អ្នកជំនាញបញ្ជាក់ថា៖ ឃ្មុំព្រៃអាចប្រឈមនឹងការផុតពូជបើការយកឃ្មុំមិនអនុវត្តតាមបច្ចេកទេសអភិរក្ស​



ទឹកឃ្មុំត្រូវបានស្គាល់ថាជាឱសថធម្មជាតិមួយប្រភេទ ដែលផលិតចេញពីភាពអស្ចារ្យរបស់សត្វឃ្មុំក្នុងការទៅក្រេបយកលម្អងផ្ការាប់រយរាប់ពាន់មុខ។ តែពេលបច្ចុប្បន្នការប្រើប្រាស់ទឹកឃ្មុំមកធ្វើជាឱសថត្រូវបានគេកត់សម្គាល់ថាបានថមថយគុណភាពជាឱសថរបស់វា ព្រោះទឹកឃ្មុំដែលយកមកប្រើមិនមែនជាទឹកឃ្មុំសុទ្ធមួយរយភាគរយ។ 

ទឹកឃ្មុំដែលគេអះអាងថាជាទឹកឃ្មុំព្រៃសុទ្ធពេលខ្លះត្រូវបានគេយកទៅលាយជាមួយទឹកស្ករ ឬប្រើវិធីផ្សេង ៗទៀតដើម្បីអាចលក់យកចំនេញបានច្រើន។ ការដែលពួកគាត់ធ្វើបែបនេះដោយសារគាត់ចង់បានចំណូលច្រើនពីអាជីវកម្មមួយនេះសម្រាប់ផ្គត់ផ្គង់ជីវភាព ហើយក៏មានការរួមចំណែកមួយពីការបាត់បង់បន្តិចម្តងៗនៃឃ្មុំព្រៃដោយសារការយកឃ្មុំមិនស្របតាមបច្ចេកទេស។

លោក សាត វីរ៉ៃ មន្ត្រីអភិវឌ្ឍន៍សហគ្រាសជាន់ខ្ពស់នៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ-កម្ពុជា បានមានប្រសាសន៍ថា ឃ្មុំព្រៃកម្ពុជាអាចនឹងដាច់ពូជប្រសិនបើសកម្មភាពនៃការយកឃ្មុំនៅតែបន្ត មិនអនុវត្តតាមបច្ចេកទេសទៀត។

លោក វីរ៉ៃ បានបញ្ជាក់ថាការយកឃ្មុំដោយមិនអនុវត្តតាមបច្ចេកទេសសំដៅដល់សកម្មភាពមួយចំនួនដូចខាងក្រោម៖

១) ការយកឃ្មុំដោយប្រើភ្លើងដុត៖ ការដុតបំផ្អើលនេះវាបណ្តាលឲ្យឃ្មុំស្លាប់អស់រាប់ពាន់ក្បាលក៏មានក្នុងមួយសំបុក បែបនេះវានាំឲ្យចំនួនឃ្មុំហិនហោចនិងឈានដល់ដាច់ពូជ។

២) ការប្រើថ្នាំសំលាប់សត្វល្អិតបាញ់៖ ឥទ្ធិពលនៃថ្នាំសំលាប់សត្វល្អិតក៏មិនខុសពីការប្រើភ្លើងដុតប៉ុន្មានដែរ វាធ្វើឲ្យឃ្មុំត្រូវត្រូវស្លាប់ និងគ្មានលទ្ធភាពបន្តពូជព្រោះឥទ្ធិពលថ្នាំសម្លាប់សត្វល្អិតនោះ។

៣) ការយកឃ្មុំទាំងសំបុក៖ ការយកឃ្មុំទាំងសំបុកវាជាកត្តាមួយនាំមកនូវការបាត់បង់ឃ្មុំ ព្រោះក្នុងសំបុកឃ្មុំមានកូនឃ្មុំតូចៗ ដែលនឹងវិវត្តជាឃ្មុំពេញវ័យ។ ពេលអ្នកយកឃ្មុំកាត់យកសំបុកទាំងអស់កូនឃ្មុំរាប់ពាន់ ម៉ឺនក្បាលនៅក្នុងសំបុកក៏ស្លាប់មិនអាចក្លាយជាឃ្មុំដើម្បីបន្តពូជទៀតបានទេ។

៤) ការប្រែប្រួលអាកាសធាតុ ភ្លៀងច្រើនពេក រាំងស្ងួតពេក៖ កត្តាទាំងនេះវានាំឲ្យមានការប៉ះពាល់ខ្លាំងដល់សុខភាព និងការបន្តពូជរបស់ឃ្មុំ។  

៥) ការកាប់បំផ្លាញព្រៃឈើ៖ ការកាប់បំផ្លាញព្រៃឈើជាកត្តាមួយនាំឲ្យបាត់បង់ជម្រក ក្នុងការធ្វើសំបុករបស់សត្វឃ្មុំព្រៃ បាត់បង់ប្រភពអាហារសំខាន់សម្រាប់សត្វឃ្មុំ។ ឃ្មុំព្រៃអាចធ្វើដំណើរបាន ១៣ គីឡូម៉ែត្រចេញពីសំបុកទៅក្រេបលម្អងផ្កាឈើបង្កើតជាអាហារ និងចិញ្ចឹមកូនឃ្មុំក្នុងសំបុក។ 

បើព្រៃឈើបាត់បង់ផ្កាឈើព្រៃដែលជាប្រភពអាហារសំខាន់របស់ហ្វូងឃ្មុំក៏ត្រូវបាត់បង់ ឃ្មុំព្រៃក៏នឹងបំលាស់ទីទៅតំបន់ផ្សេងដើម្បីស្វែងរកចំណី។ បើកាលណាព្រៃក្នុងប្រទេសកម្ពុជាកាន់តែតិចទៅ នោះហ្វូងឃ្មុំអាចនឹងធ្វើដំណើរចូលទៅទឹកដីព្រៃឈើប្រទេសជិតខាងក៏ថាបាន ពេលនោះកម្ពុជាអាចនឹងបាត់បង់ពូជឃ្មុំព្រៃដែលជាធនធានធម្មជាតិប្រសើរបំផុតនៅថ្ងៃណាមួយមិនខាន។   

ដោយឃើញពីផលប៉ះពាល់បែបនេះទើប សហព័ន្ធសហគ្រាសប្រមូល និងអភិរក្សឃ្មុំព្រៃកម្ពុជា ក្រោមការគាំទ្រពី អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ-កម្ពុជា បានចាប់ផ្តើមបេសកកម្ម រួមចំណែកដល់ការអភិរក្សធនធានព្រៃឈើនិងលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈការប្រមូលផលទឹកឃ្មុំដោយនិរន្តភាព និងបង្កើនការផ្សព្វផ្សាយគុណភាពផលិតផលទឹកឃ្មុំ។ រាល់ការប្រមូលផលទឹកឃ្មុំត្រូវតែធ្វើឡើងក្នុងតំបន់អភិរក្សអនុផលព្រៃឈើ និងអនុវត្តចំនុចសំខាន់ៗដូចជា៖

១)  មិនដុតព្រៃ មិនចូលទៅប្រមូលអនុផលព្រៃឈើនៅក្នុងតំបន់ស្នូលរបស់សហគមន៍ព្រៃឈើ 

២) យកសំបុកណាដែលមានគ្រប់អាយុ

៣) យកតែ ៨០% នៃក្បាលទឹកឃ្មុំ ហើយរក្សាកូនឃ្មុំក្នុងសំបុកដដែល

៤) អនុវត្តតាមច្បាប់នានាដែលមានស្រាប់ (ច្បាប់ការពារព្រៃឈើ ច្បាប់ការពារតំបន់ការពារធម្មជាតិ និងច្បាប់ការពារសហគមន៍ព្រៃឈើ)៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s