ចូលដើមត្រីមាសទី ១ ឆ្នាំនេះភ្លាម តម្លៃបន្ទប់ខុនដូសម្រាប់ជួលអាចនឹងធ្លាក់ចុះ
ក្នុងពិធីសម្ពោធរបាយការណ៍ព្យាករស្ថានភាពអចលនទ្រព្យនៅរាជធានីភ្នំពេញឆ្នាំ២០១៩កន្លងទៅនេះនាយិកាក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានឱ្យដឹងថាតម្លៃជួលបន្ទប់ខុនដូនៅចុងឆ្នាំ២០១៩នេះនឹងមានការធ្លាក់ចុះ ពិសេសតំបន់ដែលនៅឆ្ងាយពីចំណុចកណ្តាលក្រុងដែលចំនួនមានរហូតដល់ជិត២ម៉ឺនយូនីត ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញថាមានខុនដូចំនួន៨បានបញ្ចប់ការសាងសង់ក្នុងចុងឆ្នាំ២០១៨។ ខុនដូដែលមានទីតាំងនៅក្រៅតំបន់កណ្តាលទីក្រុងភ្នំពេញនឹងកើនឡើងជិត១២០ភាគរយក្នុងដំណាច់ឆ្នាំ២០១៩។ បើធៀបនឹងឆ្នាំ២០១៨ចំនួនបន្ទប់ខុនដូដែលនឹងដាក់ចូលទីផ្សារនៅដំណាច់ឆ្នាំ២០១៩នេះ មានរហូតទៅដល់ ៣១,១១២ យូនីត ។
លោកស្រីបានបន្ថែមថាបច្ចុប្បន្នតម្លៃជួលខុនដូក្នុង១ខែជាមធ្យមមានចន្លោះពី១០ទៅ១៥ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយនៅចុងឆ្នាំ២០១៩តម្លៃនឹងអាចធ្លាក់ចុះជាងនេះបន្តិចបន្តួច ។
ក្នុងឆ្នាំ២០១៩នេះមិនសូវមានគម្រោងថ្មីៗប្រកាសចាប់ផ្តើមសាងសង់ទេខណៈគម្រោង ដែលនឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំនេះបានលក់លើសពី៥០ភាគរយរួចហើយឯតម្លៃលក់អាចមានជាមធ្យមចាប់ពី១,៦០០ដុល្លារទៅដល់៣,១០០ដុល្លារក្នុង១ម៉ែត្រការ៉េ ។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Emerging Markets Consulting (EMC) បានប្រាប់ថា ការកើនឡើងដ៏ច្រើននៃចំនួនខុនដូបែបនេះវាអាចនឹងមានបញ្ហាទីផ្សារ ព្រោះបើយើង មើលទៅទីផ្សារខុនដូ សម្រាប់ប្រជាជនក្នុងស្រុកហាក់មិនសូវពេញនិយមទេ ខណៈទីផ្សារផ្ទះល្វែង បុរី និងវីឡាកំពុងកើនឡើងច្រើន និងពេញនិយមយ៉ាងខ្លាំង ។ បើនិយាយពីទីផ្សារក្នុងស្រុកគឺតូចចង្អៀតណាស់ ដូច្នេះភាពជោគជ័យសម្រាប់ខុនដូ វាអាស្រ័យលើម្ចាស់គម្រោងថា «តើពួកគាត់មានទំនាក់ទំនង និងទីផ្សារបែបណាជាមួយអតិថិជនបរទេស?» ព្រោះកម្ពុជាមានចំណុចពិសេសមួយដែលអនុញ្ញាតឲ្យបរទេសមានសិទ្ធិក្នុងការទិញ ឬជួលខុនដូសម្រាប់ស្នាក់នៅ៕
ដៃគូសហការ៖ realestate.com.kh