលដែលចង់បាននៃការអប់រំ។
៥) ការចូលរួមឪពុកម្តាយ
ប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរីទទួលស្គាល់ថា ការអប់រំនៅសាលារៀនខ្លាំងកម្រិតតែបើគ្មានការចូលរួមសហការណ៍ពីឪពុកម្តាយ ឬអាណាព្យាបាលសិស្សទេការអប់រំនោះក៏គ្មានប្រសិទ្ធិភាពដែរ ព្រោះអត្តចរឹត ឥរិយាបថ និងភាពវៃឆ្លាតរបស់ក្មេងទទួលឥទ្ធិពលខ្លាំងពីទម្លាប់អប់រំនៅក្នុងគ្រួសារ និងមជ្ឍដ្ឋានជុំវិញខ្លួន។
ប្រព័ន្ធអប់រំសិង្ហបុរីទាមទារឲ្យឪពុកម្តាយ ឬអាណាព្យាបាលយកចិត្តទុកដាក់លើការអប់រំកូនឲ្យបានខ្ពស់ បង្រៀនពួកគេពីការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងលើកទឹកចិត្តចូលរួមក្នុងសកម្មភាពប្រកួតប្រជែងនានា វេទិកាសាធារណៈ ក៏ដូចជាចូលរួមជាមួយសង្គមឲ្យបានច្រើន។ យោងតាមគេហទំព័រពី www.nzcpr.com បានលើកឡើងថា នៅតាមសាលាមានរៀបចំជាការប្រលងប្រចាំឆ្នាំសម្រាប់ការប្រកួតប្រជែងសមត្ថភាពសិស្ស ហើយក៏មានការប្រជុំប្រចាំឆ្នាំជាមួយអាណាព្យាបាលសិស្សដូចគ្នា និងផ្ញើជូនរបាយការណ៍ពីលទ្ធផលសិក្សា ការអភិវឌ្ឍសមត្ថភាពរបស់កូន ក៏ដូចជាការចូលរួមសកម្មភាពនានារបស់សិស្សានុសិស្សក្នុងសង្គមទៅដល់ឪពុកម្តាយទៀតផង។ លើសពីនេះ គេក៏ផ្តល់ឱកាសដល់ឪពុកម្តាយនូវ៖
១) ការផ្តល់ជាមតិត្រលប់ទៅដល់ការដាក់ចេញ និងអនុវត្តគោលការណ៍ ឬគោលនយោបាយអប់រំរបស់ក្រសួង
២) លើកទឹកចិត្តឲ្យអាណាព្យាបាលមានឱកាសចូលរួមជាមួយសាលាឲ្យបានច្រើន
៣) លើកកម្ពស់ភាពជាដៃគូនៅតាមសាលារៀនដើម្បីទទួលបានការអប់រំដែលផ្តោតលើគុណតម្លៃរបស់សិស្សដោយដឹកនាំ និងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយវេទិកា និងការពិភាក្សា៕
ដោយ៖ យ៉ាយ៉ា