វិស័យអចលនទ្រព្យនឹងក្លាយជាវិស័យអាទិភាពខ្ពស់ទាញចំណូលច្រើនដល់សេដ្ឋកិច្ចជាតិ
អតីតប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុបានឲ្យដឹងថា វិស័យអចលនទ្រព្យ នឹងក្លាយជាវិស័យអាទិភាពខ្ពស់ក្នុងការទាញចំណូលចូលសេដ្ឋកិច្ចជាតិ ច្រើនជាងគេនារយៈពេលដ៏ខ្លីខាងមុខនេះ។
លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate និងជាអតីតប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា ការទាញបានចំណូលច្រើនពីវិស័យសំណង់នេះគឺស្ដែងឡើងតាមរយៈការប្រមូលពន្ធចូលរដ្ឋដោយផ្ទាល់ពីការវិនិយោគ បង្កើនឱកាសការងារ និងជួយឲ្យអាជីវកម្មពាក់ព័ន្ធ ក៏មានការរីកចម្រើនផងដែរ ។
លើកឡើងក្នុងវេទិកាធុរកិច្ចស្ដីពីការធ្វើអាជីវកម្មអចលនទ្រព្យនៅកម្ពុជាកាលពីពេលកន្លងទៅ នៅកម្ពុជាក្នុងថ្ងៃអនាគត លោកបានបញ្ជាក់ថា បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងលឿន តាមរយៈការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ដែលនឹងនាំអោយវិស័យនេះ ក្លាយជាវិស័យអាទិភាពខ្ពស់ ក្នុងការទាញចំណូលបានច្រើនចូលសេដ្ឋកិច្ចជាតិ។
ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា ការវិនិយោគវិស័យសំណង់នៅកម្ពុជានឹងកើនឡើងប្រមាណពី២០-៣០%ថែមទៀតនៅក្នុងឆ្នាំនេះ ខណៈទឹកប្រាក់វិនិយោគក្នុងវិស័យនេះ គិតត្រឹមដើមឆ្នាំ២០១៨ មានការកើនឡើងប្រមាណជា២០% បើធៀបទៅនឹងឆ្នាំ២០១៧ ដែលមានត្រឹមតែ៦ពាន់លានដុល្លារ។
ផ្នែកតាមរបាយការណ៍ពីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានបង្ហាញថាក្នុងឆ្នាំ២០១៧កន្លងទៅនេះ វិស័យសំណង់ បានផ្ដល់ប្រាក់ចំណូល ដល់អ្នកបច្ចេកទេស វិស្វករ និងស្ថាបត្យករ ប្រមាណពី ៥០០ ទៅ ៣០០០ដុល្លារអាមេរិកក្នុង១ខែៗ ចំណែកឯមេជាង អាចទទួលបានប្រាក់ចំណូល ពី៧ទៅ៨ម៉ឺនរៀលក្នុង១ថ្ងៃ ហើយកម្មករជំនាញក៏អាចទទួលបានកម្រៃពី៥ទៅ៧ម៉ឺនរៀលក្នុង១ថ្ងៃៗផងដែរ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍ពីក្រសួងការងារបានឲ្យដឹងថា វិស័យសំណង់ បានផ្តល់ការងារធ្វើដល់ប្រជាពលរដ្ឋប្រមាណ ២០ម៉ឺននាក់ ក្នុង១ថ្ងៃនៅទូទាំងប្រទេស ដែលក្នុងនោះប្រមាណ ១៥ម៉ឺននាក់ធ្វើនៅរាជធានីភ្នំពេញ៕
អត្ថបទ៖ ស្រីពេជ្រ