កម្ចីអចលនទ្រព្យកើនដល់ជាង ៣.៤២ ពាន់លានដុល្លារ ខណៈនិន្នាការនៃការរស់នៅកាន់តែប្រសើរឡើង
កម្ចីសម្រាប់ប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបន្តមានកំណើនខ្លាំងនៅរយៈពេល ១២ ខែចុងក្រោយ ដោយសារកំណើនការវិនិយោគ និងភាពរឹងមាំនៃវិស័យអចលនទ្រព្យកម្ពុជា។
យោងតាមរបាយការណ៍ចុងក្រោយរបស់ការិយាល័យឥណទានកម្ពុជា (CBC) ទំហំកម្ចីដែលគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាបានផ្តល់ឲ្យទៅវិស័យអចលនទ្រព្យបានកើនដល់ជិត ៣.៤២ ពាន់លានដុល្លារគិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០១៩ នេះ គឺកើនឡើង ៣០ ភាគរយពីត្រឹម ២.៤៩ ពាន់លានដុល្លារពីកាលពីដំណាច់ខែមិថុនាឆ្នាំ២០១៨។
ទិន្នន័យទឹកប្រាក់នៃកម្ចីនេះគឺយោងតាមទិន្នន័យសន្ទស្សន៍ឥណទានប្រើប្រាស់លក្ខណៈបុគ្គលរបស់ CBC ដែលផ្តោតលើឥណទានបីប្រភេទរួមមានហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Loans) កម្ចីអចលនទ្រព្យ (Mortgage Loan) ប័ណ្ណឥណទាន (Credit Card Loans)។ CBC បង្ហាញថា កម្ចីអចលនទ្រព្យមាន ៤៧.៨ ភាគរយនៃកម្ចីប្រើប្រាស់លក្ខណៈបុគ្គលសរុបចំនួន ៧.១៦ ពាន់លានដុល្លារ គិតត្រឹមដំណាច់ខែមិថុនាឆ្នាំនេះ។
គិតត្រឹមដំណាច់ខែមិថុនាដដែល ចំនួនគណនីសម្រាប់កម្ចីទិញអចលនទ្រព្យមានសរុប ១៣១,៣៧៦ គណនីគឺកើនឡើង ១៩ ភាគរយពី ១១០,៣០២ កាលពីដំណាច់ខែធ្នូ ឆ្នាំ២០១៨។
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិការ ធនាគារអេស៊ីលីដាបានលើកឡើងកំណើនប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យដែលសម្រេចបានអត្រា ៣០ ភាគរយគឺជាការវិវត្តន៍ល្អដែលបង្ហាញថាស្ថាប័នផ្តល់ប្រាក់កម្ចីនិងប្រជាជនកម្ពុជាមើលឃើញឱកាសកាន់តែច្រើននៅក្នុងវិស័យនេះ។
អ្នកស្រី បន្ថែមទៀតថាការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់កម្ចីទិញផ្ទះដោយប្រជាជនកម្ពុជាក្នុង ប៉ុន្មានឆ្នាំចុងក្រោយនេះគឺដោយសារប្រាក់ចំណូលរបស់ប្រជាជនរួមផ្សំនឹងកំណើន ចំណេះដឹងអំពីសេវា កម្មហិរញ្ញវត្ថុនិងកំណើនលទ្ធភាពទិញផ្ទះផ្ទាល់ខ្លួន។
អ្នកស្រីបញ្ជាក់ថា៖«កំណើនកម្ចីអចលនទ្រព្យឆ្លុះបញ្ចាំងពីការយល់ឃើញជាវិជ្ជមានរបស់អ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុ និងអ្នកទទួល ទៅលើស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសកម្ពុជា»។ អ្នកស្រីបន្តថា៖«មានឱកាសអភិវឌ្ឍន៍ក្នុងវិស័យនេះ ប៉ុន្តែយើងតែងតែមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានវិស័យនេះយ៉ាងយកចិត្តទុកដាក់ដែរ ដើម្បីកាត់បន្ថយហានិភ័យ»។
យោងតាមអ្នកស្រី ណារី ប្រាក់កម្ចីអចនទ្រព្យរបស់អេស៊ីលីដាមានចំនួនសរុប ២៧៣ លានដុល្លារនៅចុងខែមិថុនាឆ្នាំនេះ ស្មើរនឹងចំនួនអតិថិជនមានចំនួន ៧,៩១៣ នាក់។
កម្ពុជាចាប់ផ្តើមផ្តោតលើការរស់នៅប្រកបដោយផាសុកភាព
លោក នួន រិទ្ធី នាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាអចនទ្រព្យ Khmer Appraisal Foundation (KFA) បានមានប្រសាសន៍ថាវិស័យហិរញ្ញវត្ថុបានជួយដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យហើយវិស័យទាំងពីរកំពុងរីកចម្រើនស្របនឹងកំណើនសេដ្ឋកិច្ច។
លោកបានបន្ថែមថាប្រទេសកម្ពុជាមានចំនួនប្រជាជនពេញវ័យច្រើន ហើយកំពុងងាកទៅរកបែបបទនៃការរស់នៅថ្មី ដោយគូរស្រករវ័យក្មេងចង់រស់នៅដោយឯករាជ្យពីឳពុកម្តាយ ហើយអាចមានលទ្ធភាពទិញផ្ទះរស់នៅផ្ទាល់ខ្លួន។
លោកបន្តថា៖«នៅពេលដែលប្រជាជនមានប្រាក់ចំណូលទាប ពួកគេយកចិត្តទុកដាក់ខ្លាំងបំផុតតែលើអាហារហូបចុកសម្រាប់បរិភោគ»។ លោកបន្ថែមថា ប្រាក់ចំណូលប្រជាជនកម្ពុជាកំពុងកើនឡើងហើយពួកគេចង់បានកន្លែងរស់នៅមានផាសុខភាព។ លោកបន្តថា៖ «ឥឡូវប្រជាជនកម្ពុជាមានប្រាក់ចំណូលខ្ពស់ហើយចង់បានរបៀបរស់នៅល្អជាងមុន។ អ្នកដែលមានផ្ទះនៅកម្រិតមធ្យម បានប្តូរទៅរកកម្រិតខ្ពស់ ហើយអ្នកដែលរស់នៅក្នុងកម្រិតទាប ប្តូរមកកំរិតមធ្យម»។
ក្តីបារម្ភចំពោះកម្ចីទិញផ្ទះ ដែលមានអត្រាការប្រាក់ខ្ពស់
ចំនួនប្រាក់កម្ចីទិញផ្ទះមានចំនួន ៣.៤២ ពាន់លានដុល្លារគឺជាប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុហើយ CBC មិនទាន់រាប់បញ្ចូលប្រាក់កម្ចីដែលអ្នកទិញទិញផ្ទះដោយបង់រំលស់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដូចជាបុរីទេ។ ប្រសិនបើការបង់រំលស់សម្រាប់ផ្ទះពីបុរីនឹងត្រូវបានបន្ថែមនៅក្នុងរបាយការណ៍ នោះតួលេខនេះអាចនឹងកាន់តែធំឡើងនៅពេលដែលមាននិន្នាការកើនឡើងនៃការទិញផ្ទះពីការបង់ រំលស់ពីបុរី។
កំណើនការទទួលកម្ចីដោយផ្ទាល់ពីម្ចាស់បុរី ឬក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានធ្វើឲ្យមន្រ្តីជាន់ខ្ពស់ពីធនាគារកណ្តាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ ហើយបានក្រើនរំឭកដល់អ្នកទិញផ្ទះឲ្យបង្កើនការប្រុងប្រយ័ត្ននិងពិចារណាឲ្យបានហ្មត់ចង់ពី អត្រាការប្រាក់។
ថ្លែងក្នុងឱកាសនៃការធ្វើបទបង្ហាញពីលទ្ធផលឆមាសទីមួយឆ្នាំ ២០១៩ របស់ធនាគារជាតិនៃកម្ពុជាកាលពីចុងខែកក្កដា លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ហើយតម្រូវការប្រាក់កម្ចីទិញផ្ទះក៏កំពុងកើនឡើង។ លោកស្រីបានបន្តថា គូស្រករវ័យក្មេងកាន់តែច្រើន តែងចង់បានរបៀបនៃការរស់នៅថ្មីដោយរស់នៅដាច់ដោយឡែកពីឱពុកម្តាយតាមរយៈការមានផ្ទះដោយខ្លួនឯង ដោយការទទួលកម្ចី។
តាមរយៈនិន្នាការនេះ លោកស្រី សិរី បានជំរុញឱ្យអ្នកទិញអចលនទ្រព្យធ្វើការស្រាវជ្រាវដោយខ្លួនឯងឲ្យបានលម្អិតមុនពេលសម្រេចចិត្ត ដោយសារថាការទិញផ្ទះបង់រំលស់ពីម្ចាស់បុរី ដោយផ្ទាល់តែងមានអត្រាការប្រាក់ខ្ពស់ជាងឆ្ងាយធៀបនឹងការទទួលកម្ចីពីធនាគារ៕
ដៃគូសហការ៖ www.realestate.com.kh