បណ្តាញផ្សព្វផ្សាយឌីជីថលជាផ្នែកមួយដ៏សំខាន់ដើម្បីជំរុញកំណើនវិស័យអចលនទ្រព្យ
ទីផ្សារអចលនទ្រព្យកំពុងតែបន្តដំណើរទៅមុខយ៉ាងលឿនរហ័ស ជាមួយនឹងវត្តមានបច្ចេកវិទ្យាថ្មី បានក្លាយជាផ្នែកដ៏សំខាន់ចូលរួមចំណែកជំរុញទីផ្សាររាប់ចាប់ពីការស្វែងរកព័ត៌មានអំពីការវិនិយោគ ការផ្សព្វផ្សាយ រហូតដល់ការទិញលក់ដ៏មានប្រសិទ្ធភាព។
នៅពេលនិយាយពីបច្ចេកវិទ្យា វាគឺសំដៅដល់ប្រព័ន្ធជំនួយដ៏មានសារៈសំខាន់មួយក្នុងការប្រើប្រាស់ សម្រាប់បំពេញតាមតម្រូវការរស់នៅប្រចាំថ្ងៃ ការធ្វើអាជីវកម្ម ការទិញលក់ និងការទំនាក់ទំនង ពោលគឺស្ទើរតែគ្រប់ផ្នែក គ្រប់វិស័យត្រូវបានភ្ជាប់ជាមួយជិតស្និតជាមួយបច្ចេកវិទ្យា។
និយាយដោយឡែក បច្ចេកវិទ្យាឌីជីថលប្រើប្រាស់ក្នុងមុខងារផ្សព្វផ្សាយ ឬហៅថាបណ្តាញផ្សព្វផ្សាយឌីជីថលបានក្លាយជាផ្នែកមួយដ៏ចាំបាច់ជួយជំរុញដល់ការលក់អចលនទ្រព្យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាក់ស្តែង ការដាក់លក់ និងផ្សព្វផ្សាយនៅលើគេទំព័រអចលនទ្រព្យមានការកើនឡើងច្រើនជាងមុន ខណៈម្ចាស់គម្រោង បានចាប់ផ្តើមយល់ច្បាស់ពីអត្ថប្រយោជន៍នៃការធ្វើទីផ្សារលើប្រព័ន្ធឌីជីថល។ ចំណែកអ្នកស្វែងរកអចលនទ្រព្យ ឬអ្នកទិញអចលនទ្រព្យក៏កាន់តែមានទំនុកចិត្ត លើគម្រោងនានា ដែលបានដាក់លក់ និងជួលនៅលើគេហទំព័រអចលនទ្រព្យ។
គេហទំព័រអចលនទ្រព្យជាផ្នែកចាំបាច់សម្រាប់ការទិញលក់
លោក ម៉ឹក ចិន្តា ស្ថាបនិករបស់ក្រុមហ៊ុន Realestate.com.kh បានលើកឡើងថា គេហទំព័រផ្សព្វផ្សាយអចលនទ្រព្យ Realestate.com.kh ដែលបង្កើតឡើងមុនគេ និងដំបូងគេនៅកម្ពុជាតាំងពីឆ្នាំ២០០៩ មកគឺកំពុងបានទទួលការចាប់អារម្មណ៍ច្រើន ពីសំណាក់អ្នកស្វែងរកអចលនទ្រព្យ អ្នកលក់ ភ្នាក់ងារ និងម្ចាស់គម្រោងធំៗ។ លោក ចិន្តា បន្ថែមទៀតថា ការបង្កើតគេហទំព័រនេះបានឆ្លើយតបនឹងការវិវត្តន៍នៃបច្ចេកវិទ្យា នៅពេលបច្ចុប្បន្ន និងជួយដល់ប្រតិបត្តិការទិញលក់ និងផ្សព្វផ្សាយបានកាន់តែប្រសើរឡើង។
រហូតមកពេលនេះ មានអចលនទ្រព្យជាង ៤ ម៉ឺនបានដាក់ផ្សព្វផ្សាយទាំងគម្រោងដីឡូតិ៍ ផ្ទះ បុរី ខុនដូ គម្រោងពាណិជ្ជកម្ម និងអចលនទ្រព្យផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។
លោក ចិន្តា បញ្ជាក់ថា គេហទំព័រកំពុងពង្រីកវិសាលភាពផ្សព្វផ្សាយឲ្យកាន់តែធំនៅកម្ពុជា និងមិនត្រឹមតែនៅក្នុងទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែគឺផ្សាព្វផ្សាយទៅកាន់ប្រទេសនានានៅក្នុងតំបន់ផងដែរ ដែលមានដូចជាប្រទេសចិនជាដើម។
អ្នកស្រីតាំង ហួរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amatak Property Service បាននិយាយថា ការដើរឲ្យទាន់បច្ចេកវិទ្យាថ្មីៗជាកត្តាសំខាន់ណាស់សម្រាប់ការងារក្នុងវិស័យអចលនទ្រព្យ។ ចំណុចនេះអ្នកស្រីសំដៅដល់ការជំរុញដល់ការផ្សព្វផ្សាយពីវិស័យទាំងមូលទៅដល់ដៃអតិថិជន និង វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។
“ខ្ញុំជឿថា ការប្រើប្រាស់បច្ចេកវិទ្យា ពិសេសគេហទំព័រ [Realestate.com.kh] គឺអាចជួយជំរុញដល់ការទិញលក់ឲ្យកាន់តែប្រសើរឡើង។ ហើយខ្ញុំបានទទួលបានអ្នកទិញ ជាច្រើនតាមរយៈការផ្សព្វផ្សាយកន្លងមក”។ នេះជាការអះអាងរបស់អ្នកស្រីតាំងហួរ។
ការអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងទីផ្សារអចលនទ្រព្យ
ការប្រើប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអចលនទ្រព្យបានក្លាយជាប្រធានបទសកល ដែលបណ្តាប្រទេសនៅក្នុងពិភពលោកបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង។
ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយគ្នាឲ្យកាន់តែប្រសើរឡើងប្រទេសនីមួយៗបានបង្កើតវេទិកានានា លំដាប់អន្តរជាតិធំៗដើម្បីជំរុញដល់ទំនាក់ទំនាក់ និងការផ្សព្វផ្សាយឲ្យកាន់តែមានប្រសិទ្ធិភាព។
ក្នុងពេលកន្លងទៅថ្មីៗនេះ សមាគមនអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានចូលរួមកិច្ចប្រជុំសមាគមអចលនទ្រព្យអាស៊ាន (ARENA) នៅប្រទេសមីយ៉ាន់ម៉ា ហើយក៏មានការលើកឡើងទាក់ទងនឹង “ការអភិវឌ្ឍបច្ចេកវិទ្យានៅក្នុងទីផ្សារអចលនទ្រព្យ” ផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា៖ “វិស័យអចលនទ្រព្យត្រូវពង្រីកខ្លួនមិនត្រឹមតែទីផ្សារក្នុងស្រុក ប៉ុន្តែក៏ចូលទៅក្នុងតំបន់ផងដែរ។ ដូច្នេះហើយទើបការអភិវឌ្ឍបច្ចេកវិទ្យា ពិតជាត្រូវដើរតួរជាផ្នែកដ៏សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍អចលនទ្រព្យ”។
ទាំងនេះអាចផ្តល់ភាពងាយស្រួលដល់សមាជិកទាំងអស់ទៅក្នុងតំបន់អាស៊ានឲ្យអាចធ្វើការងារ រួមគ្នា និងអាចចែករំលែកឱកាវិនិយោគទៅវិញទៅមក។
សម្រាប់វិស័យអចលទ្រព្យនៅកម្ពុជា អ្នកជំនាញជាច្រើនមានសុទិដ្ឋិនិយមចំពោះភាពរីកចម្រើន នៃទីផ្សារក្នុងរយៈពេលវែង ដោយផ្នែកលើស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងលំហូរការវិនិយោគដោយផ្ទាល់ពីបរទេស៕
ដៃគូសហការ៖ www.realestate.com.kh