ម្ចាស់រោងចក្រ ឃ្លាំង និងយានដ្ឋានធំៗក្នុងទីប្រជុំជន ត្រូវតែរើទៅតំបន់ជាយក្រុងឱ្យអស់ នៅត្រឹមឆ្នាំ២០២១
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះបានឲ្យដឹងថា៖ «ដើម្បីឱ្យរាជធានីភ្នំពេញ រក្សាបានសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈព្រមទាំងបញ្ចៀសបាន ការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នោះ ពលរដ្ឋជាម្ចាស់រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋាន ជួសជុលរថយន្តធំៗ ត្រូវផ្លាស់ប្ដូរទីតាំងទៅកាន់ជាយក្រុង អាជីវកម្មឱ្យបានមុនឆ្នាំ២០២១» ។
នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ និងយានដ្ឋាន ជួសជុលរថយន្តធំៗ នឹងត្រូវផ្លាស់ប្ដូរ ឱ្យទៅស្ថិតនៅតាមបណ្ដោយ ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងស្ថាបនាផ្លូវឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្ដាល ចាប់ពីស្ពានព្រែកព្នៅ មហាវិថីឈ្នះឈ្នះ (ផ្លូវកប់ស្រូវ) ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រ លេខ១៤+១០៥ ទៅភ្ជាប់ផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយកាត់ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលគម្រោងសាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី៣ នឹងរួចរាល់នៅឆ្នាំ២០២១ ខាងមុខ ។
ឯកឧត្តម ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ យ៉ាងច្បាស់ថា ៖ «ក្រោយពេលផ្លូវក្រវ៉ាត់ក្រុងទី៣ សាងសង់រួចរាល់ រដ្ឋបាល រាជធានីភ្នំពេញ នឹងហាមឃាត់រថយន្តធុនធំគ្រប់ប្រភេទទាំងអស់ មិនអនុញ្ញាតិ ឲ្យចរាចរចូលទៀតឡើយ»៕
ដៃគូសហការ៖ realestate.com.kh