នាយិកាក្រុមហ៊ុន CBRE ៖ តម្លៃដី ផ្លូវ៦០ ម៉ែត្រ ហក់ឡើងខ្ពស់លឿន ក្រោយវត្តមានគម្រោងខ្នាតធំៗ​



ភ្នំពេញ៖ ក្រោយតំបន់ផ្លូវ ៦០ ម៉ែត្រ កំពុងក្លាយជា ទីតាំងថ្មីសម្រាប់ការអភិវឌ្ឍ នូវគម្រោងខ្នាតធំៗ ពីវិនិយោគិនបរទេស និងក្នុងស្រុក បានធ្វើអោយតម្លៃអចលនទ្រព្យក្នុងទីនោះ ហក់ឡើងខ្ពស់លឿន គួរគត់សំគាល់។ អ្នកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា តំបន់ផ្លូវ៦០ម៉ែត្រ កំពុងទទួលបាននូវការចាប់អារម្មណ៍លើការវិនិយោគ គម្រោងខ្នាតធំៗ ដែលធ្វើអោយទីតាំងនេះ មានការរីកចម្រើន យ៉ាងលឿន ដែលធ្វើអោយតម្លៃអចលនទ្រព្យ ហក់ឡើងខ្ពស់យ៉ាងលឿនផងដែរ។ លោកស្រីបញ្ជាក់ថា បើទោះបីជាដីក្នុងទីតាំងនេះ កំពុងស្ថិតក្នុងគម្រោងវិនិយោគក៏ពិតមែន តែតំបន់នេះ អាចនឹងត្រូវចំណាយពេលប្រមាណ៥ឆ្នាំទៀត ដើម្បីប្រែក្លាយជាតំបន់មជ្ឍមណ្ឌលពាណិជ្ជកម្មថ្មី ដ៏ពិតប្រាកដ ក្នុងរាជធានីភ្នំពេញ។ បច្ចប្បន្ន តំបន់ផ្លូវ៦០ម៉ែត្រ ទទួលបានការវិនិយោគទៅលើ គម្រោងផ្សារទំនើបធំៗចំនួន៣ ក្នុងនោះ ពីរគម្រោង កំពុងស្ថិតក្នុងការ សាងសង់ និង១ទៀត កំពុងស្ថិត ក្នុង គម្រោង នៅឡើយ។ គម្រោងទាំងបីនោះរួមមាន ផ្សារ បុរី ប៉េង ហួត ដែល សាងសង់ លើ ផ្ទៃដីជាង៦ហិកតា ដែរទើបនឹងប្រកាសបើកការដ្ឋានសាងសង់ កាលពីពេលថ្មីៗនេះ។ ទី២ គឺ គម្រោង ផ្សារ របស់ បុរី ជីព ម៉ុង កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ដូច្នេះ និងគម្រោងអន្តរជាតិទីបី គឺផ្សារ ទំនើប លំដាប់ អន្តរជាតិ Aeon Mall 3 ។ ដោយឡែក គម្រោងអន្តរជាតិរួមមាន ទីក្រុងរណប ING City មានទំហំ ២,៦០០ ហិកតាជាគម្រោងអភិវឌ្ឍន៍ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគម្រោងធំបំផុតមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។ ទីក្រុងរណប ING City មានគម្រោងអភិវឌ្ឍន៍ផ្សេងៗគ្នាជាច្រើនកំពុងដំណើរការសាងសង់ក្នុងនោះមានដូចជា៖ គម្រោងលំនៅដ្ឋាន ផ្សារទំនើប ពាណិជ្ជកម្ម និងកន្លែងលក់រាយ រួមនឹងសេវាកម្មទូទៅចម្រុះ និងគម្រោងUrban Village មានទំហំ ៧.៦ ហិកតា គម្រោង Lingnan Garden មានទំហំ ២.១ ហិកតា និងគម្រោង R&F City ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះ វិនិយោគដោយក្រុមហ៊ុនចិនផងដែរ។ បើយោងតាមរបាយការណ៍តម្លៃដីជាមធ្យមនៃទីក្រុងភ្នំពេញសម្រាប់ពាក់កណ្តាលឆមាសទី១ ឆ្នាំ២០១៨របស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានបង្ហាញថា ដីសម្រាប់ពាណិជ្ជកម្ម ឬអាជីវកម្មនៅ សង្កាត់ចាក់អង្រែលើ មានតម្លៃជាមធ្យម១,៦៥០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយដីអាជីវកម្មនៅសង្កាត់ចាក់អង្រែក្រោម មានតម្លៃជាមធ្យម១,២៥០ដុល្លារក្នុងម៉ែត្រការ៉េ។ ចំណែកឯដីអាជីវកម្មនៅក្នុងសង្កាត់ជើងឯកវិញ មានតម្លៃ ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ គួរបញ្ជាក់ថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ជាផ្លូវតភ្ជាប់ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ ដែលផ្លូវនេះភ្ជាប់គ្នារវាងផ្លូវលេខ២៧១ នៅភាគខាងជើងជាមួយនឹងផ្លូវជាតិលេខ២ នៅភាគខាងត្បូង ដែរមហាវិថីនេះ ជាផ្នែកមួយដ៏សំខាន់នៃផែនការអភិវឌ្ឍន៍ទីក្រុងឆ្នាំ២០៣៥ របស់សាលាក្រុងភ្នំពេញ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ និងជួយពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅពេលទីក្រុងភ្នំពេញផងដែរ៕ ដោយ៖ ស្រីពេជ្រ
X
5s