ក្រសួងរៀបចំដែនដីបានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីជាង ៥,៥ លានប័ណ្ណហើយ គិតត្រឹមឆ្នាំ២០១៩​នេះ​



ក្រសួងរៀបចំដែនដី បានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីជាង ៥,៥ លានប័ណ្ណហើយគិតត្រឹមឆ្នាំ២០១៩​ នេះ។ គិតមកទល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ បាន​ចំនួន ៥​,៥៧១​,៤២២ ប័ណ្ណ​ ស្មើនឹង​ប្រមាណ ៧៩​,៥៩ ភាគរយ​នៃ​ក្បាលដី​សរុប​ ដែល​ប៉ាន់ស្មាន​ប្រមាណ ៧ លាន​ក្បាលដី​ យោងទៅតាមរបាយការណ៍របស់ក្រសួងដែនដីគិតត្រឹមពាក់ កណ្តាលខែធ្នូ ឆ្នាំ ២០១៩នេះ។

ការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជា​ពលរដ្ឋនឹងចូលរួមធានាសុវត្ថិភាពនៃការកាន់កាប់ដី បញ្ចៀសវិវាទ លើកតម្លៃសេដ្ឋកិច្ចនៃដី និងបង្កើតជាទុនសម្រាប់ការអភិវឌ្ឍទៀតផង។

ក្រសួងរៀបចំដែនដី បានឲ្យដឹងថាប័ណ្ណកម្មសិទ្ធិក៏ចូលរួមចំណែកធ្វើឱ្យម្ចាស់ដីមានភាពនឹងនរចិត្ត និងអាចធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់និង/ឬអភិវឌ្ឍដីរបស់ខ្លួនឱ្យបានច្បាស់លាស់និងជឿជាក់ជាងមុន។

លើសពីនេះទៀតការចុះបញ្ជីដីក៏ជួយដល់រដ្ឋក្នុងការគ្រប់គ្រងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធលើ អចលនវត្ថុ បង្កើនប្រាក់ចំណូលដល់ថវិកាជាតិផងដែរ។

នៅក្នុងឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចចេញប័ណ្ណកម្មសិទ្ធិដីចំនួន​ ៤៤៣,៥៩៨ ប័ណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ៣៥៣,៤៣៣ប័ណ្ណ រួមមាន ៖

ទី១ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី៖ បានប្រកាសកំណត់តំបន់វិនិច្ឆ័យចំនួន ៧៤៤ ភូមិ បានធ្វើការបិទផ្សាយជាសាធារណៈចំនួន ៥៧៧ ភូមិ ស្មើនឹង ៥២៩,៩៥០ ក្បាលដី ចេញប័ណ្ណចំនួន ៤៤២,០៣៦ ប័ណ្ណ និងចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៣៥១,៨៧១ ប័ណ្ណ (ក្នុងនោះសម្បទានដីសង្គមកិច្ចបាន ៣,១៤០ ប័ណ្ណ)។

ទី២ ការចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ៖ សម្រេចបាន១,៥៦២ប័ណ្ណ (ដីរដ្ឋបាន ៨៥ ប័ណ្ណ ទំហំ ៤៣,៤៣៥ ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន ១,៣៤២ ប័ណ្ណ និងដីសហគមន៍ជនជាតិដើមភាគតិចបាន ៦ សហគមន៍ ស្មើនឹង ១៣៥ ប័ណ្ណ ទំហំ ៥,៨៤០.៥២ហិកតា ស្មើនឹង ៤៦៥ គ្រួសារ)។

សរុបលទ្ធផលពីពេលចាប់ផ្តើមអនុវត្តដល់ត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងចេញប័ណ្ណកម្មសិទ្ធិដីបានចំនួន ៥,៥៧១,៤២២ ប័ណ្ណ ស្មើនឹង ៧៩,៥៩% នៃក្បាលដីប៉ាន់ស្មានជាង ៧ លានក្បាលដី។

ក្នុងនោះ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធសម្រេចបាន ៤,៩ លាន​ប័ណ្ណ និងចែក ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤,៦១៣,៤៦១ ប័ណ្ណ (ក្នុងនោះតាមបទបញ្ជាលេខ ០១បប បានចំនួន ៦៤២,៦០៣ ប័ណ្ណ សម្បទាដីសង្គមកិច្ចបានចំនួន​ ៦,៥០៤ ប័ណ្ណ) និងការចុះបញ្ជីដីមានលក្ខណៈ ដាច់ដោយដុំសម្រេចបាន ៦១៧,៤៤៣ ប័ណ្ណ (ដីរដ្ឋបាន ១,៨៥៤ ប័ណ្ណ ទំហំ ៧៧៨,៧២៥ ហិកតា ដីឯកជនរបស់បុគ្គលឯកជនបាន ៦១៤,៧៧០ ប័ណ្ណ និង ដីសហគមន៍ជនជាតិដើមភាគតិចបាន ៣០ សហគមន៍ស្មើនឹង ​៨១៩ ប័ណ្ណ ទំហំ​ ២៨,៥២២.៥២ ហិកតាសម្រាប់ ៣,០៣៣ ​គ្រួសារ)៕

ដៃគូសហការ៖ www.realestate.com.kh

X
5s