ADB ​ក្រើន​រំ​ឭក​ពី​ហានិ​ភ័យ​​​កម្ចី​​វិ​ស័យ​អចល​នទ្រព្យ​កម្ពុជា ខណៈកម្ចីនេះមានកំណើន៣០ភាគរយឆ្នាំ២០១៩​



ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ចាត់ទុកការបន្តកំ​ណើន​​ឥណទានដោយ​មាន​ភាព​ប្រ​មូល​ផ្តុំ​នៅក្នុងវិស័យអចលនទ្រព្យនិងអាជីវកម្មដែលពាក់ព័ន្ធនៅកម្ពុជា គឺ​ជាហានិភ័យមួយ​​ដែលអាចបង្អាក់​ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

យោងតាមរបាយការណ៍ស្តី​ពី​ទស្ស​នៈ​វិ​ស័យ​សេដ្ឋ​កិច្ច​របស់ ADB ដែល​ចេញ​ផ្សាយ​កាល​ពីថ្ងៃពុធសប្តាហ៍មុន សេដ្ឋកិច្ចកម្ពុជានៅតែបន្តដំណើរទៅមុខហើយត្រូវបានគេរំពឹងថានឹងកើនឡើង ៧ ភាគរយនៅឆ្នាំនេះដោយសារការបន្តរឹងមាំពីវិស័យប្រពៃណីដូចជាវិ​ស័យ​សម្លៀកបំពាក់ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់។

ទោះយ៉ាងណា​ ADB ក៏បានលើកឡើងពីការ​ពូន​គរ​កំ​ណើន​កម្ចី​នៅក្នុងវិស័យអចលនទ្រព្យដែលជាហា​និ​ភ័យ​ក្នុង​ស្រុក។​ បន្ថែម​លើ​នេះ កំណើនសេដ្ឋកិច្ចអាចនឹងត្រូវបានរំខានប្រសិនបើសហភាពអឺរ៉ុបសម្រេច​​ព្យួរទាំង​ស្រុង ឬផ្នែក​ខ្លះ​នៃប្រ​ព័ន្ធ​អនុគ្រោះ​ពន្ធ​​អ្វីគ្រប់យ៉ាងលើកលែងអាវុធ (EBA)។

លោកស្រី​ Sunniya Durrani-Jamal នាយកប្រចាំប្រទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា ភាពមិនប្រាកដប្រជាកាន់តែកើនឡើងនៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោកនឹង​អាច​​ប៉ះពាល់ដល់​​វិ​ស័យ​សេវាកម្មដូចជាទេសចរណ៍កម្ពុជា ដែល​ត្រូវការជាបន្ទាន់នូវយុទ្ធសាស្ត្រធ្វើពិពិធកម្ម​ផលិតផលនិងសេវាកម្មដែលមានតម្លៃខ្ពស់” ។

អ្នក​ស្រី​ថ្លែង​ថា​៖​«​​ដើម្បី​បង្ការហានិភ័យ តម្រូវ​​ឲ្យ​កាត់បន្ថយហានិភ័យដែលបានមកពីការផ្តល់ ប្រាក់កម្ចីដល់វិស័យអចលនទ្រព្យហួសប្រមាណ ការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងផលិតភាពខ្ពស់​​ដើម្បីប៉ះ​ប៉ូវ​ដល់​ការកើនឡើងប្រាក់ឈ្នួល និងការទាក់ទាញការវិនិយោគ»។​

ទោះបីជាបាន​បង្ហាញក្តីបារម្ភអំពីការពូន​គរ​ការ​ផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ​ច្រើន​ក្តី ADB មិនបានលើកឡើងពីទិន្នន័យជាក់​លាក់​បង្ហាញ​នៅ​ក្នុង​របាយ​ការណ៍​នេះទេ។  

យោងតាមការិយាល័យឥណទានកម្ពុជា (CBC) ប្រាក់កម្ចីមានទ្រព្យបញ្ចាំបានកើនឡើងដល់ ៣,៤២ ពាន់លានដុល្លារនៅចុងខែមិថុនាឆ្នាំ ២០១៩ នេះ គឺ​​កើនឡើង ៣០ ភាគរយបើប្រៀបធៀបនឹង​ដំ​ណាច់​ខែ​មិ​ថុនា​ឆ្នាំ​មុន​​។ ទោះជាយ៉ាងណា តួ​រ​​លេខ​​នេះមិនរាប់បញ្ចូលប្រាក់កម្ចីទិញផ្ទះដែលគាំទ្រដោយអ្នកអភិវឌ្ឍដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជានោះ​ទេ។

ធនាគារអភិវឌ្ឍន៍អាស៊ីមិនមែនជាស្ថាប័នតែមួយទេដែលសម្តែងការព្រួយបារម្ភទាក់​ទង​នឹង​កំ​ណើន​ដ៏​លឿន​រហ័ស​ពេក​នៃ​កម្ចី​ក្នុង​វិ​ស័យ​អចល​ន​ទ្រព្យ​។ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារពិភពលោកនៅកម្ពុជាបានកត់សម្គាល់ពីហានិភ័យនៃការកើនឡើងឥណទានហួសពីតម្រូវការនេះ​ដែរ។

NBC បានចេញសេចក្តីថ្លែងការណ៍មួយកាលពីដើមឆ្នាំនេះដោយបញ្ជាក់ថាកំណើនឥណទាននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យនៅតែខ្ពស់ប្រហែល ៣១ ភាគរយ។

នៅពេលអចលនទ្រព្យកើនឡើងដល់កំពូល វានឹងធ្លាក់ចុះវិញ

ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាននៅឯសិក្ខាសាលាមួយកាលពីដើមឆ្នាំនេះ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកបានមានប្រសាសន៍ថាវិ​ស័យ​សំណង់​ និងអចលនទ្រព្យតែងតែមើលឃើញពីវដ្តនៃការលូតលាស់ និងការធ្លាក់ចុះ។

លោក​ថ្លែង​ថា​៖​«​​នៅពេលវាឡើងដល់កំពូលវានឹងធ្លាក់ចុះ​វិញ​។ គ្មាននរណាម្នាក់ដឹងច្បាស់ថា ពេលវេលានេះនឹងទៅជាយ៉ាងណាទេហើយសម្រាប់ពេលបច្ចុប្បន្ននេះ តម្លៃអចលនទ្រព្យ និងសំណង់បាន​នឹង​កំ​ពុង​​កើនឡើងខ្លាំង​​ដែលធ្វើឱ្យប្រាក់កម្ចីធនាគារមានកាន់តែច្រើន។ ប្រការនេះអាច​បង្ក​ជា​ហានិភ័យ ដូច្នេះការការពារសុខភាពវិស័យហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ក្នុងការការពារបញ្ហាសេដ្ឋកិច្ច»​។

លោក ហ៊ឹម​ សីហា ​នាយកស្រាវជ្រាវរបស់ VTrust Appraisal បាន​ឲ្យ​ដឹង​ថា កំណើននៅក្នុងវិស័យអចលនទ្រព្យ និងការរីកចម្រើននៅក្នុងវិស័យហិរញ្ញវត្ថុ តែង​កើត​ឡើង​ស្រ​ប​គ្នា ហើយ​តែង​ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បន្ត​រីក​ចម្រើន​។

លោកបញ្ជាក់​៖​«​ភាពបត់បែននៃជម្រើសនៃការទូទាត់ប្រាក់សំណងសម្រាប់កម្ចី​គេហដ្ឋានបានជំរុញទីផ្សារលំនៅដ្ឋានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ»​។

លោក នួន រិទ្ធី នាយកប្រតិបត្តិនៃក្រុម​ហ៊ុន​សេវា​អចន​ទ្រព្យ​ Khmer Appraisal Foundation (KFA) បានមានប្រសាសន៍ថាវិស័យហិរញ្ញវត្ថុបានជួយដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យហើយវិស័យទាំងពីរ កំពុងរីកចម្រើនស្របនឹងកំណើនសេដ្ឋកិច្ច។​

លោកបានបន្ថែមថាប្រទេសកម្ពុជាមានចំនួនប្រជាជនពេញវ័យច្រើន ហើយ​កំ​ពុង​ងាក​ទៅ​រក​បែប​បទនៃ​ការ​រស់នៅថ្មី ដោយ​គូរ​ស្រ​ករ​វ័យក្មេងចង់​រស់​នៅ​ដោយ​ឯក​រាជ្យ​ពី​ឳពុក​ម្តាយ ហើយ​អាចមានលទ្ធភាពទិញផ្ទះរស់នៅផ្ទាល់​ខ្លួន​​។ កត្តា​នេះ បាន​បង្កើន​តម្រូវ​ការ​កម្ចី​សម្រាប់​វិ​ស័យ​អចលន​ទ្រព្យ​ជា​បន្ត​បន្ទាប់។

លោកបន្តថា៖ «ឥឡូវប្រជាជនកម្ពុជាមានប្រាក់ចំណូលខ្ពស់ហើយចង់បាន​​របៀបរស់នៅល្អ​ជាង​មុន​​។ អ្នកដែលមានផ្ទះនៅកម្រិតមធ្យម​ បាន​ប្តូរ​ទៅ​រក​​កម្រិតខ្ពស់ ហើយអ្នកដែលរស់នៅក្នុងកម្រិតទាប ប្តូរ​មក​​កំរិតមធ្យម»​៕

ដៃគូសហការ៖ www.realestate.com.kh

X
5s