ហួសពេលហើយ! ប្រទេសម៉ាឡេស៊ីមិនអាចរើបំរះចេញពីអន្ទាក់បំណុលវ័ណ្ដករបស់មហាយក្សសេដ្ឋកិច្ចអាស៊ីបានឡើយ
ម៉ាឡេស៊ីកំពុងតែផុងខ្លួន លិចលង់នៅក្នុងសំណាញ់បំណុលរបស់ប្រទេសយក្សសេដ្ឋកិច្ចចិនដោយមិនអាចរើបំរះខ្លួនចេញបានឡើយ។ ប៉ុន្តែអ្វីដែលល្អបំផុតដែលអាចធ្វើបាននោះ គឺមានតែទីក្រុងកូឡាឡាំពួរនេះដឹកដៃទីក្រុងប៉េកាំងចូលទៅក្នុងតុចរចាហើយព្យាយាមសើរើកិច្ចព្រមព្រៀងដើម្បីវែកញែករកកិច្ចព្រមព្រៀងដែលល្អប្រសើរជាងមុនសម្រាប់គម្រោងសេដ្ឋកិច្ចរបស់យក្សអាស៊ីដែលកំពុងតែដំណើរការក្នុងប្រទេសរបស់ខ្លួន។
នៅប៉ុន្មានថ្ងៃមុនបន្ទាប់ពីការបោះឆ្នោតរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានផ្ញើសារមួយទៅកាន់ក្រុងប៉េកាំងអំពីឆន្ទៈនិងសេចក្ដីប្ដេជ្ញារបស់លោកក្នុងការគ្រប់គ្រងលើជោគវាសនានៃប្រទេសម៉ាឡេស៊ីដោយលោកចង់លុបចោលគម្រោងចិនធំៗមួយចំនួនក្នុងប្រទេសរបស់លោក។ ជាក់ស្តែងលោកចង់ឱ្យម៉ាឡេស៊ីជៀសវាងផុតពីអន្ទាក់បំណុលរបស់ប្រទេសចិនព្រោះថាប្រទេសចិនមួយនេះធ្លាប់បានបន្សល់ទុកប្រទេសដទៃទៀតដោយគ្មានជំរើសអ្វីក្រៅតែពីប្រគល់ការគ្រប់គ្រងលើគម្រោងសាងសង់ទាំងឡាយទៅទីក្រុងប៉េកាំងឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកក៍បានយកសារមួយនេះទៅផ្តល់យោបល់ដាស់តឿនប្រធានាធិបតីហ្វីលីពីន Rodrigo Duterte អោយចៀសឲ្យឆ្ងាយពីអន្ទាក់បំណុលរបស់ប្រទេសចិនមួយនេះថែមទៀតផង។
ប៉ុន្តែបញ្ហាធំគឺថាការបះបោររបស់លោក Mohathir Mohammad ប្រឆាំងនឹងប្រទេសចិនមិនមានរយៈពេលយូរនោះទេហើយមើលទៅគឺមិនសូវមានលក្ខណៈទ្រង់ទ្រាយធំផងដែរដោយសារមិនមានប្រទេសច្រើនផ្សេងៗទៀតចូលរួមក្នុងការបះបោរនេះទេ។ ដូចនេះ ឥលូវនេះអ្វីដែលល្អបំផុតដែលអាចសម្រេចបាននោះគឺមានតែទីក្រុងកូឡាឡាំពួរកោះហៅទីក្រុងប៉េកាំងត្រឡប់ទៅកាន់តុចរចាវិញដើម្បីកាត់បន្ថយការចំណាយនៃគម្រោងវិនិយោគដែលបានផ្តល់ឱ្យពួកម៉ៅការចិន។ វិធីនេះនឹងជួយសម្រាលដល់ទំហំបំណុលដែលម៉ាឡេស៊ីកំពុងជំពាក់ប្រទេសចិនក្នុងការសាងសង់គម្រោងទាំងឡាយក្នុងប្រទេសរបស់ខ្លួន។
កាលពីសប្តាហ៍មុនប្រទេសចិនបានយល់ព្រមកាត់បន្ថយការចំណាយលើគម្រោងផ្លូវដែក East Coast Rail Link ចំនួន ១ ភាគ ៣ ។ សប្តាហ៍នេះប្រទេសទាំងពីរបានព្រមព្រៀងគ្នាបន្តបើកគម្រោង Bandar Malaysia អោយដំណើរការជាធម្មតាឡើងវិញដែលមានក្រុមហ៊ុនម៉ៅការដដែល ជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង Iskandar Waterfront Holdings និង China Railway Engineering Corp (CREC) ហើយក៍មានការកែលំអរតិចតួចលើគម្រោងសាងសង់នេះផងដែរ។
ហេតុផលអ្វីដែលធ្វើឱ្យប្រទេសម៉ាឡេស៊ីបន្ទន់សម្លេងរបស់ខ្លួនទៅលើប្រទេសចិននិងមិនហ៊ានក្រោកឈរប្រឆាំងប្រទេសចិនក្នុងទ្រង់ទ្រាយធំ?
ហេតុផលមួយចំនួនគឺថាប្រទេសម៉ាឡេស៊ីកំពុងមានគម្រោងសាងសង់ទាំងឡាយដែលកំពុងតែដំណើរការទៅមុខជាធម្មតាហើយបើសិនជាប្រទេសម៉ាឡេស៊ីតម្លើងសរសៃកដាក់បងធំអាស៊ីមួយនេះ នោះបងធំដែលជាមហាយក្សអាស៊ីនេះអាចនឹងផ្ដាច់ចោលនូវការផ្ដល់កម្ចីទាំងឡាយលើគម្រោងសាងសង់ទាំងនោះ។ ហើយប្រទេសម៉ាឡេស៊ីនឹងមានការពិបាកក្នុងការស្វែងរកប្រភពហិរញ្ញប្បទានផ្សេងដើម្បីបន្តជាមួយគម្រោងសាងសង់ទាំងនោះជាមិនខាន។
មិនត្រឹមតែប៉ុណ្ណោះទេ ប្រទេសម៉ាឡេស៊ីមានការពឹងផ្អែកលើប្រទេសចិនជាខ្លាំងលើការនាំចេញផលិតផលរបស់ខ្លួន។ កាលពីឆ្នាំមុនប្រទេសចិនគឺជាដៃគូរពាណិជ្ជកម្មធំជាងគេរបស់ប្រទេសម៉ាឡេស៊ី (៤២.៥ ពាន់លានដុល្លារ) បន្ទាប់មកគឺប្រទេសសិង្ហបុរី (៣៥.៧ពាន់លានដុល្លារ) និងសហរដ្ឋអាមេរិក (៣៣.១ ពាន់លានដុល្លារ) ។ ហេតុនេះហើយបានជាទីក្រុងប៉េកាំងមានអានុភាពដ៏អស្ចារ្យប្រឆាំងនឹងឥរិយាបថមិនសមហេតុផលណាមួយដែលប្រទេសម៉ាឡេស៊ីព្យាយាមប្រឆាំងនឹងទង្វើរបស់ប្រទេសចិនហើយប្រទេសម៉ាឡេស៊ីក៍ខ្លាចបាត់បង់ប្រទេសចិនដែលជាទីផ្សារសេដ្ឋកិច្ចធំរបស់ខ្លួនផងដែរ។ នេះហើយដែលជាហេតុផលដែលប្រទេសម៉ាឡេស៊ីកំពុងលង់ខ្លួនក្នុងអន្ទាក់វ័ណ្តករបស់ប្រទេសចិនហើយមិនអាចរំដោះខ្លួនចេញពីអន្ទាក់នេះបានទេ។ នេះគឺជាមេរៀនមួយដែលប្រទេសកំពុងអភិវឌ្ឍមួយចំនួនគួរយល់ដឹងនិងគិតពិចារណាមុននឹងសម្រេចចិត្តចាប់ដៃគូវិនិយោគជាមួយប្រទេសចិនមួយនេះព្រោះថាវាសនារបស់ប្រទេសទាំងនេះអាចនឹងធ្លាក់ក្នុងកណ្ដាប់ដៃប្រទេសចិនដូចប្រទេសម៉ាឡេស៊ីនិងបណ្ដាប្រទេសមួយចំនួនផ្សេងទៀតដូចជាប្រទេសស្រីលង្ការជាដើម៕
ដោយ៖ នឿន វណ្ណៈ