ចុម! អត្រាតម្លៃដីនៅខណ្ឌសែនសុខ កើនឡើងខ្ពស់ ជាងខណ្ឌផ្សេងៗ ឆ្នាំ២០១៩នេះ
តម្លៃនៅតាមបណ្ដាខេត្តក្នុងរាជធានីភ្នំពេញគិតត្រឹមដើមឆ្នាំ២០១៩នេះត្រូវបាននាំមុខដោយខណ្ឌ សែនសុខ ខណៈខណ្ឌជ្រោយចង្វារស្ថិតនៅទ្រឹងនៅឡើយ។
បើតាមរបាយការណ៍ស្រាវជ្រាវ ពីក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអ៊ីស្ទេត បានឲ្យដឹងថាជាមួយអត្រាកំណើន១៧.១ភាគរយធៀបទៅនឹងដើមឆ្នាំ២០១៨ ខណ្ឌសែនសុខបានក្លាយជាតំបន់ដែលអចលនទ្រព្យ កើនតម្លៃខ្ពស់ជាងគេ នៅដើមឆ្នាំ២០១៩ ។ ខណៈដែលតម្លៃដីក្នុង ខណ្ឌមានជ័យមានអត្រាកំណើន១៦ភាគរយខណ្ឌដង្កោ១២.១ភាគរយ ខណ្ឌព្រែកព្នៅ១០.១ ភាគរយ និងខណ្ឌឫស្សីកែវ៩.៦ភាគរយកំពុងតែតាមពីក្រោយយ៉ាងប្រភិតប្រភីង ។
របាយការណ៍បង្ហាញថាតម្លៃដីនៅក្នុងខណ្ឌច្បារអំពៅ មានកំណើន ៩.៣ភាគរយ, ខណ្ឌទួលគោក ៦.៣ភាគរយ, ខណ្ឌពោធិ៍សែនជ័យ ៥.៥ភាគរយ និងខណ្ឌ ៧មករា ចំនួន ២.៩ភាគរយ។ ចំណែកឯ តម្លៃដីនៅខណ្ឌដូនពេញ មានកំណើន ១.៧ភាគរយ ខណ្ឌចំការមន ១ ភាគរយ និងតម្លៃដីនៅខណ្ឌជ្រោយចង្វារមិនមានកំណើនអ្វីទាល់តែសោះ ។
លោក សន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុន ឃីរៀលអ៊ីស្ទេត បានប្រាប់ថាការស្ទុះឡើងនៃតម្លៃដី នៅក្នុងខណ្ឌសែនសុខគឺដោយសារទីនោះមានគម្រោងធំៗជាច្រើនដូចជាផ្សារទំនើបមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារខុនដូ ការិយាល័យ និងលំនៅឋានជាដើម។ បច្ចុប្បន្នខណ្ឌសែនសុខកំពុងវិវឌ្ឍខ្លួនក្លាយទៅជាកន្លែងរស់នៅ និងប្រកបមុខជំនួញដ៏ពេញនិយមសម្រាប់ប្រជាជនគ្រប់លំដាប់ថ្នាក់។
លោកបានបន្ថែមថា៖ «តម្លៃដីក្នុងខណ្ឌសែនសុខនឹងបន្តកើនឡើងទៀត ។ ដីលំនៅដ្ឋានក្នុងខណ្ឌសែនសុខមានតម្លៃចាប់ពី៣៥០ដុល្លារ ទៅ១,៤០០ដុល្លារក្នុង ១ ម៉ែត្រការ៉េ ចំណែកតំបន់ពាណិជ្ជកម្មមានតម្លៃពី៨០០ដុល្លារ ទៅដល់ ២,៩០០ដុល្លារក្នុង១ ម៉ែត្រការ៉េ» ។
បច្ចុប្បន្នខណ្ឌសែនសុខកំពុងមានភាពទាក់ទាញយ៉ាងខ្លាំងពិសេសមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំទូលាយ និងនៅមានដីទំនេរធំៗជាច្រើន ដូចនេះតម្លៃអចលនទ្រព្យនៅខណ្ឌសែនសុខនឹងបន្តកើនឡើងខ្ពស់ជាងគេក្នុងឆ្នាំ២០១៩នេះ៕
ដៃគូសហការ៖ realestate.com.kh