CBRE ៖ ការវិនិយោគលើខុនដូនៅក្រុងភ្នំពេញហាក់មានសន្ទុះកើនឡើង
CBRE បានរៀបចំកម្មវិធី Residential Market Update & Q2 Release កាលពីព្រឹកថ្ងៃពុធទី ១០ កក្កដា ២០១៩ កន្លងទៅនៅ The Royal One ភ្នំពេញ ដោយក្នុងកម្មវិធីនេះផ្តោតសំខាន់លើការវិនិយោគខុនដូក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីមានការបើកទូលាយនៅការបណ្តាក់ទុនលើវិស័យអចលនទ្រព្យពីវិនិយោគិនក្នុងស្រុក និងបរទេស គេសង្កេតថាសន្ទុះវិនិយោគលើវិស័យអលចទ្រព្យនៅកម្ពុជា ពិសេសផ្នែកខុនដូតែម្តងហាក់មានការកើនឡើងច្រើនគិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នេះបើតាមការលើកឡើងរបស់ CBRE។ ខុនដូគឺជា Life style ថ្មីនៃការរស់នៅបែបស៊ីវីល័យសម្រាប់ប្រជាជនកម្ពុជា ដែលពេលបច្ចុប្បន្ននេះគេឃើញអ្នកដែលមានវ័យក្មេង អាយុតិច អ្នកដែលទើបអាចរកចំណូលបាន និងអ្នកដែលទើបតែមានគ្រួសារ បានបង្វែរការចាប់អារម្មណ៍មកធ្វើការទិញខុនដូដើម្បីរស់នៅ ហើយអ្នកខ្លះទៀតទុកសម្រាប់ជួលបន្ត។ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០១៩ គម្រោងថ្មីរបស់ខុនដូចំនួន ៨ បានដាក់ចេញ ក្នុងនោះ ៥ គម្រោងបានសាងសង់រួចរាល់ មាន ១,៣៩៣ Units។
គម្រោងខុនដូថ្មីទាំងនោះត្រូវបានគេចាប់ទីតាំងច្រើននៅតាមតំបន់ជាយក្រុងភ្នំពេញប្រមាណនៅក្នុងខណ្ឌដូចជា ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និង មានជ័យ ដោយឡែកខណ្ឌចំការមនជាខណ្ឌមួយដែលមានសកម្មភាពខ្លាំងក្នុងការសាងសង់ខុនដូក្នុងទីក្រុងភ្នំពេញ។ ដោយសារការអភិវឌ្ឍខុនដូនៅតាមតំបន់ជាយក្រុងមានសន្ទុះខ្លាំងបែបនេះហើយទើបនាំឲ្យមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ពីតំបន់កណ្តាលក្រុងទៅតំបន់ជាយក្រុងកាន់តែច្រើនឡើង ចៀសវាការកាត់ផ្តាច់ទំនាក់ទំនងពីទីប្រជុំជនកណ្តាលក្រុងនិងជាយក្រុង។
គួរបញ្ជាក់ថាតម្លៃខុនដូក្នុងរាជធានីភ្នំពេញត្រូវបានបែងចែកជា ៣ ប្រភេទគឺ៖
១) ខុនដូតម្លៃខ្ពស់ តម្លៃចាប់ពី ៣,២០០ ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ
២) ខុនដូតម្លៃសមរម្យ តម្លៃចាប់ពី ២,៥០០ ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ
៣) ខុនដូតម្លៃទាប តម្លៃចាប់ពី ១,៥០០ ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ៕
ដោយ៖ យ៉ាយ៉ា