ជប៉ុន វិនិយោគផ្សារទំនើប AEON ៣០ កន្លែងនៅវៀតណាម ខណៈកម្ពុជាទើបតែមានគម្រោងទី៣
ទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារអាមេរិកត្រូវបានបោះទុនវិនិយោគសម្រាប់សាងសង់ផ្សារទំនើប AEON ៣០ សាខានៅទូទាំងប្រទេសវៀតណាមដោយក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុន និងបង្កើតការងារជាង៥ម៉ឺនកន្លែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាមកាលពីពេលថ្មីៗនេះ ។
ក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុនសេវាហិរញ្ញវត្ថុ AEON ដែលជាក្រុមហ៊ុនមេរបស់ផ្សារ ទំនើប AEON បានប្រាប់ពីគោលបំណងចំពោះប្រទេសវៀតណាមថា ប្រទេសនេះជាគោលដៅវិនិយោគដ៏មានសក្តានុពលទាំងក្នុងវិស័យហិរញ្ញវត្ថុ និងការសាងសង់ផ្សារទំនើប។
បើតាមការបន្ថែមរបស់ប្រធានក្រុមហ៊ុនមេរបស់ផ្សារ ទំនើប AEON បានឱ្យដឹងថាការលក់ទំនិញ និងសេវាកម្មសរុបនៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំ២០១៨ មានការកើនឡើង ប្រមាណ ១២% ធៀបនឹងឆ្នាំមុន ហើយគំរូអាជីវកម្មនៃផ្សារទំនើប AEON ក៏ត្រូវបានទទួលស្គាល់ដោយប្រជាជនវៀតណាមទៀតផង ។
វាគឺជារឿងមួយដ៏ល្អសម្រាប់ការលក់របស់ប្រទេសវៀតណាម ព្រោះគម្រោងពង្រីកអាជីវកម្មរបស់ផ្សារទំនើប AEON នេះអាចអភិវឌ្ឍន៍វិស័យលក់រាយក្នុងស្រុករបស់ខ្លួន និងអាចនាំចេញផលិតផលវៀតណាមទៅកាន់បណ្តាញ ផ្សារ AEON ទូទាំងសកលលោកថែមទៀតផង ។
គិតមកទល់ពេលបច្ចុប្បន្ននេះប្រទេសវៀតណាមមានផ្សារទំនើប AEON ចំនួន៤សាខាកំពុងតែបើកដំណើរការ និងមាន២សាខាទៀតស្ថិតក្នុងការសាងសង់ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ខាងមុខ៕
សូមរំលឹកផងដែរថាផ្សារទំនើបអ៊ីអ៊នទី២របស់កម្ពុជាដែលស្ថិតនៅតំបន់សែនសុខបានធ្វើឲ្យតំបន់មួយនេះមានសន្ទុះតម្លៃដីឡើងយ៉ាងខ្លាំង ហើយក៏បានស្រូបទាញការវិនិយោគថ្មីជាច្រើនមកកាន់ទីនេះផងដែរ។ កាលពីពេលថ្មីៗនេះគម្រោងផ្សារទំនើបអ៊ីអ៊នម៉លទី៣ក៏នឹងលេចចេញរូបរាងឆាប់ៗនេះផងដែរ។
ដៃគូសហការ៖ realestate.com.kh