វិស័យធនាគារហិរញ្ញវត្ថុហ្វីលីពីននៅតែរឹងមាំ ជាមួយនឹងកំណើនឥណទានមានកំណើន​



គេសង្កេតឃើញថា វិស័យធនាគាររបស់ប្រទេសហ្វីលីពីនមានការរីកចម្រើនយ៉ាងឆាប់រហ័ស ឈានដល់កំណើនឥណទានពីរខ្ទង់ក្នុងរយៈពេលបួនឆ្នាំប្រាំឆ្នាំចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧។ វិស័យនេះបានកត់ត្រានូវការរីកចំរើនគួរឱ្យកត់សម្គាល់ក្នុងពេលដំណាលគ្នា ក៏ជាសូចនាករមួយនៃស្ថិរភាពសំខាន់ៗរបស់ប្រទេសដែរ។ វិស័យធនាគារក្នុងប្រទេសនេះមានសន្ទនីយភាពខ្លាំង វាក៏បានធ្វើឲ្យសេដ្ឋកិច្ចហ្វីលីពីនរីកលូតលាស់ ទោះបីសន្ទនីយភាពនិងការផ្តោតលើឥណទានបច្ចុប្បន្នកំពុងមានការព្រួយបារម្ភក្តី។

សញ្ញាទាំងអស់ចង្អុលបង្ហាញពីការពង្រីកបន្តនៅក្នុងឆ្នាំ ២០១៨ ជាមួយនឹងប្រាក់កម្ចីមិនដំណើរការ (non-performing loans NPLs) ធ្លាក់ចុះក្នុងរយៈពេលថ្មីៗនេះដោយសារកំណើនឥណទានទទួលបានសន្ទុះខ្លាំង។ លើសពីនេះទៅទៀតទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ពិភពលោកបានព្យាករណ៍ពីការពង្រីកស្ថិរភាព និងនិរន្តរភាពទោះបីជាផលប័ត្រប្រាក់កម្ចីសាជីវកម្មក្រៅប្រព័ន្ធបានធ្វើឱ្យធនាគារពាណិជ្ជ ជាពិសេសម្ចាស់ឥណទានធំៗប្រឈមនឹងហានិភ័យក៏ដោយ។ កំណែទម្រង់ដែលកំពុងដំណើរការត្រូវបានគេរំពឹងថានឹងដោះស្រាយបញ្ហា credit concentration នៅក្នុងវិស័យសាជីវកម្មដោយការផ្តល់ប្រាក់កម្ចី ដែលវាមានទិន្នផលខ្ពស់ និងមានសក្តានុពលយ៉ាងសំខាន់ដើម្បីជំរុញប្រាក់ចំណេញរបស់ធនាគារ។ ការរីកចម្រើនរយៈពេលមធ្យមនិងវែងរួមទាំងការដាក់បញ្ចូលហិរញ្ញវត្ថុ នឹងត្រូវបានគាំទ្រដោយការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ខណៈពេលដែលការបង្កើតទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានជាតិដឹកនាំដោយរដ្ឋាភិបាលគួរតែគាំទ្រដល់កំណើនឥណទានអ្នកប្រើប្រាស់រយៈពេលវែង។ 

គិតត្រឹមឆ្នាំ ២០១៨ មានធនាគារពាណិជ្ជចំនួន ២៦ បន្ថែមទៀតនិងធនាគារផ្តល់សេវាសន្សំចំនួន ៤ ត្រូវបានផ្តល់អាជា្ញប័ណ្ណ ឲ្យចូលរួមក្នុងសកម្មភាពជួញដូរឧបករណ៍និស្សន្ទ។

សកម្មភាពចូលរួមពីជនបរទេស

អតីតប្រធានាធិបតីលោក អាគីណូ ទី៣ បានធ្វើការផ្លាស់ប្តូរសេរីភាវូបនីយកម្មធនាគារបស់ហ្វីលីពីនក្នុងខែកក្កដា ឆ្នាំ ២០១៤ ដោយធ្វើការចុះហត្ថលេខាលើច្បាប់ដែលអនុញ្ញាតឱ្យធនាគារបរទេសបើកសាខាបន្ថែមទៀតនិងគ្រប់គ្រងភាគហ៊ុនរហូតដល់ ១០០ ភាគរយនៃភាគហ៊ុនថ្មី ឬដែលមានស្រាប់របស់ធនាគារដែលបានបញ្ចូលនៅក្នុងស្រុក។

ដោយឡែកការរួមបញ្ចូលសមាគមអាស៊ាន (AEC) គេបានសង្កេតឃើញថាមានវត្តមានជនបរទេសច្រើនចូលរួមក្នុងសកម្មភាពធនាគារ និងជួយជម្រុញសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្នានឆ្នាំនេះ។ របាយការណ៍មួយស្ថិតក្រោម AEC Blueprint បង្ហាញថា ប្រទេសហ្វីលីពីនកំពុងជម្រុញការធ្វើសមាហរណកម្មសេវាកម្មហិរញ្ញវត្ថុក្នុងតំបន់រួមទាំងច្បាប់ ដើម្បីអនុញ្ញាតឱ្យធនាគារអាស៊ានដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QAB) ស្ថិតក្រោមក្របខ័ណ្ឌសមាហរណកម្មធនាគារអាស៊ាន ហើយអាជ្ញាធរហ្វីលីពីនបានបញ្ចប់ការចរចាទ្វេភាគីជាមួយធនាគារកណ្តាលរបស់ម៉ាឡេស៊ីគឺធនាគារ Negara Malaysia ។

ធនាគារអភិវឌ្ឍន៍អាស៊ី

បើក្រឡែកទៅមើលធនាគារអភិវឌ្ឍន៍អាស៊ី ADB វិញក៏បានចូលរួមជួយដល់វិស័យធនាគារ និងហិរញ្ញវត្ថុប្រទេសហ្វីលីពីនច្រើនដែរ។ ក្រុមប្រឹក្សាភិបាលរបស់ ADB បានសម្រេចអនុម័តកម្ចី ៣០០ លានដុល្លារ និង ៥០០,០០០ ដុល្លារលើជំនួយបច្ចេកទេសដើម្បីគាំទ្រដល់រដ្ឋាភិបាលហ្វីលីពីនក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុក្នុងស្រុក។

កញ្ចប់នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយដល់រដ្ឋាភិបាលផ្តល់ហិរញ្ញប្បទានអនុវត្តនិងគ្រប់គ្រងគម្រោងការងារសាធារណៈបែបទំនើប និងពង្រឹងក្របខ័ណ្ឌសម្រាប់ភាពជាដៃគូសាធារណៈនិងឯកជន។ ផែនការអភិវឌ្ឍន៍របស់ហ្វ៊ីលីពីនដែលដាក់បញ្ចូលកម្មវិធី “កសាង កសាង កសាង” របស់រដ្ឋបាល Duterte អំពាវនាវឱ្យមានការចំណាយសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធដើម្បីកើនឡើងដល់ ៧.៤% នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០២២ ពីកម្រិត ៥.១% នាពេលបច្ចុប្បន្ន។

ដើម្បីគាំទ្រឲ្យមានកំណើននេះ រដ្ឋាភិបាលនឹងប្រើប្រាស់ប្រភពមូលនិធិជាច្រើនរួមមានហិរញ្ញប្បទានអភិវឌ្ឍន៍វិស័យឯកជន និងចំណាយរបស់រដ្ឋាភិបាលដោយផ្ទាល់ ដូចនេះការបង្កើនទំហំសន្ទនីយភាពសាច់ប្រាក់ និងប្រសិទ្ធភាពនៃទីផ្សារហិរញ្ញវត្ថុក្នុងស្រុកបានធ្វើឱ្យមានសារៈសំខាន់កាន់តែខ្លាំងឡើង។ កំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ធានាឱ្យមានការកើនឡើងនៃការចូលរួមរបស់វិនិយោគិននៅក្នុងទីផ្សារសញ្ញាប័ណ្ណរបស់រដ្ឋាភិបាល ដែលអាចត្រូវបានប្រើដើម្បីផ្តល់មូលនិធិដោយផ្ទាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ។ កម្មវិធីនេះក៏លើកកម្ពស់ផងដែរនូវការធ្វើឱ្យប្រសើរឡើងវិញនូវ repurchase agreements ដែលជាឧបករណ៍មួយដែលជួយបង្កើនការចាប់អារម្មណ៍នៅក្នុងទីផ្សារសញ្ញាប័ណ្ណរបស់រដ្ឋាភិបាល និងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងបំណុលនៃការិយាល័យរតនាគារ និងការវិនិយោគរបស់ខ្លួន។ លើសពីនេះកម្មវិធីនេះនៅតែបន្តកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីលើកទឹកចិត្តដល់ការសន្សំរយៈពេលវែងទាំងបុគ្គលនិងតាមរយៈវិស័យធានារ៉ាប់រង។ ចុងបញ្ចប់កម្មវិធីលើកទឹកចិត្តឱ្យមានភាពចម្រុះបន្ថែមទៀតនៅក្នុងប្រភពមូលនិធិនិងគំរូអាជីវកម្មដែលផ្តល់នូវហិរញ្ញប្បទាននោះ៕

ដោយ៖ យ៉ាយ៉ា

 

X
5s