សណ្ឋាគារលំដាប់កំពូលរបស់អង់គ្លេសគ្រោងនឹងបើកសាខានៅកម្ពុជា
តាមការចុះផ្សាយរបស់គេហទំព័រ Hospitality Net បានបង្ហាញពីគម្រោងវិនិយោគរបស់ Yoo Hotels and Resorts ជាសណ្ឋាគារលំដាប់កំពូលរបស់អង់គ្លេស ដែលកាលពីពេលថ្មីៗនេះបានបង្ហាញពីគម្រោងពង្រីកសាខារបស់ខ្លួនឈ្មោះថា “Yoo2 Lifestyle Brand” មកកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក្នុងនោះកម្ពុជាក៏ជាប្រទេសគោលដៅមួយផងដែរ។
រូបតំណាង
តាមប្រភពខាងលើបានឲ្យដឹងថា សណ្ឋាគារ Yoo Hotels and Resorts គ្រោងនឹងបើកសាខារបស់ខ្លួនយ៉ាងតិចចំនួន២០នៅក្នុងប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមាន ប្រទេស កម្ពុជា វៀតណាម ថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន នៅក្នុងចន្លោះពី៣ ទៅ៥ឆ្នាំខាងមុខនេះ។
សណ្ឋាគារឈានមុខគេក្នុងប្រទេសអង់គ្លេស Yoo Hotels and Resorts បច្ចុប្បន្នមានទីតាំងរបស់ខ្លួនចំនួន៨១បើកក្នុង៣៦ប្រទេស ចំណែកឯគម្រោង Yoo2 brand មាន៧គម្រោងកំពុងដំណើរការសាងសង់ក្នុងប្រទេសថៃ និងចំនួនពីទៀតនៅក្នុងប្រទេសវៀតណាម និង ឥណ្ឌូណេស៊ី៕
ដោយ៖ ជួប ស្រីរ័ត្ន