តាមការព្យាករណ៍ វិស័យអចលនទ្រព្យកម្ពុជានឹងធ្លាក់ចុះតិចតួចក្នុងឆ្នាំ២០២០
វិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២០ នឹងមានកំណើនក្នុងរង្វង់ ៨,៥% ដែលស្របទៅនឹងនិន្នាការនៃវិស័យសំណង់ ដែលចំនួននេះនឹងមានការថមថយតិចតួចប្រមាណជា ០,៣% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានកំណើនក្នុងរង្វង់ ៨,៨%។ នេះបើតាមការព្យាករណ៍នៅក្នុងរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើទោះបីជាវិស័យនេះមានការធ្លាក់ចុះក្ដី ប៉ុន្តែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ជាក់ថាវិស័យនេះនឹងនៅតែបន្តភាពរឹងមាំរបស់ខ្លួន តាមរយៈការទ្រទ្រង់ដោយកំណើននៃតម្រូវការទិញ-លក់សំណង់អាគារដែលមានតម្លៃទាប និងមធ្យម ជំនួសឲ្យតម្រូវការនៃការទិញ-លក់លំនៅឋានដែលមានតម្លៃខ្ពស់។
បើទោះបីជាវិស័យអចលនទ្រព្យកម្ពុជានៅបន្តភាពរឹងមាំក្ដី ប៉ុន្តែវិស័យនេះក៏អាចប្រឈមនឹងហានិភ័យដូចគ្នាទៅនឹងវិស័យសំណង់ផងដែរ នោះក៏ដោយសារតែការបន្តកំណើនខ្ពស់ជាប់ៗគ្នាបែបនេះអាចបង្កឲ្យមានលទ្ធភាពនៃការកើតឡើងនូវវិបត្តិហិរញ្ញវត្ថុ ព្រោះឥណទានដែលផ្ដល់ឲ្យនៅក្នុងវិស័យនេះស្ថិតក្នុងអត្រាខ្ពស់ (ប្រមាណ៣០%) នៅឡើយ បើទោះជាមានការដាក់ចេញនូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្នដោយធនាគារជាតិក៏ដោយ។ ដូច្នេះត្រូវមានការតាមដានប្រកបដោយការប្រុងប្រយ័ត្នបំផុតចំពោះវិស័យនេះ៕
ដោយ៖ ជួប ស្រីរ័ត្ន