លោក សន សៀប៖ ទីផ្សារអចលនទ្រព្យកម្ពុជានៅតែមានសន្ទុះនៅឡើយ
បច្ចុប្បន្នកម្ពុជាកំពុងតែមានការរីកចម្រើនខ្លាំងក្នុងវិស័យអចលនទ្រព្យ ទាំង ដីឡូត៍ ផ្ទះល្វែង វីឡា និង ខុនដូរ មួយចំនួន។ នាពេល ១០ឆ្នាំ ទៅ ២០ឆ្នាំ ខាងមុខទៀតវិស័យនេះ នៅតែបន្តមានសក្តានុពលដដែរ ដោយឡែកនឹងមានតំបន់ពិសេសៗមួយចំនួនគឺនឹងស្ថិតដល់ដំណាក់កាលឆ្អែត ប៉ុន្តែនៅតាមតំបន់ជាយៗផេ្សងៗទៀត នៅតែបន្តលូតលាស់នៅឡើយ នេះបើតាមប្រសាសន៍របស់ លោក សន សៀប អគ្គនាយក្រុមហ៊ុន Key Real Estate ។
លោកបានបន្តប្រាប់ Bizkhmer ថា ភ្នំពេញជាទីក្រុង ដែលបានសក្តានុពលបំផុតសម្រាប់ក្រុមហ៊ុនអចលនទ្រព្យ គួរសម្លឹងមើល ជាពិសេសតំបន់ជាយៗក្រុងតែម្តង ដែលបច្ចុប្បន្នពុំសូវមានការអភិវឌ្ឍច្រើនណាស់ណា នៅឡើយទេ។ ប៉ុន្តែការព្រួយបារម្ភយ៉ាងខ្លាំងនៅតែមាន ចំពោះក្រុមហ៊ុនអចលនទ្រព្យតូចៗ ដែលមានបំណងចង់ វាយលុកទីផ្សារនិងធ្វើការប្រកួតប្រជែងនឹងក្រុមហ៊ុនអចលនទ្រព្យធំៗ ឬ ក្រុមហ៊ុនវិនិយោគអចលនទ្រព្យបរទេស ពីព្រោះជាក់ស្តែងមនុស្សកាន់តែកើន តម្លៃដីកាន់ថ្លៃឡើងៗ ជាបន្តបន្ទាប់ ជាពិសេសតំបន់ដែលមានសក្តានុពលតែម្តង ជាហេតុធ្វើឲ្យក្រុមហ៊ុនអចលនទ្រព្យតូចៗជាច្រើនមិនអាចលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគ និង មិនអាចឈរជើងបាន ឈានដល់ការដកខ្លួនចេញ ពីការប្រកួតប្រជែងទៅវិញ។
ក្នុងនោះ លោកបានបង្ហើបគន្លឹះទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្នមួយចំនួនថា តំបន់ដែលស្ថិតនៅកណ្តាលក្រុង មានដូចតំបន់ខណ្ឌបឹងកេងកង ទួលគោក ចំការមន ដូនពេញ និង ខណ្ឌ៧ មករាជាដើម តម្លៃពិតជាថ្លៃខ្លាំងណាស់ ១ ម៉ែត្រការេ ប្រហែល ៥០០០ពាន់ដុល្លារ លើសនឹងផងក៏មាន។ ម៉្យាងទៀត មិនយូរឡើយ ទិសដៅការអភិវឌ្ឍនៃគម្រោងធំៗនឹងបង្វិលទៅតំបន់ខណ្ឌមួយចំនួនទៀតដែលស្ថិតជាប់ជាយក្រុងវិញម្តង ព្រមទាំងខេត្តមួយចំនួនទៀត។ ដូច្នេះក្រុមហ៊ុនអចលនទ្រព្យផ្សេងៗគួរ ត្រៀមខ្លួន និង ត្រៀមថវិការសម្រាប់វិនិយោគឲ្យហើយទៅ បើមិនអច្ចឹងទេ បរទេសនិងបន្តាក់ទុនមុនជាមិនខាន។
គួររំលឹកផងដែរថា ទីផ្សារជាច្រើននៅកម្ពុជា គឺមានការក្តោបក្តាប់ដោយក្រុមហ៊ុនបរទេសជាច្រើន តែទោះជាយ៉ាងណា កំណើននេះនៅតែតិចតួចនៅឡើយ ហើយមានភាគរយជាច្រើនដែលក្រុមហ៊ុនផ្សេងៗនៅកម្ពុជា មិនថាអចលនទ្រព្យ គឺមានឱកាសបន្តការប្រកួតប្រជែង ជាមួយក្រុមហ៊ុនវិនិយោគបរទេស និង អាចពង្រីកខ្លួនទៅប្រទេសផ្សេងៗបានដដែរ។
ដោយ៖ Oscar