ផ្លូវជាតិ​លេខ ១ រីកចម្រើនអ្វីខ្លះហើយមកទល់ពេលនេះ?​



បន្ទាប់ពីការជួសជុលស្ថាបនា និងពង្រីកឱ្យធំជាងមុនផ្លូវជាតិលេខ១នាពេលបច្ចុប្បន្ន កំពុងតែបង្ហាញភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ នៅតាមដងវិថីយើងឃើញមានហាងទំនើបៗជាច្រើនកំពុងតែរីកដុះដាលជាបន្តបន្ទាប់ និងបានកែប្រែតំបន់នេះក្លាយទៅជាតំបន់មួយដ៏ស៊ីវីល័យ និងទំនើបមិនចាញ់មជ្ឈមណ្ឌលពាណិជ្ជកម្មនៅកណ្ដាលទីក្រុងឡើយ។

ផ្លូវជាតិលេខ១នេះស្ថិតនៅក្នុងគម្រោងផ្លូវ១ខ្សែក្រវ៉ាត់១របស់ចិន និងបានលាតត្រដាងនូវវត្តមានសំណង់អគារពាណិជ្ជកម្ម និងបុរីជាច្រើននៅទីនោះដោយសារតែតំបន់នោះមានសក្តានុពលខ្ពស់ និងមានភាពងាយស្រួលក្នុងការរស់នៅខ្យល់អាកាសល្អ និងត្រជាក់ត្រជុំដែលជាទីប្រាថ្នារបស់អ្នកដែលចង់បានលំនៅដ្ឋានសម្រាប់រស់នៅ ។

១. ផ្សារ​សហគមន៍បែបទំនើប និងស៊ីវីល័យ

ចម្ងាយប្រមាណប្រហែលជា៣គីឡូម៉ែត្រពីស្ពានច្បារអំពៅ លោកអ្នកនឹងឃើញផ្សារទំនើបមួយ នៅខាងឆ្វេងដៃទើបតែនឹងបើកដំណើរការគឺ The Park Community Mall ដែលមានលក្ខណៈស្រដៀង TK Avenue និងនៅខាងស្ដាំដៃ យើងឃើញមានភោជនីយដ្ឋានទំនើបៗ និងហាងលក់សម្លៀកបំពាក់ ព្រមទាំងហាងទំនិញផ្សេងៗទៀតផង។

២. គម្រោង​ផ្សារ​ទំនើប​ ECO Mall

គម្រោង​ផ្សារទំនើប​ដ៏ធំបែបចម្រុះ​មួយនេះគឺស្ថិត​នៅជាប់ នៅតាមបណ្តោយផ្លូវជាតិ​លេខ​១លើផ្ទៃដី​៦ហិកតា និង​មាន​ផ្ទៃ​សំណង់​សរុប២៦​ម៉ឺន​៨​ពាន់​ម៉ែត្រក្រឡាដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ​២០២១ ខាងមុខនេះ​។​ គម្រោង​ផ្សារទំនើប​នេះនឹង​នាំយកមក​នូវ ភាពសម្បូរ​បែប​ជាមួយនឹង​បែបផែន​ជីវិតទំនើប​ទាន់សម័យ​ និង​ពេញនិយម​ផងដែរ​ ។

៣. គម្រោងទីក្រុង​រណបថ្មី​នៅលើដីកោះនរា

កោះនរា​នឹងត្រូវ​បានកែប្រែមុខមាត់​ថ្មី​បន្ទាប់​ពី​ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុន​វិនិយោគ និងអភិវឌ្ឍន៍ដ៏ធំ​របស់កម្ពុជា​មានគម្រោង​អភិវឌ្ឍ​ទៅជាទីក្រុងរណបដូច​ទីក្រុងកោះពេជ្រលើ​ផ្ទៃដី​ទំហំ​១០០​ហិកតា។

៤. គម្រោងមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ (Prince Manor Resort)

ក្រុមហ៊ុន​ព្រីនស៍ជាក្រុមហ៊ុនយក្សមួយ​ធ្លាប់វិនិយោគលើវិស័យ​ខុនដូ សណ្ឋាគារ ធនាគារ និងអគារពាណិជ្ជកម្មក៏បានបោះទុនវិនិយោគធ្វើ​មជ្ឈមណ្ឌលកម្សាន្ត​មួយ​នៅលើទឹកដីកោះប្រាក់តាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ដោយគម្រោងនេះសាងសង់ឡើងនៅលើផ្ទៃដីជាង ១៣ហិកតា ។

៥. គម្រោង​បុរីនានា

ផ្លូវជាតិ​លេខ​១​ មាន​គម្រោងបុរីជាច្រើនដូចជា៖ បុរីប៉េងហួត  បុរីហេងមានជ័យ (ក្នុងសង្កាត់និរោធ) បុរិ​ហាយធិច  បុរី​សម្បត្តិមានហេង បុរី​លឹមឈាងហាក់ បុរី​មង្គល​ភ្នំពេញ (នៅជិតផ្សារ​ព្រែក​ឯង) និងសំណង់លំនៅដ្ឋាន​ផ្សេងៗទៀតផងដែរ ។

ក្រៅពីគម្រោងទាំងនោះក៏មានសំណង់អគារពាណិជ្ជកម្ម សណ្ឋាគារ ខុនដូ ធនាគារ និងកន្លែងកម្សាន្តតូចធំ កំពុងតែមានសន្ទុះកើនឡើងផងដែរ ៕

ដៃគូសហការ៖ realestate.com.kh

X
5s