តម្លៃដីនៅកំពតអាចកាន់តែហក់ខ្លាំង ក្រោយឆ្នេរសិប្បនិមិ្មតម្លៃជិត ២ពាន់លានដុល្លារថ្មីផុសឡើង
ឆ្នេរខ្សាច់សិប្បនិម្មិតមួយនឹងត្រូវបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតនៅក្នុងខេត្តកំពត។ នេះបើយោងតាមការចេញផ្ដាយពី realestate.com.kh។
តំបន់នេះ ស្ថិតជាប់នឹងឆ្នេរសមុទ្រ ស្ថិតនៅក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដែលមានចម្ងាយប្រមាណជាង ៦គីឡូម៉ែត្រពីទីរួមខេត្តកំពត។ គម្រោងឆ្នេរសប្បនិមិ្មតនេះគ្រោងនឹងចំណាយប្រាក់ជិត២ពាន់លានដុល្លារដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ២០០ហិកតា។
លោក សុខ គែន ជាស្ថាបនិកក្រុមហ៊ុន Kampot Property បានថ្លែងប្រាប់ realestate.com.kh ថា ដំណឹងនៃការបង្កើតឆ្នេរខ្សាច់នៅក្នុងតំបន់កែបថ្មីនេះបានធ្វើឲ្យតម្លៃអចលនទ្រព្យមានសន្ទុះឡើងខ្លាំងក្នុងរយៈជាងមួយឆ្នាំចុងក្រោយ។
លោកគែន បញ្ជាក់ថាតម្លៃដីនៅតំបន់នេះបានកើតឡើងប្រមាណ៣០០ភាគរយ។ ជាក់ស្តែងដីជាប់មាត់សមុទ្រដែលក្នុងឆ្នាំ២០១៧មានតម្លៃពី៣៥ដុល្លារទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េឥឡូវនេះកើនឡើងដល់២០០ដុល្លារទៅ២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សម្រាប់ដីដែលនៅជាប់ផ្លូវជាតិលេខ៣ដែលមានចម្ងាយ១.៥គីឡូម៉ែត្រពីតំបន់ឆ្នេរថ្មីនេះបច្ចុប្បន្ន មានតម្លៃពី៧០ដុល្លារទៅ១០០ដុល្លារដែលពីមុនតម្លៃជាមធ្យមមានខ្ទង់៣០ដុល្លារក្នុងមួយ ម៉ែត្រការ៉េ។
លោក គែន លើកឡើងដែរថា “កាលពី២ឆ្នាំមុនតម្លៃដីនៅជិតផ្លូវជាតិថ្លៃជាងដីនៅជិតមាត់សមុទ្រ។ កែបថ្មីនេះគឺជាតំបន់មានសក្តានុពលមួយសម្រាប់វិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ដោយសារទៅទីនេះក៏មានគម្រោងធំៗ២គឺកំពង់ផែទឹកជ្រៅ (កំពុងដំណើរការសាងសង់) និងគម្រោងតំបន់សេដ្ឋកិច្ចពិសេសទំហំ១,០០០ហិកតាដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន ហើយបច្ចុប្បន្នបានចាក់ដីរួចរាល់។
សម្រាប់សក្តានុពលនៃវិស័យលំនៅដ្ឋានក្នុងតំបន់នេះ លោក គែន ជឿថា ក្នុងពេលពី៣ទៅ៥ឆ្នាំខាងមុខតំបន់នេះមានការពេញនិយមខ្លាំងសម្រាប់ការកំសាន្ត ពាណិជ្ជកម្ម និងការរស់នៅ ដោយសារដីលំនៅដ្ឋានខ្នាតតូចតាមមាត់ឆ្នេរ ដែលមានទំហំ ១០០០ ទៅ ២០០០ ម៉ែត្រការ៉េ មានការទិញលក់ច្រើនគួរឲ្យកត់សម្គាល់។
បន្ថែមលើលពីនេះទៀតលោកក៏មើលឃើញថា ដីមួយផ្នែកធំត្រូវបានអ្នកអភិវឌ្ឍន៍ទិញទុករួចរាល់ និងកំពុងរង់ចាំការវិនិយោគនៅក្នុងជំហ៊ានបន្ទាប់។
ឆ្នេរមួយនេះ មានសារៈសំខាន់មិនត្រឹមតែអាចទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងអាចជួយទ្រទ្រង់ដល់ជីវភាពរស់នៅ និងប្រកបមុខរបរប្រចាំថ្ងៃ ឲ្យកាន់តែប្រសើរឡើង ពិសេសអាចផ្តល់ឱកាសការងារដល់អ្នកប្រជាជនទូទៅនៅក្នុងតំបន់នេះ។
គេមើលឃើញថាតាមតំបន់ឆ្នេរមួយនេះនឹងអាចមានអគារខ្ពស់ៗ សណ្ឋាគារធំៗ មន្ទីរពេទ្យ សាលារៀន និងផ្សារ ដែលជាទូទៅវានឹងអាចជួយឲ្យសេដ្ឋកិច្ចក្នុងតំបន់កាន់តែមានភាពប្រសើរ ឡើង។
រំលឹកដែរថា មកដល់ពេលបច្ចុប្បន្ននេះខេត្តកំពតមានតំបន់ទេសចរណ៍ចំនួន ១៧កន្លែង ខុសៗគ្នាទាំងទេសចរណ៍ធម្មជាតិ ឆ្នេរសមុទ្រ ព្រៃភ្នំ ទឹកជ្រោះ ដងអូរ និងទេសចរណ៍បែបវប្បធម៌ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ៕
ដៃគូសហការ៖ realestate.com.kh