មិនយូរមិនឆាប់ វៀតណាមអាចនឹងក្លាយជាបងធំសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍​



បច្ចុប្បន្ននេះគេសង្កេតឃើញថាវៀតណាមមានកំពុងមានសេដ្ឋកិច្ចរីកលូតលាស់យ៉ាងខ្លាំង ហើយដើរទៅមុខយ៉ាងរលូន ហាក់មិនមានឱបសគ្គសោះ។ អ្វីដែលអស្ចារ្យនោះគឺវៀតណាមត្រូវបានទទួលស្គាល់ថាប្រទេសនេះកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេបង្អស់លើពិភពលោក។

កន្លងមកសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមមានសន្ទុះដើរទៅមុខយ៉ាងលឿនដោយសារតែអត្រាប្រាក់ឈ្នួលពលករមានកម្រិតទាប ប៉ុន្តែថ្មីៗនេះអ្នកសេដ្ឋកិច្ចវិទូបានបង្ហើបប្រាប់ថាប្រទេសវៀតណាមត្រូវតែធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនសារជាថ្មីដើម្បីឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែមានសន្ទុះទៅមុខយ៉ាងអស្ចារ្យ ខណៈដែលកំពុងតែមានការវិនិយោគពីបរទេសយ៉ាងគំហុកជាពិសេស អាមេរិកផ្ទាល់។

អ្វីដែលគេសង្កេតឃើញក្នុងតំបន់អាស៊ីអាគ្នេយ៍គឺបន្ទាប់ពីសង្គ្រាមវៀតណាមចប់ បណ្ដាប្រទេសក្នុងតំបន់នេះមានផលិតផលក្នុងស្រុកសរុប (GDP) កើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីឆ្នាំ ៩០ ជាង។ ភាពរីកលូតលាស់ GDP របស់ប្រទេសទាំងនេះគឺកើនឡើងដោយសារតែអត្រាប្រាក់ឈ្នួលកម្លាំងពលករទាប ការនាំចេញផលិតផលពីរោងចក្រ និងការវិនិយោគពីបរទេស។

ចំពោះប្រទេសវៀតណាមគឺកំពុងតែស្ថិតក្នុងដំណាក់កាលមួយដែលកំពុងតែមានភាពមមាញឹកក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅក្រៅស្រុកមានដូចជាអង្ករជាដើមហើយប្រទេសមួយនេះក៍កំពុងតែមានចក្ខុវិស័យដែលចង់ដឹកនាំសេដ្ឋកិច្ចរបស់ខ្លួនទៅរកវឌ្ឍនភាពដូចបណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាប្រទេសតៃវ៉ាន់និងកូរ៉េខាងត្បូងផងដែរ។ អ្វីដែលគួរអោយកោតសរសើរនោះគឺប្រទេសកុម្មុនីសមួយនេះមិនចង់ឲ្យបណ្ដាប្រទេសផ្សេងៗ បន្ដមាក់ងាយគុណភាពផលិតផលរបស់ខ្លួនទៀតទេ ដោយមិនចង់អោយប្រទេសទាំងនោះគិតថាផលិផលរបស់ប្រទេសវៀតណាមសុទ្ធតែជាផលិតផលមានគុណភាពអន់និងមិនគួរអោយទុកចិត្តទៀតឡើយ។ ដូចនេះហើយបានជាប្រទេសវៀតណាមព្យាយាមប្រលូកក្នុងសេដ្ឋកិច្ចទីផ្សារសកល។

តាមរយៈសម្ដីលោក Ousmane Dione នាយកធនាគារពិភពលោកក្នុងប្រទេសវៀតណាមបានបកស្រាយថា ប្រទេសវៀតណាមឥឡូវដល់ពេលដែលត្រូវធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនព្រោះថាកំណែទម្រង់ Doi Moi ដែលបាននាំមកនូវការរីកចម្រើនដល់សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងរយៈពេលជាង ៣ ទសវត្សរ៍មកនេះមិនអាចនាំមកនូវការរីកចម្រើនបានរហូតបានទេក្នុងពេលខាងមុខ។ ប៉ុន្តែបើប្រទេសវៀតណាមមានយុទ្ធសាស្ត្រធ្វើសេដ្ឋកិច្ចថ្មីគឺអាចនឹងនាំប្រទេសខ្លួនទៅរកភាពចម្រើនយ៉ាងអស្ចារ្យដោយសារតែបច្ចុប្បន្ននេះមានប្រទេសជាច្រើនកំពុងសម្លឹងមកប្រទេសអាស៊ានមួយនេះជាងបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ី ក្នុងការចាប់ដៃគូសហការក្នុងពាណិជ្ជកម្មនេះ។

តួរយ៉ាង ប្រទេសអាមេរិកដែលធ្លាប់តែជាគូសត្រូវចាស់របស់ប្រទេសវៀតណាមកាលពីសង្គ្រាមវៀតណាម បានកោតសរសើរប្រទេសវៀតណាមថាជាប្រទេសដែលមានការរីកលូតលាស់ខាងសេដ្ឋកិច្ចជាងគេលើពិភពលោក។ ហើយមេដឹកនាំអាមេរិក លោកដូណាលត្រាំ ក៍ធ្លាប់បាននែនាំឲ្យលោក គីមជុងអ៊ុន មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងឲ្យយកប្រទេសវៀតណាមធ្វើជាគំរូក្នុងការដឹកនាំប្រទេសកុម្មុនីសរបស់ខ្លួនឲ្យមានសេដ្ឋកិច្ចលូតលាស់ល្អប្រសើរជាងមុន។

អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ មានក្រុមហ៊ុនធំៗរបស់អាមេរិកមួយចំនួនបានរត់ទៅវិនិយោគក្នុងប្រទេសវៀតណាមមានដូចជា ក្រុមហ៊ុនអេឡិចត្រូនិចយក្យ
Apple ក្រុមហ៊ុន Caterpillar ក្រុមហ៊ុនផលិតយន្តហោះ Boeing ក្រុមហ៊ុន Adidas ហើយនិង Nike ជាដើម។ នេះជាឱកាសដ៍ធំរបស់វៀតណាមដែលអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសដែលអាចនាំអោយមានសន្ទុះយ៉ាងខ្លាំងរុញច្រានដល់សេដ្ឋកិច្ចរបស់ខ្លួន។

ហើយសព្វថ្ងៃ វៀតណាមនិងអាមេរិកកំពុងតែមានមិត្តភាពស្អិតល្មួតជាមួយគ្នាដែលកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីមេដឹកនាំចិន លោក ស៊ីជីងពិង ព្រោះថាប្រទេសចិននិងអាមេរិកកំពុងតែមានជម្លោះពាណិជ្ជកម្មជាមួយគ្នាហើយការដែលអាមេរិកកំពុងតែបង្ខិតខ្លួនមករកសម្ព័ន្ធភាពជាមួយប្រទេសវៀតណាមគឺធ្វើអោយលោក ស៊ី មានការងឿងឆ្ងល់ជាខ្លាំង។ គោលបំណងដែលអាមេរិកមកសហការក្នុងពាណិជ្ជកម្មជាមួយវៀតណាមគឺមិនមែនត្រឹមតែគោលបំណងក្នុងសេដ្ឋកិច្ចមួយមុខទេ។ កន្លងមកគឺលោក ដូណលត្រាំមិនដែលទុកចិត្តលើគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ទីក្រុងប៉េកាំងទេ ព្រោះថាលោកនិងមេដឹករបស់ប្រទេសអ៊ឺរ៉ុបមួយចំនួនយល់ថាចិនមានបំណងចង់ពង្រីកឥទ្ធពលនយោបាយរបស់ខ្លួនជុំវិញពិភព។ ដូចនេះក្នុងការសហការជាមួយវៀតណាមក្នុងពាណិជ្ជកម្ម ដែលជាប្រទេសជិតខាងរបស់ចិនគឺអាមេរិកក៍ប្រហែលជាអាចនឹងមានគោលបំណងចងសម្ព័នភាពនយោបាយក្នុងពេលខាងមុខក្នុងការទប់ស្កាត់ការទង្វើនយោបាយមិនប្រក្រតីរបស់ប្រទេសចិនក្នុងពេលអនាគតផងដែរ៕

ដោយ៖ នឿន វណ្ណៈ

 

 

X
5s