អ្នកជំនាញ៖ គន្លឹះ ៣ចំណុចដើម្បីវិនិយោគវិស័យអចលនទ្រព្យបានជោគជ័យ
ទីផ្សារអចលនទ្រព្យកំពុងតែរីកចម្រើនខ្លាំង និងមានការចាប់អាម្មណ៍ខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក និងវិនិយោគិនពីក្រៅស្រុក។ វិស័យអចលនទ្រព្យក៏បានទាក់ទាញវិនិយោគិនថ្មីៗជាច្រើនឲ្យប្រឡូកចូលក្នុងវិស័យនេះដែរ ហើយចំណោមនេះមានអ្នកខ្លះក៏ជោគជ័យ ហើយខ្លះទៀតក៏បរាជ័យក្នុងរយៈពេលដ៏ខ្លី។
បរាជ័យត្រូវបានចាត់ទុកជាបទពិសោធន៍ ចំណែកជោគជ័យក្នុងវិស័យអចលនទ្រព្យ បានក្លាយជាប្រធានបទមួយគួរឲ្យចាប់អាម្មណ៍បំផុត។ ប៉ុន្តែសួរថា តើភាពជោគជ័យកើតឡើងដោយសារកត្តាអ្វីខ្លះ?
ពាក់ព័ន្ធការលើកឡើងនេះដែរ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល (CPL) ដ៏ធំជាងគេមួយនៅប្រទេសកម្ពុជា ហើយលោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរនោះបានលើកឡើងនា«ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩» កាលពីពេលថ្មីៗថា ការចាប់ផ្តើមជីវិតអាជីវកម្មលើវិស័យអចលនទ្រព្យមិនមែនជារឿងងាយស្រួលពេកទេក្នុងការធ្វើឱ្យសម្រេចបានជោគជ័យលើវិស័យនេះ។ ទោះយ៉ាងណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជាដ៏ធំជាងគេមួយនៅប្រទេសកម្ពុជា រូបនេះបានផ្តល់នៅគន្លឹះសំខាន់ៗចំនួន ៣ ដែលជាបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យក្រុមហ៊ុនលោកអាចឈរជើងនៅក្នុងវិស័យអចលនទ្រព្យមកដល់សព្វថ្ងៃនោះគឺ៖
១) ធ្វើអ្វីគិតពីគុណភាពខ្ពស់
នៅត្រង់ចំណុចនេះលោកថា នៅក្នុងវិស័យអចលនទ្រព្យមានផ្នែកជាច្រើនខុសៗគ្នា ហេតុនេះយើងជាភ្នាក់ងារអចលនទ្រព្យ ឬចង់វិនិយោគក្នុងវិស័យនេះ គឺចាំបាច់ត្រូវគិតជាមុនគឺគុណភាពជាចម្បង ពិសេសរាល់ដំណើរប្រតិបត្តិការទៅលើការទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យដ៏ស្ទាត់ជំនាញនៅក្នុងទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព ដើម្បីបញ្ចៀសបាននូវហានិភ័យចំពោះមុខចំពោះអតិថិជន។ ហេតុនេះបើយើងរកស៊ីក្នុងវិស័យអចលនទ្រព្យគិតពីគុណភាពជាមុននោះ ទើបកសាងការទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្រប់ដៃគូអាជីវកម្មនានា។
២) សេវាកម្មល្អ
មុខរបរបម្រើសេវាកម្មអចលនទ្រព្យនេះ មិនចាំបាច់ប្រើដើមទុននោះទេ សំខាន់ត្រង់ថា យើងស្រលាញ់ការងារនេះ ធ្វើចេញពីចិត្ត ពីបេះដូង អត់ធ្មត់តស៊ូជាមួយការងារ នោះជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ លោកចង់ប្រាប់ថា មានមនុស្សជាច្រើននាក់មកហើយ ដែលមានលុយរាប់លានដុល្លារ រកស៊ីក្នុងវិស័យនេះទទួលនូវភាពបរាជ័យ។ ដោយសារតែពួកគេទាំងអស់នោះធ្វើតាមគេ ឃើញគេបើកអាជីវកម្មបម្រើសេវាកម្មដីធ្លីក៏បើកតាមគេ ដោយមិនបានសិក្សាច្បាស់លាស់ ហើយក៏មិនដាក់ចិត្តធ្វើចេញពីបេះដូងពិតប្រាកដដែរ។
លោកបញ្ជាក់ថា កាលពីលោកបើកជំនួញសេវាកម្មអចលនទ្រព្យមួយនេះ លោកគ្មានលុយ គ្មានធនធានមនុស្សគ្រប់គ្រាន់ទេ ប៉ុន្តែដោយសារការស្រលាញ់ពេញចិត្ត និងការតាំងចិត្តខ្ពស់របស់គាត់ ទើបធ្វើឲ្យក្រុមហ៊ុនលោកទទួលបានជោគជ័យមកដល់ពេលនេះ។
៣.ភាពជឿទុកចិត្តខ្ពស់
មុខរបរបម្រើសេវាកម្មអចលនទ្រព្យនេះ លោកថាគឺមានភាពផុយស្រួយណាស់។ យើងធ្វើការជាមួយចិត្តនិងចិត្ត គេចង់បានអី យើងបម្រើទៅតាមសេចក្តីត្រូវការរបស់អតិថិជន ថែរក្សាអតិថិជន កុំឲ្យថ្នាំងថ្នាក់ចិត្ត បម្រើឲ្យមានប្រសិទ្ធភាព។ បើនិយាយរឿងការងាររកស៊ី មុខជំនួញណាក៏មានការប្រកួតប្រជែងគ្នាដែរ ប៉ុន្តែ មុខជំនួញអចលនទ្រព្យ លោកគិតថា មានការប្រកួតប្រជែងគ្នាខ្លាំងជាងគេ។ ដោយសារយើងរកស៊ីក្នុងវិស័យនេះ ភាគច្រើនទាក់ទងតែជាមួយអ្នកដែលមានលុយ អ្នកមានមុខមាត់នៅក្នុងសង្គម។ ពួកគាត់ទាំងនោះ ចង់បានអ្វីដែលល្អ មានគុណភាព ដូច្នេះ យើងចាំបាច់ត្រូវផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជន។
សរុបជារួមមកលោកថា បើសិនជាអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ប្រកាន់នៅគន្លឹះ ទាំង៣ចំណុច នោះនឹងទាក់ទាញប្រជាប្រិយភាព ការជឿទុកចិត្ត គាំទ្រពីអតិថិជន ដែលធ្វើអ្នកធ្វើជំនួញជោគជ័យមិនខានឡើយ៕
ដៃគូសហការ៖ www.realestate.com.kh