គម្រោងវិនិយោគទុនក្នុងវិស័យទេសចរណ៍កើនឡើង ៩៤% ក្នុងរយៈពេល៨ខែឆ្នាំនេះ
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានលើកឡើងថាកម្ពុជាបានទទួល និងអនុម័តគម្រោងវិនិយោគទុនជាច្រើនលើវិស័យទេសចរណ៍ក្នុងឆ្នាំនេះ។ ត្រឹមរយៈពេល ៨ ខែដើមឆ្នាំនេះ ការវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងរហូតដល់ ៩៤% បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ថោង ខុន បានលើកឡើងដូចនេះក្នុងពេលថ្លែងសុន្ទរកថាបើកវេទិការវិនិយោគទេសចរណ៍កម្ពុជា លើកទី២ ក្រោមប្រធានបទ “ការកំណត់ដំណាក់កាលសម្រាប់កំណើន” ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុនក្នុងវិស័យទេសចរណ៍កាលពីម្សិលមិញ។
នៅក្នុងអង្គវេទិកាវិនិយោគទេសចរណ៍នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បើគិតចាប់ពីឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តនិងឯកភាពគាំទ្រគម្រោងវិនិយោគទុនជាតិ និង អន្តរជាតិសរុបប្រមាណជា ៨១៣ គម្រោងមានទំហំទុនវិនិយោគសរុបប្រមាណ ២២.៥ ពាន់លាន ដុល្លារ។ ក្នុងនោះ គម្រោង ទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន ៣៨ គម្រោង ដែលមានទុនវិនិយោគសរុបចំនួនប្រមាណជា ៩ ពាន់លានដុល្លារ កើនឡើង៤៧% ។
លោក ថោង ខុន បន្តថា ដោយឡែកបើគិតក្នុងរយៈពេល ៨ ខែដំបូង ឆ្នាំ២០១៩ នេះ កម្ពុជា ឯកភាពគម្រោងវិយោគទុនសរុបមានប្រមាណ ២២២ គម្រោងមានទំហំទឹកប្រាក់វិនិយោគសរុប ៦ ពាន់លានដុល្លារ អាមេរិក ក្នុងនោះ វិស័យទេសចរណ៍មានគម្រោងវិនិយោគចំនួន ១៤ គម្រោង ដែលមានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៤,២០០ លានដុល្លារ កើនឡើង ៩៤% បើធៀបជាមួយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។
ឯកឧត្តម ថោង ខុន បន្តថា ទោះជាយ៉ាងណា វិស័យទេសចរណ៍នាពេលបច្ចុប្បន្ននេះ បានរួមចំណែកប្រមាណ១២,៧% នៃផលិតផលក្នុងស្រុកសរុប(GDP)។ រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បងមួយ។ ការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈ “ទេសចរណ៍វប្បធម៌ និងធម្មជាតិ” ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជា “មាសបៃតង” ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម តាមរយៈការបង្កើតឱកាសមុខរបរ និងការងារ ជួយបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព៕
ដៃគូសហការ៖ www.realestate.com.kh