អ្នក​ជំនាញ៖ ក្នុង​រយៈពេល​១០ឆ្នាំ​វិស័យ​ខុនដូរ​កម្ពុជា​កើន​ឡើង​រហូត​ដល់​៩២%​



វិស័យ​ខុនដូរ​នៅ​កម្ពុជា​ចាប់​ផ្ដើម​កកើត​ដំបូង​នៅ​ក្នុង​កំឡុង​ឆ្នាំ​២០០៨ ដែល​គម្រោង​ដំបូង​គឺ​ជា​របស់​ជនជាតិ​កូរ៉េ​ និង​បាន​សង់​ដំបូង​នៅ​ក្នុង​ខណ្ឌ​ទួលគោក។ នៅ​ពេល​នោះ​ខុនដូរ​ថ្នាក់​កណ្ដាល​មាន​តម្លៃ​ប្រមាណ​ ១៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ដោយ​ឡែក​បើ​យើង​ក្រឡែក​មើល​តម្លៃ​ខុនដូរ​ប្រភេទ​នេះ​នា​ពេល​បច្ចុប្បន្ន គឺ​បាន​កើន​រហូត​ដល់ ២៥០០​ដុល្លារ​ឯណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ។ 

ប្រភពរូប៖ Sabay

ដូច្នេះ​យើង​ឃើញ​ថា​ក្នុង​រយៈពេល​ប្រមាណ​ជាង​១០ឆ្នាំ​មក​នេះ វិស័យ​ខុនដូរ​បាន​កើន​ឡើង​រហូត​ដល់​៩២%​ឯណោះ​ ដែល​ជា​មធ្យម​បាន​កើន​ឡើង​ចំនួន​៩%​នៅ​ក្នុង​វិស័យ​នេះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោកស្រី អាន សុធីតា នាយិកា​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia នៅ​ក្នុង​កម្មវិធី «ទុន​គំនិត​នៃ​ការ​ស្វែងយល់​ពី​សេដ្ឋកិច្ច​ក្នុង​វិស័យ​អចលនទ្រព្យ​» កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

លោក​ស្រី​នាយិកា​បាន​បន្ត​លើក​ឡើង​ថា នេះ​គឺ​ជា​ជម្រើស​មួយ​ដែល​ល្អ​ ប្រសិន​បើ​យើង​វិនិយោគ​នៅ​ក្នុង​វិស័យ​នេះ ព្រោះ​កំណើន​៩%​ក្នុង​មួយ​ឆ្នាំ​ជា​តួលេខ​មួយ​ដែល​ខ្ពស់​និង​ល្អ​ខ្លាំង​សម្រាប់​អ្នក​ចាប់​អារម្មណ៍​លើ​ការ​វិនិយោគ។ ក្នុង​ឆ្នាំ​២០១៨​ខន់ដូរ​នៅ​កម្ពុជា​មាន​ចំនួន​១៤,០០០ ដែល​ចំនួន​នេះ​នឹង​បន្ត​កើន​ដល់​ ២៧,០០០ខុនដូរ​ឯណោះ​នៅ​ក្នុង​ឆ្នាំ​២០១៩។ លោក​ស្រី​ថា គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ចំពោះ​កំណើន​ខ្ពស់​បែប​នេះ ព្រោះ​ថា​អ្វី​ដែល​ថ្មី​គឺ​តែង​តែ​មាន​កំណើន​ខ្ពស់​។ 

ដោយ​សារ​ខុនដូរ​ជា​ប្រភេទ​ផ្ទះ​ដែល​មាន​តម្លៃ​សមរម្យ ព្រម​ទាំង​មាន​ទីតាំង​ស្ថិត​នៅ​កណ្ដាល​ក្រុង​ដែល​ផ្ដល់​ជា​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ការងារ​ និង​អាជីវកម្ម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​ស្រី​ផ្ទាល់​បាន​ព្យាករណ៍​ថា​ប្រមាណ១០ឆ្នាំ​ទៀត​នា​ពេល​អនាគត​ ប្រជាជន​ភាគច្រើន​ដែល​នៅ​ភ្នំពេញ​នឹង​មាន​ខនដូរ​ផ្ទាល់​ខ្លួន៕

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s