មិនទាន់ហួសពេលទេ! ប្រទេសហ្វីលីពីននៅមានឱកាសក្នុងការរើបំរះចេញពីអន្ទាក់បំណុលវ័ណ្ឌករបស់ចិន
ប្រទេសហ្វីលីពីនបច្ចុប្បន្នកំពុងតែជាប់ខ្លួនក្នុងសំណាញ់អន្ទាក់បំណុលវ័ណ្ឌករបស់ចិន ប៉ុន្តែប្រទេសមួយនេះនៅមានសង្ឃឹមខ្លះព្រោះថានៅមានឱកាសក្នុងការរើបំរះចេញពីគម្រោងសេដ្ឋកិច្ចខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់មហាយក្សអាស៊ីមួយនេះបាន។ ហេតុផលដែលប្រទេសមួយនេះអាចមានឱកាសក្នុងការរើបំរះចេញពីគម្រោងសេដ្ឋកិច្ចបាននោះគឺព្រោះតែសេដ្ឋកិច្ចប្រទេសហ្វីលីពីននេះមិនសូវមានការពឹងផ្អែកលើប្រទេសចិនទាំងស្រុងនោះទេ ហើយមធ្យោបាយដែលប្រទេសប្រជុំកោះមួយនេះអាចដកខ្លួនចេញពីអន្ទាក់វ័ណ្ឌកចិនបាននោះគឺគ្រាន់តែឆ្លើយបដិសេធជាមួយនឹងគម្រោងវិនិយោគចិនទាំងឡាយដើម្បីជៀសវាងកុំឲ្យផុងខ្លួនជាប់អន្ទាក់នេះដែលអាចទាញប្រទេសមួយនេះឲ្យធ្លាក់ក្នុងបំណុលរបស់ចិន។
ប្រទេសមហាសេដ្ឋកិច្ចយក្យអាស៊ីមួយនេះបានប្ដេជ្ញាថានឹងផ្ដល់នូវប្រភពថវិកាក្នុងការជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងប្រទេសហ្វីលីពីនដើម្បីជួយជំរុញមហាគម្រោងសាងសង់ “Build, Build, Build” របស់ប្រទេសមួយនេះអោយមានដំណើរការយ៉ាងរលូន។ តួរយ៉ាងប្រទេសចិនធ្លាប់បានផ្ដល់នូវប្រភពកម្ចីថវិកាដល់ការសាងសង់កំពង់ផែរ Hanjin របស់ហ្វីលីពីនរួចមកហើយ។
ប៉ុន្តែថ្មីៗនេះ ប្រទេសហ្វីលីពីនកំពុងតែមើលឃើញពីចំណុចអវិជ្ជមាននៃវត្តមានរបស់ចិនក្នុងប្រទេសខ្លួនដូចជាមានកម្មករចិនជាច្រើននាំគ្នាសម្រុកចូលក្នុងប្រទេសហ្វីលីពីនហើយដណ្ដើមការងារមួយចំនួនធំពីប្រជាជនហ្វីលីពីនក្នុងពេលដែលប្រជាជនហ្វីលីពីនជាច្រើនអ្នកខ្វះខាតនិងកំពុងស្វែងរកការងារធ្វើ។ មិនត្រឹមតែប៉ុណ្ណោះទេ តម្លៃអចលនទ្រព្យក៍កំពុងតែឡើងថ្លៃដែលមានផលវិបាកជាខ្លាំងដល់ប្រជាជនហ្វីលីពីនក្នុងការទិញផ្ទះរស់នៅ។ ហើយគម្រោងសាងសង់ដែលកំពុងតែដំណើរការបច្ចប្បន្ននេះគឺត្រូវបានរ៉ាប់រងដោយប្រាក់កម្ចីរបស់ចិន។ ហេតុនេះបានជាប្រទេសហ្វីលីពីនអាចនឹងប្រឈមមុខនឹងបំណុលធ្ងន់កមួយនេះដែលអាចធ្វើអោយប្រទេសមួយនេះក្លាយជាប្រទេសស្រីលង្កាទីពីរ។ ករណីប្រទេសស្រីលង្កាគឺប្រទេសមួយនេះបានទទួលប្រាក់កម្ចីពីប្រទេសចិនក្នុងការសាងសង់កំពង់ផែ ប៉ុន្តែដោយសារគ្មានលទ្ធភាពសង់បំណុលនេះវិញទើបកូនប្រទេសមួយនេះបានសម្រេចចិត្តចុះកុងត្រាឲ្យប្រទេសចិនគ្រប់គ្រងកំពង់ផែរហូតដល់ទៅពីរឯនោះក្នុងរយៈពេល ៩៩ ឆ្នាំ។
ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រទេសហ្វីលីពីនប្រហែលជាមិនអាចមានវាសនាដូចប្រទេសស្រីលង្ការបានទេ ដោយសារតែសភាពសេដ្ឋកិច្ចរបស់ប្រទេសនេះមានភាពរឹងមាំជាងសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា។ ហេតុនេះហើយប្រទេសមួយនេះនឹងមានហ៊ានបណ្ដែតបណ្ដោយឲ្យប្រទេសចិនធ្វើអ្វីតាមអំពីចិត្តក្នុងទឹកដីរបស់ខ្លួននោះទេ។ ជាពិសេសនោះប្រទេសហ្វីលីពីនអាចធ្វើការបដិសេធចំពោះរាល់គម្រោងទាំងឡាយរបស់ចិនដែលមានគោលបំណងចង់បំពេញផលប្រយោជន៍របស់ខ្លួនច្រើនជាងតម្រូវការរបស់ប្រទេសហ្វីលីពីនហើយប្រទេសហ្វីលីពីនក៍ជាប្រទេសមួយដែលមិនបានពឹងផ្អែកខ្លាំងលើប្រទេសចិនដូចប្រទេសស្រីលង្ការផងដែរ។ ហើយប្រទេសចិនមិនមែនជាដៃគូវិនិយោគធំរបស់ប្រទេសហ្វីលីពីនទេ ប៉ុន្តែដៃគូវិនិយោគធំរបស់ប្រទេសមួយនេះគឺជាប្រទេសជប៉ុន ប្រទេសសហរដ្ឋអាមេរិក និងសិង្ហបុរី។ ម៉្យាងទៀតប្រទេសចិនក៍មិនមែនជាដៃគូធំនៃការនាំចេញរបស់ប្រទេសហ្វីលីពិនផងដែរ។ ប្រទេសអាមេរិកគឺជាដៃគូនាំចេញធំជាងគេរបស់ប្រទេសហ្វីលីពីន (១៥.៦%) ហើយដៃគូធំទីពីរគឺហុងកុង (១៤.២%) បន្ទាប់មកគឺជាប្រទេសជប៉ុន (១៤%) រីឯប្រទេសចិនគឺជាដៃគូធំទីបួន (១២.៩%) ។
ខុសពីប្រទេសម៉ាឡេស៊ីនិងស្រីលង្ការ ប្រទេសហ្វីលីពីនមានលក្ខណៈសេដ្ឋកិច្ចមិនពឹងផ្អែកលើប្រទេសចិនទាំងស្រុងដែលធ្វើឲ្យប្រទេសចិនមិនហ៊ានឡើងសរសៃកគំរាមកំហែងប្រទេសហ្វីលីពីនក្នុងការផ្ដាច់ជំនួយណាមួយឬដាក់គំនាប់លើពាណិជ្ជកម្មប្រទេសនេះបើសិនជាប្រទេសហ្វីលីពីនមានការជំទាស់លើគម្រោងចិនណាមួយ។ រីឯប្រទេសម៉ាឡេស៊ីដែលមានប្រទេសចិនជាដៃគូនាំចេញធំជាងគេបានធ្លាប់ធ្វើការរំសាយចោលនិងសើរើគម្រោងចិនមួយចំនួនបន្ទាប់ពីនាយកមន្ត្រីថ្មីបានឡើងកាន់អំណាច។ ហើយលទ្ធផលគឺប្រទេសចិនបានលេងមួយក្បាច់ដោយបានកាត់បន្ថយការនាំចេញរបស់ម៉ាឡេស៊ីដែលបានធ្វើអោយអត្រានាំចេញរបស់ប្រទេសមួយនេះបានធ្លាក់ចុះជាខ្លាំងហើយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចមួយនេះ។ ប៉ុន្តែចំពោះប្រទេសហ្វីលីពីនគឺប្រទេសមួយនេះនៅមានច្រកក្នុងការរើបំរះចេញពីអន្ទាក់បំណុលវ័ណ្ឌករបស់ចិនបាន៕
ដោយ៖ នឿន វណ្ណៈ