ហុងកុង​​បន្ត​គ្រង​តំណែង​​ជា​ទីក្រុង​​ថ្លៃ​ជាងគេ​បំផុត​​សម្រាប់​លំនៅឋានរស់នៅ​​ក្នុង​លោក​​



ជា​ថ្មី​ម្តង​ទៀត ទីក្រុង​ហុងកុង​​​បាន​ជាប់​ឈ្មោះ​ជា​ទីក្រុង​ថ្លៃ​ជាងគេ​បំផុត​ក្នុង​​លោក​សម្រាប់​អ្នក​ដែល​ចង់​​ទិញ​លំនៅឋាន​សម្រាប់​រស់នៅ​។ នេះ​បើ​យោង​តាម​របាយការណ៍​​ចេញផ្សាយ​ប្រចាំ​ឆ្នាំ​​ជា​លើកទី៥​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE ​ដែល​បាន​សិក្សា​វាយតម្លៃ​ទៅ​លើ​ទីក្រុង​ធំៗ​​​​ចំនួន ៣៥ នៅ​ជុំវិញ​ពិភពលោក​។

ទីក្រុង​ល្បីល្បាញ​បំផុត​របស់​អាស៊ី​មួយ​នេះ​បាន​គ្រង​តំណែង​ជា​ដែនដី​ថ្លៃ​បំផុត​​ខាង​​ទីផ្សារ​​អចលនទ្រព្យ ហើយ​នេះ​ជា​លើក​ទី៥​ហើយ​​​ ខណៈ​ដែល​សិង្ហបុរី​ឈរ​នៅ​តំណែង​ទី២ តាម​ពី​ក្រោយ​ដោយ​ទីក្រុង សៀងហៃ ដែល​បាន​ឈរ​នៅ​តំណែង​ទី៣។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​​របស់​ក្រុមហ៊ុន​ខាងលើ ជា​មធ្យម​តម្លៃ​លំនៅឋាន​ក្នុង​ទីក្រុង​នេះ​​គឺ​មាន​តម្លៃ​ជាង ១,២ លាន​ដុល្លារ​សម្រាប់​ឆ្នាំ ២០១៩​នេះ។

​​តម្រូវការ​ខ្ពស់​ និង​ការ​ផ្គត់ផ្គង់​​បាន​ត្រឹម​រយៈពេល​ខ្លី​បាន​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ​​របស់​ខ្លួន​​ឡើង​ថ្លៃ​នៅ​ក្នុង​តម្លៃ​ខ្ពស់​មិន​អាច​គ្រប់គ្រង​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ដើម្បី​​ដោះស្រាយ​​វិបត្តិ​ខ្វះ​លំនៅឋាន​នេះ​ រដ្ឋាភិបាល​​កំពុង​មាន​គម្រោង​​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​​សាងសង់​កោះ​សិប្បនិម្មិត​​មួយ​ដែល​មាន​តម្លៃ​​រហូត​ដល់​ ៨០ ពាន់​លាន​ដុល្លារ​។ 

ងាក​ទៅ​​​មើល​ទីក្រុង​ Vancouver របស់​កាណាដា​​វិញ បាន​ក្លាយ​ជា​ទីក្រុង​ថ្លៃ​បំផុត​​​នៅ​តំបន់​អាមេរិក​ដោយ​ក្នុង​នោះ​លំនៅឋាន​ជា​មធ្យម​មាន​តម្លៃ ៨១៥ ៣២២ ដុល្លារ និង​ជាប់​ឈ្មោះ​ជា​ទីក្រុង​ថ្លៃ​បំផុត​ទី៤​នៅ​លើ​លោក​សម្រាប់​ស្វែង​រក​ទិញ​​លំនៅឋាន។ ទីក្រុង​ Los Angeles និង​ទីក្រុង ញ៉ូវយ៉ក​របស់​អាមេរិក​ ក៏​ស្ថិត​​នៅ​ក្នុង​បញ្ជី ទីក្រុង​ថ្លៃ​​ជាងគេ​បំផុត​​ទាំង ១០ ​ក្នុង​លោក​ផង​ដែរ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​ខាងលើ។

ចំណែក​នៅ​តំបន់​អឺរ៉ុប​វិញ ទីក្រុង​ឡុងដុន​​របស់​អង់គ្លេស​បាន​​ឈរ​នៅ​លើ​កំពូល​តារាង​ជា​ទីក្រុង​ថ្លៃ​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​នេះ​សម្រាប់​ទិញ​លំនៅឋាន  ពោល​គឺ​​តម្លៃ​​លំនៅឋាន​ជា​មធ្យម​របស់​ទីក្រុង​នេះ​គឺ​ ៦៤៦ ៩៧៣ ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៩​នេះ៕

ប្រភព៖ cnbc 

 

X
5s