តើអ្នកគួរទិញផ្ទះក្នុងគម្រោងបុរី ឬទិញខុនដូ?
ប្រជាជនខ្មែរភាគច្រើនបានពេញចិត្ត និងជ្រើសយកការរស់នៅក្នុងគម្រោងបុរី ដូចជា ផ្ទះល្វែង វីឡាកូនកាត់ ឬផ្ទះអាជីវកម្មជាដើម។ និន្នាការនេះនៅកំពុងបន្តយ៉ាងរឹងមាំក្នុងបរិបទ ទីផ្សារលំនៅដ្ឋានកម្ពុជា។ ទោះយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ននេះ ខុនដូ ដែលជាបរិបទថ្មីមួយទៀតបានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញក្នុងស្រុក ពិសេសមនុស្សវ័យក្មេង។
តាមពិតទៅ លំនោដ្ឋានទាំងពីរនេះ មានលក្ខណៈពិសេសដូចគ្នា និងផ្តល់នូវលក្ខណៈងាយស្រួល ក្នុងការរស់នៅដូចគ្នា ប៉ុន្តែវាមានលក្ខណៈដាច់ដោយឡែកពីគ្នា ត្រង់ចំណុចពិសេសមួយចំនួនដូចជា៖ ទីតាំង កម្មសិទ្ធិកាន់កាប់ តម្លៃ សេវាកម្ម ការចំណាយបន្ថែមផ្សេងៗ ជាដើម។
ទាំងនេះជាអ្វី ដែលអ្នកទិញខ្លួនឯងត្រូវតែដឹងជាមុន និងត្រូវមានភាពរួចរាល់មុននឹងទិញលំនៅដ្ឋានណាមួយ!
ខាងក្រោមជាចំណុច មួយចំនួនចំណុចពិសេស និងលក្ខណដោយឡែកពីគ្នានៃបុរី និងខុនដូ៖
ទីតាំង៖
សម្រាប់បុរី នៅពេលបច្ចុប្បន្ននេះ ការសាងសង់បុរី (ផ្ទះល្វែង) ភាគច្រើនមានទីតាំងនៅ ជាយក្រុង ឬនៅក្រៅក្រុង។ ភាគច្រើននៃបុរីនៅជាយក្រុងមានភាពស្ងប់ស្ងាត់ កន្លែងមិនសូវចង្អៀត មានលក្ខណៈធម្មជាតិ ជាមួយសួនច្បារ ឬតំបន់បៃតង។ ជាពិសេស អ្នកអាចគេចចេញពីការកកស្ទះចរចរណ៍នៅក្នុងក្រុង។ ប៉ុន្តែបញ្ហាមួយត្រង់ថា អ្នកទិញរស់នៅឆ្ងាយពីតំបន់កណ្តាលក្រុងបន្តិច ហើយអ្នកត្រូវធ្វើដំណើរយូរបន្តិច ប្រសិនបើអ្នកធ្វើការនៅកណ្តាលក្នុងក្រុង សាលារៀននៅក្នុងក្រុង ឬត្រូវការការលម្ហែនៅក្នុងតំបន់កណ្តាលក្រុង។
រីឯខុនដូវិញ ស្ទើរតែគ្រប់គម្រោងខុនដូគឺមានទីតាំងនៅតំបន់ក្រុង និងតំបន់កណ្តាលក្រុង ដែលនេះបានឆ្លើយតបទៅនឹងអ្វីដែលអ្នកទិញភាគច្រើនចង់បាន។ ជាទូទៅទីតាំងខុនដូ នៅជិតសាលារៀន មន្ទីរពេទ្យ ផ្សារ ភោជនីយដ្ឋាន ស្ថាបនរដ្ឋ និងស្ថាបនឯកជន និងតំបន់សេវាកម្មចម្រុះផ្សេងៗទៀត។ ប៉ុន្តែអ្នកត្រូវដឹងថា យូនីតខុនដូរបស់មិនមានទំហំធំដូចជាផ្ទះផ្ទះក្នុងបុរីទេ។
កម្មសិទ្ធិកាន់កាប់៖
បុរីជាអចលនទ្រព្យតាំងជាប់ដីដោយផ្ទាល់ វាមានប្លង់រឹងដាច់ពីគ្នា រវាងអចលនទ្រព្យមួយទៅមួយទៀតផ្សេងទៀត។
ចំណែកខុនដូវិញ ជាប្រភេទអចលនទ្រព្យប្លង់រួម (អគារសហកម្មសិទ្ធិ) ដែលមានន័យថា អ្នកទិញ អាចកាន់កាន់លើអចលនទ្រព្យរបស់ខ្លួនរៀងខ្លួនបាន (ចំណែកឯកជន) តែមិនមានឈ្មោះដាច់តែឯងលើអគារទាំងមូលនោះទេ (ចំណែករួម)។ នេះបើតាមមាត្រា ៤ នៃច្បាប់គ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ។
តម្លៃ៖
បុរីតម្លៃសមរម្យបានកំពុងរីកដុះដាលយ៉ាងខ្លាំង នៅពេលបច្ចុប្បន្ន ហើយផ្ទះល្វែងក្នុងបុរីអាចមានចាប់ពី ៣ ម៉ឺនដុល្លារឡើងទៅ ដូចជាគម្រោង បុរី វីអាយភី បុរីប៊ុន ជេស្ឋ បុរីរតនៈភ្នំពេញជាដើម។ គេមើលឃើញថា ដោយសារការផែនការពង្រីកក្រុងកំពុងដំណើរការយ៉ាងល្អ ដូច្នេះ ការអភិវឌ្ឍវិស័យលំនៅដ្ឋានបែបបុរីបានរីកលូតលាស់ខ្លាំង ដែលធ្វើឲ្យមានការកើនឡើងតម្លៃ គួរឲ្យកត់សម្គាល់។
ម្យ៉ាងវិញទៀត យើងសង្កេតឃើញថាបុរីផ្ទះល្វែង ដែលសង់រួចមានអ្នករស់នៅ តែងតែជំរុញសកម្មភាពសេដ្ឋកិច្ច ដូចជាផ្សារទំនិញ ឬសូម្បីតែផ្សារទំនើបផងដែរ។ ដូចនេះ វាអាចជាកត្តាមួយ អ្នកគួរទិញបុរី។
បើនិយាយពីខុនដូ ខុនដូអាចមានតម្លៃចាប់ពីជាង ៣ ម៉ឺន ដុល្លារ តួយ៉ាងដូចជាគម្រោង New Land mark និងគម្រោង 88 Residence ជាដើម។
សេវាកម្ម៖
ការរស់នៅក្នុងគម្រោងបុរី អ្នកអាចទទួលបានសេវាកម្មមួយចំនួន ដូចជា កន្លែងកំសាន្ត សួនច្បារ … ប៉ុន្តែបុរីខ្នាតតូច ឬបុរីតម្លៃទាបគឺមិនផ្តល់ជូនសេវាកម្មទាំងនេះទេ។ ចំណុច នេះជាអ្វីដែលធ្វើឲ្យការរស់នៅក្នុងខុនដូ ហាក់មានភាពលេចធ្លោ និងភាពស៊ីវីល័យជាង។ ខុនដូមានសេវាកម្មដូចជា៖ ហាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងលម្ហែលើដំបូល ក្លឹប និងសេវាគ្រប់គ្រងអចលនទ្រព្យ រួមជាមួយសេវាផ្សេងៗទៀត។
ការចំណាយបន្ថែម៖
បុរីមានភាពសមញ្ញជាងខុនដូ។ ដូចនេះ ការចំណាយទូទៅប្រចាំខែលើវាកម្មនានារបស់បុរីក៏អស់តិចជាងខុនដូដែរ។ ការចំណាយក្នុងខុនដូ អាចមានដូចជា៖ ថ្លៃសំអាត ថ្លៃភ្លើង ថ្លៃអ៊ីធើណិត ថ្លៃសន្តិសុខ ថ្លៃចំណតរថយន្ត ថ្លៃសម្រាម និងរួមទាំងថ្លៃសេវាកម្មប្រចាំថ្ងៃ។ ប៉ុន្តែសូមចងចាំថាកញ្ចប់សេវាកម្មខ្លះត្រូវបានដាក់បញ្ចូលក្នុងសេវាកម្មជាកញ្ចប់រួចហើយ។
សរុបមក ការទិញផ្ទះក្នុងបុរី ឬខុនដូសុទ្ធតែជាការវិនិយោគដ៏ឆ្លាតវៃ។ ប៉ុន្តែវាក៏ទាមទារឲ្យអ្នកទិញខ្លួនឯងត្រូវស្វែងយល់ពីតម្រូវការ និងលទ្ធភាពជាក់ស្តែងរបស់ខ្លួន ដើម្បីជៀសវាងពីហានិភ័យណាមួយ។ ជាការណែនាំប្រសិនបើអ្នកមានភាពក្មេងខ្ចីក្នុងវិស័យនេះ អ្នកអាចស្វែងរកការប្រឹក្សាយោបល់ជាមួយអ្នកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យជំនាញជាមុនសិន៕
ដៃគូសហការ៖ www.realestate.com.kh