OCIC នឹងបញ្ចប់ការសាងសង់ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នៅឆ្នាំ២០២០
ក្រុមហ៊ុន OCIC គ្រោងបើកដំណើរការផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ ក្នុងត្រីមាសទី ៤ ក្នុងឆ្នាំ២០២០ ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនមកកាន់ផ្សារទំនើបកាន់តែច្រើន បន្ទាប់ពីផ្សារបានបើកដំណើរជាគម្រោងដំបូងកាលពីខែមិថុនាកន្លងទៅនេះ។
ផ្សារទំនើបដំណាក់កាលទី២ របស់អូឡាំព្យាគ្រោងនឹងបញ្ចប់ការសាងសង់របស់ខ្លួនក្នុងខែត្រីមាសទី២ ក្នុងឆ្នាំ២០២០ ហើយនឹងបើកដំណើរការជាផ្លូវការនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ក្រោមការវិនិយោគ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនOCIC។
ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ នេះត្រូវបានសាងសង់ឡើងលើផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២,០០០ ម៉ែត្រការ៉េក្នុងមួយជាន់ៗ ឬស្មើប្រមាណជា ៨៤,០០០ ម៉ែត្រការ៉េសម្រាប់ជាន់សរុបទាំង៧។
លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើបអូឡាំព្យាបាន និយាយថាការបង្កើតឡើងនេះ គឺឈរលើតម្រូវការរបស់អតិថិជនជាចម្បង។ លើសពីនេះផ្សារទំនើបអូឡាំព្យាមានទីតាំងយុទ្ធសាស្ត្រដ៏ល្អ បំផុត ដែលនៅចំកណ្តាលទីក្រុង។
លោក សៅ ម៉ូណាស៊ីមានប្រសាសន៏ថា៖«បន្ទាប់ពីការសាងសង់បញ្ចប់នោះផ្សារទំនើបអូឡាំព្យានឹងរំពឹងថានឹងអាចទាក់ទាញភ្ញៀវប្រចាំថ្ងៃប្រមាណពី ៤ ទៅ ៥ ម៉ឺននាក់»។
លោកបានបន្តថា៖ «យើងមានផែនការពង្រីកចំណតយានយន្តហើយនឹងសាងសង់ស្ពានភា្ជប់ចំណត នោះចូលមកកាន់ផ្សារទំនើបអូឡាំព្យាតែម្តង។ ដោយទីក្រុងអូឡាំព្យាមានគម្រោងសាងសង់ផ្ទះ ពាណិជ្ជកម្មដែលបែរទៅទៅពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ។»
នៅពេលដាក់ឲ្យដំណើរការផ្សារទំនើបអូឡាំព្យានឹងមានហាងសរុបសម្រាប់ជួលប្រមាណជា ២៥០ យូនីត ខណៈបច្ចុប្បន្នមានត្រឹម ១០០ យូនីត។
ផ្សារទំនើបអូឡាំព្យាដំណាក់កាលទី២ ថ្មីនេះនឹងមានរោងកុនសម្រាប់ក្រុមគ្រួសារ មានហាងអាហារ ហាងសំលៀកបំពាក់ ហាងអេឡិចត្រូ និច អាងហែលទឹកលើអាកាសដែលមានទេសភាពស្រស់ស្អាត ហើយអាចមើលឃើញកីទ្បដ្ឋានជាតិអូទ្បាំពិក ជាពិសេសក្លឹបហាត់ប្រាណ កន្លែងលេងកីទ្បា សួនច្បារ ស្ពានកញ្ចក់លើអាកាស និងការរចនានានាទាក់ទាញជាច្រើនបន្ថែមទៀត។
ក្រៅពីកន្លែងកម្សាន្តជាច្រើនផ្សារទំនើបក៏មានសណ្ឋាគារលំដាប់ផ្កាយប្រាំ និងអគារការិយាល័យប្រណិតកម្រិតA ដែលមិនធ្លាប់មានពីពេលកន្លងមកនៅក្នុងប្រទេសកម្ពុជា។
គួរំលឹកផងដែរថាផ្សារទំនើបអូឡាំព្យាគឺព័ទ្ធជុំវិញដោយអគារ ៥៣ ជាន់ សណ្ឋាគារ ៣៨ ជាន់ និងអគារលំនៅដ្ឋាន បន្ថែមជាមួយនឹងស្ពានអាកាសថ្មើរជើងភ្ជាប់ចូលមកក្នុងផ្សារ ដែលមិនធ្លាប់មានពីមុនមក ខណៈផ្សារទំនើបនេះស្ថិតក្នុងទីតាំងដ៏មានសក្តានុពលក្នុងរាជធានីភ្នំពេញ៕
ដៃគូសហការ៖ www.realestate.com.kh