តំបន់ខ្លាញ់ទាំង៦នេះនឹងក្លាយជាទីតាំងក្ដៅសម្រាប់ការអភិវឌ្ឍក្នុងឆ្នាំ២០៣០
រាជធានីភ្នំពេញ បើនិយាយពីតំបន់ខ្លាញ់សម្រាប់ការអភិវឌ្ឍនិងកំពុងមានកំណើនសំណង់អាគារច្រើន គេនឹងនឹកឃើញដល់តំបន់ដែលស្ថិតនៅកណ្ដាលក្រុង។ ចុះប្រសិនបើយើងមើលទៅមុខប្រមាណជាង៣០ឆ្នាំទៀត តើនឹងមានតំបន់ណាខ្លះក្លាយជាទីតាំងគោលដៅក្នុងការអភិវឌ្ឍ? ជាការឆ្លើយតប លោក ហឹម សីហា ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal នៅក្នុងកម្មវិធី «ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ចក្នុងវិស័យអចលនទ្រព្យ» កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅបានបង្ហាញនូវតំបន់សំខាន់ចំនួន៦ដែលនឹងក្លាយជាទីតាំងក្ដៅ នឹងមាននិន្នាការខ្ពស់សម្រាប់ការអភិវឌ្ឍន៍នៅឆ្នាំ២០៣០ខាងមុខនេះ។
លោក សីហា ប្រាប់ថា តំបន់លេចធ្លោទី១ គឺស្ថិតនៅក្នុងខណ្ឌសែនសុខ ដែលមានតំបន់ទឹកថ្លា និងជាពិសេសតំបន់ភ្នំពេញថ្មី ដែលលោកថានាពេលអនាគតតំបន់នេះនឹងអាចជំនួសតំបន់ទួលគោកបានព្រោះតែវាកំពុងតែទទួលឥទ្ធិពលច្រើនពីតំបន់ទួលគោក។ ទី២ គឺតំបន់បឹងជើងឯក ដែលនឹងអភិវឌ្ឍក្លាយជា Boeung Jerng Ek Development Plan លើទំហំដីរាប់ពាន់ហិកតា ធ្វើឲ្យដីនៅតំបន់នេះបច្ចុប្បន្នកំពុងតែឡើងថ្លៃខ្លាំង។
ទី៣ តំបន់ច្បារអំពៅ ដែលបច្ចុប្បន្នកំពុងតែមានគម្រោងផ្សារទំនើប ផ្ទះបុរី និងគម្រោងជាច្រើនទៀត ហើយតាមការស្រាវជ្រាវរបស់លោកទៅថ្ងៃអនាគតតំបន់នេះនឹងអភិវឌ្ឍក្លាយទៅជាក្រុង។ ទី៤ តំបន់ជ្រោយចង្វារ ដែលមានគម្រោងធំៗដូចជា OCIC និង LYPជាដើម និងពិសេសកំពុងសាងសង់ផ្លូវជាច្រើនខ្វាត់ខ្វែង ដែលលោកជឿថាទីនោះនឹងក្លាយជាកន្លែងដែលមានមនុស្សរស់នៅច្រើននាពេលអនាគត។
ទី៥ តំបន់កាកាប ក្នុងខណ្ឌពោធិ៍សែនជ័យ ជាតំបន់ជាយក្រុងដែលបច្ចុប្បន្នកំពុងមានភាពលេចធ្លោខ្លាំង រហូតដល់តំបន់ក្រាំងធ្នង់ថែមទៀត ដែលប៉ុន្មានឆ្នាំទៅមុខទៀតតំបន់នេះនឹងកាន់តែមានមនុស្សរស់នៅយ៉ាងច្រើន។ ទី៦ តំបន់កប់ស្រូវ ដែលបច្ចុប្បន្នតំបន់នេះមានគម្រោងកែច្នៃអាងចម្រោះទឹកដ៏ធំមួយ ដែលនឹងធ្វើឲ្យតំបន់នេះក្លាយជាតំបន់អាងស្តុកទឹកធំជាងគេទី២បន្ទាប់ពីតំបន់ភ្នំពេញថ្មី៕
រូបភាព៖ អ៊ីនធឺណេត
ដោយ៖ ជួប ស្រីរ័ត្ន