លក្ខណៈសម្បត្តិដើម្បីក្លាយខ្លួនជាអ្នកអភិវឌ្ឍអចលនវត្ថុស្របច្បាប់នៅកម្ពុជា​



ការអភិវឌ្ឍ ឬការសាងសង់គម្រោងលំនៅដ្ឋាននៅកម្ពុជា ហាក់កំពុងកក្រើកក្នុងវិស័យអចលនវត្ថុ (សំណង់) នៅកម្ពុជា មានទាំងគម្រោងលំនៅដ្ឋានបែបទីក្រុងណប បុរី និងគម្រោងលំនៅដ្ឋានតូច និងមធ្យម (ប្រភេទ៖ ខុនដូ ផ្ទះល្វែង វីឡា វីឡាកូនកាត់ ផ្ទះល្វែងអាជីវកម្ម ជាដើម)។ 

ទោះជាយ៉ាងណា ប្រហែលជាមានលោក-អ្នកមួយចំនួន នៅមិនទាន់ជ្រាប និងដឹងច្បាស់ទេថា តើម្ចាស់គម្រោងទាំងអស់នោះ មានគុណវុឌ្ឍគ្រប់គ្រាន់ហើយឬនៅ មុនពេលពួកគាត់សង់លំនៅដ្ឋានលក់ នៅលើទឹកដីនៃប្រទេសកម្ពុជា? តើមានលក្ខខណ្ឌ ឬតម្រូវការអ្វីខ្លះ ដើម្បីឲ្យម្ចាស់គម្រោងទាំងនោះ មានសិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍគម្រោងលំនៅដ្ឋានលក់ជូនអតិថិជន? នៅទីនេះ លោក-អ្នកនឹងបានជ្រាបច្បាស់ពី ដំណើរការ និងលក្ខខណ្ឌតម្រូវដើម្បីក្លាយខ្លួនជាអ្នកអភិវឌ្ឍអចលនវត្ថុស្របច្បាប់ ហើយអាចដំណើរការលក់ជូនអតិថិជនដោយស្របច្បាប់ ១០០% ហើយ អ្នកទិញក៏មិនមានកង្វល់ពីការទិញផ្ទះ ឬលំនៅដ្ឋានពីគម្រោងដែលស្របច្បាប់រួចទៅហើយនោះដែរ ។

ដើម្បីក្លាយជាអ្នកអភិវឌ្ឍលំនៅដ្ឋានស្របច្បាប់នៅកម្ពុជា ម្ចាស់គម្រោងត្រូវធ្វើតាមការណែនាំដូចខាងក្រោម៖

១) ត្រូវចុះបញ្ជីពាណិជ្ជកម្ម 

អាជ្ញាប័ណ្ណពាណិជ្ជកម្ម 

ការចុះបញ្ជីពាណិជ្ជកម្មត្រូវធ្វើនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបង់ពន្ធប៉ាតង់ (នៅនាយកដ្ឋានពន្ធដារ) ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ មានន័យថា អ្នកអភិវឌ្ឍអចលនវត្ថុ ឬលំនៅដ្ឋាន ត្រូវតែជានីតិបុគ្គល គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីស្របច្បាប់ នៅក្រសួងពាណិជ្ជកម្ម ទើបអាចបន្តស្នើសុំអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតសាងសង់បាន ។ ក្រោយពីបានចុះបញ្ជីរួចរាល់នៅក្រសួងពាណិជ្ចកម្ម និងបានប័ណ្ណប៉ាតង់ហើយ ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋាន និងលិខិតអនុញ្ញាតសាងសង់ព្រមគ្នាតែម្តងក៏បាន ឬ ដាក់ពាក្យម្តងមួយក៏បាន ត្រូវតម្រូវការអាជីវកម្មរបស់ខ្លួន។

២) ស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋាន 

អាជ្ញាប័ណ្ណលំនៅដ្ឋាន

អាជ្ញាប័ណ្ណអភិវឌ្ឍន៍លំនៅដ្ឋានត្រូវបានចេញជូនដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា (អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ) ។ 

យោងតាមប្រកាសលេខ​ ៩៦៥ សហវ-ប្រក ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅដ្ឋាន ចុះថ្ងៃទី ២៤​ ខែ សីហា ឆ្នាំ ២០១៦ បានចែងថា ការស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋាន ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

  • ជានីតិបុគ្គល ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា
  • ត្រូវមានដើមទុនចុះបញ្ជីអប្បបរមា ២,០០០ លានរៀល
  • ត្រូវបើកគណនីអភិវឌ្ឍលំនៅដ្ឋាននៅធនាគារពាណិជ្ជណាមួយ ចំពោះអាជ្ញាប័ណ្ណប្រភេទទី២
  • មានលិខិតបញ្ជាក់ដើមទុននៃគម្រោង ដែលចេញដោយគ្រឹះស្ថានធនាគារណាមួយ នៅប្រទេសកម្ពុជា
  • មានប្រាក់តម្កល់ធានាអាជីវកម្ម ២% នៃដើមទុនវិនិយោគសរុប
  • មានផែនការអាជីវកម្មលម្អិត ទៅតាមរយៈពេលនៃគម្រោង
  • អ្នកឈរឈ្មោះអាជ្ញាប័ណ្ណត្រូវតែជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន
  • មានធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋាន

បញ្ជាក់៖ យោងតាមប្រកាសខាងលើ រាល់អាជីវកម្មអភិវឌ្ឍលំនៅដ្ឋានដែលមានទំហំ ចាប់ពី ០៤ ល្វែង ០៣ ភូមិគ្រឹះ ឬ ០៤ យូនីត ឡើងទៅ ត្រូវមានអាជ្ញាប័ណ្ណអភិវឌ្ឍលំនៅដ្ឋានជាមុន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣)     ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់

លិខិតអនុញ្ញាតសាងសង់

ដំណើរការនេះត្រូវធ្វើនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់គម្រោងលំនៅដ្ឋាន ដែលមានទំហំលើសពី ៣,០០០ ម៉ែត្រការេ។ ហើយសម្រាប់ ការស្នើសុំលិខិតអនុញ្ញាតសាងសង់វិញ ត្រូវមានឯកសារដូចជា៖ ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ ដោយភ្ជាប់ទៅជាមួយនូវ ប្លង់ដី (ប្លង់រឹង ឬប្លង់កាន់កាប់បណ្តោះអាសន្ន) និងប្លង់ស្ថាបត្យកម្មនៃគម្រោងលំនៅដ្ឋាន សាលាកបត្រដីឡូត៍ កិច្ចសន្យាហ៊ុំព័ទ្ធការដ្ឋាន កិច្ចសន្យាសាងសង់ រូបថតទីតាំងគម្រោង និងអត្តសញ្ញាណប័ណ្ណថតចំលងជាដើម ។

ប្លង់រឹង

ដូច្នេះ សម្រាប់អតិថិជន (អ្នកទិញអចលនវត្ថុ) ត្រូវដឹងថា បើលោក-អ្នកចង់ទិញផ្ទះពីគម្រោងលំនៅដ្ឋានណាមួយ ត្រូវពិនិត្យ និងស្នើសុំមើលឯកសារពីម្ចាស់គម្រោង ដែលមាន៖ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ អាជ្ញាប័ណ្ណអភិវឌ្ឍអចលនវត្ថុ លិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ នៅពេលដែលម្ចាស់គម្រោងមានឯកសារគតិយុត្តិទាំងអស់នេះ មានន័យថា គម្រោងនោះគឺស្របច្បាប់ហើយ។ 

សម្រាប់អ្នកអភិវឌ្ឍអចលនវត្ថុ ឬលំនៅដ្ឋានវិញ ក៏ត្រូវដឹងថា មុនពេលអភិវឌ្ឍគម្រោងលំនៅដ្ឋានលក់ជូនអតិថិជន ត្រូវបំពេញលក្ខខណ្ឌតម្រូវដូចបានណែនាំខាងលើស្រាប់៕

ដៃគូសហការ៖ www.realestate.com.kh

X
5s