ខេត្តកំពតកំពូលដួងចិត្ត កំពុងទាក់ទាញវិនិយោគិនជប៉ុនបណ្តើរៗហើយ!
ខេត្តកំពតជាខេត្តមួយដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ស្ទើរតែគ្រប់ទិសទីទាំងភ្ញៀវជាតិ និងអន្តរជាតិឱ្យទៅកំសាន្តដោយសារតែខេត្តមួយនេះមានអំណោយផលផ្នែកធម្មជាតិ ដោយមានទាំងភ្នំ ព្រែក សមុទ្រ និងព្រៃលិចទឹកជាដើម។ មិនត្រឹមតែប៉ុណ្ណោះការធ្វើដំណើរត្រឹមតែពី២ទៅ៣ម៉ោងប៉ុណ្ណោះពីភ្នំពេញ។
ភាពស្ងប់ស្ងាត់អមទៅដោយធម្មជាតិជាមួយនឹងសំណង់អគារបុរាណដែលសល់ពីជំនាន់អាណានិគមបារាំងបានធ្វើឱ្យខេត្តកំពតក្លាយជាតំបន់ដែលកំពុងតែមានសក្តានុពលបំផុតនៅក្នុងការវិនិយោគទៅលើវិស័យដែលពាក់ព័ន្ធទៅនឹងទេសចរណ៍ដូចជាសណ្ឋាគារ រីសត រមនីយដ្ឋាន ភោជនីដ្ឋាន ឬសេវាកម្មទេសចរណ៍ជាដើម។
ដោយមើលឃើញពីឱកាសដែលកម្រនេះមានអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកជាច្រើនបានចាប់យកខេត្តដ៏តូចច្រឡឹងនេះមកអភិវឌ្ឍតាមជំនាញរៀងៗខ្លួន។ តួយ៉ាងកាលពីថ្ងៃទី២៨ ខែកុម្ហៈ កន្លងទៅនេះមានក្រុមតំណាងអ្នកវិនិយោគជប៉ុនមួយ ទើបតែបានចូលជួបជាមួយនឹងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគទៅលើការសាងសង់សណ្ឋាគារ និងបឹងកាឡូនៅក្នុងខេត្តនេះ។
គម្រោងនេះនឹងធ្វើឡើងលើដីសរុប៤ហិកតាដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រើយកោះ ដែលជាទីតាំងពេញនិយមបំផុតសម្រាប់សាងសង់សំណង់ប្រភេទសណ្ឋាគារ រីសត ឬបឹងកាឡូ។
ទន្ទឹមនឹងនេះតាមការបង្ហាញពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថាគម្រោងវិនិយោគរបស់ជប៉ុននេះគឺពិតជាមានប្រាកដមែន ប៉ុន្តែទាក់ទិននឹងថាតើគម្រោងនេះនឹងចាប់ផ្តើមនៅថ្ងៃណាឬនឹងចំណាយមូលធនសរុបប៉ុន្មាននៅមិនទាន់ប្រាកដនោះទេ។
លោកបន្ថែមទៀតថាបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគជប៉ុនប្រហែលជាកំពុងតែធ្វើការសិក្សាទៅលើគម្រោងទាំងមូលនៅឡើយទើបមិនទាន់មានការបញ្ជាក់អ្វីផ្សេងក្រៅពីនេះ។
លោក សយ ស៊ីណុល មានសុទិដ្ឋិនិយមយ៉ាងខ្លាំងថាគម្រោងនេះនឹងនាំមកនូវការអភិវឌ្ឍ និងចំណូលកាន់តែច្រើនដើម្បីជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តនេះមានភាពប្រសើរឡើង។
ក្រៅពីនេះលោកមានសេចក្តីរំពឹងចង់ឱ្យមានអ្នកវិនិយោគផ្សេងៗជាពិសេសគឺវិនិយោគិនជប៉ុនជាច្រើនទៀតឱ្យមកចូលវិនិយោគនៅលើវិស័យទេសចរណ៍ និងធុរកិច្ចនេះបន្ថែមទៀតនៅក្នុងខេត្តកំពត។
គូសបញ្ជាក់ផងដែរថាតាំងពីខេត្តព្រះសីហនុមានកំំណើនជនជាតិចិនកើនឡើងមក ខេត្តកំពតបានជំនួសតំណែងខេត្តព្រះសីហនុដើម្បីទទួលយកភ្ញៀវទេសចរណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពោលគឺនៅក្នុងឆ្នាំ២០១៨មានចំនួនភ្ញៀវជាតិ និងអន្តរជាតិរហូតដល់ទៅ ១.៨លាននាក់ឯណោះ៕
ដៃគូសហការ៖ realestate.com.kh