ពីជនពិការមានដើមទុនត្រឹម៥០០ដុល្លារវិនិយោគរហូតក្លាយជាម្ចាស់ភាគហ៊ុនអចលនទ្រព្យរាប់ម៉ឺនដុល្លារ
ការផ្លាស់ប្តូរខ្លួនឯងពីបុគ្គលសាមញ្ញធម្មតាម្នាក់ឲ្យក្លាយជាបុគ្គលជោគជ័យឬលេចធ្លោរនៅក្នុងវិស័យណាមួយគឺពិតជាមិនមែនជារឿងងាយស្រួលនោះឡើយ តួយ៉ាងលោក គង់ វិចិត្រា ជាបុគ្គលម្នាក់ដែលមានពិការភាព ធ្លាប់ត្រូវបានអ្នកដទៃមាក់ងាយនិងរើសអើងរូបលោកយ៉ាងខ្លាំង។ ប៉ុន្តែបន្តិចម្ដងៗ លោកបានផ្លាស់ប្តូរខ្លួនឯង តាមរយៈវិស័យអចលនទ្រព្យ ដោយចាប់ផ្ដើមត្រឹមដើមទុន៥០០ដុល្លារ និងបានវិនិយោគរហូតក្លាយជាម្ចាស់ភាគហ៊ុនអចលនទ្រព្យរាប់ម៉ឺនដុល្លារក្នុងពេលបច្ចុប្បន្ន។
លោក គង់ វិចិត្រា បច្ចុប្បន្នជា ស្ថាបនិកក្រុមហ៊ុន V-training and Consultant និងស្ថាប័នបណ្តុះបណ្តាល Asia Leading Academy បានលើកឡើងថា បើចង់ក្លាយជាអ្នកជំនាញនៅក្នុងវិស័យណាគឺចាំបាច់ត្រូវតែប្រឡូកនៅក្នុងវិស័យនោះ ជាពិសេសវិស័យអចលនទ្រព្យមុននឹងប្រឡូកពេញទំហឹងត្រូវរៀនសូត្រ និងចូលប្រឡូកខ្លះៗសិន។ លោកបន្តថា ដូចជាករណីលោកផ្ទាល់ ដំបូងក៏ធ្លាប់ទិញខុសទិញត្រូវដែរ ពោលគឺមិនចេះវិភាគអ្វីទេ គឺទិញលក់ៗរហូតដល់ពេលមួយលោកចេះវិនិយោគគម្រោងដីឡូតិ៍មួយក្នុងតម្លៃ៥០០ដុល្លារនិងបានចំណញខ្ទង់ពាន់ដុល្លារ។
លោកប្រាប់ថា បន្ទាប់ពីលោកបានចំណាយប្រាក់កក់អស់៥០០ដុល្លារ លោកក៏ស្វែងរកអ្នកទិញដីនោះបានព្រមទាំងទទួលផលចំណេញរហូតដល់២០០០ដុល្លារ ក្រោយមកទៀតលោកក៏ចាប់ផ្ដើមកក់ដីឡូតិ៍ពីរបន្ថែមទៀត ក៏បន្តចំណេញបាន៤០០០ដុល្លារ។ ក្នុងពេលនោះលោកក៏ទទួលបានឱកាសក្លាយជាអ្នកវិនិយោគ ដោយលោកបានចំណាយប្រាក់៣០០០ដុល្លារក្នុងការវិនិយោគ ហើយក៏បន្តចំណេញព្រមទាំងទទួលបានដីឡូតិ៍ថ្មីពីរបន្ថែមទៀត។ លោកនៅតែបន្តធ្វើរឿងនេះដដែលៗ ដោយចេះតែបន្តទិញលក់និងវិនិយោគ ហើយក៏ចេះតែបន្តទទួលបានផលចំណេញរហូត បន្ទាប់ពីនោះលោកក៏ចាប់ផ្ដួចផ្ដើមគំនិត អភិវឌ្ឍន៍គម្រោងដីជាមួយមិត្តភ័ក្រ រហូតក្លាយជាម្ចាស់ភាគហ៊ុនរាប់ម៉ឺនដុល្លារ។
ស្ថាបនិកក្រុមហ៊ុនរូបនេះបានចែករំលែកថា "បើចង់រកស៊ីនៅក្នុងវិស័យនេះដំបូងយើងត្រូវមាន ចំណេះ ជំនាញ ទើបរកបានចំណូល ដូចជារូបខ្ញុំផ្ទាល់ នៅតែបន្តសិក្សា អានសៀវភៅ ចូលរួមសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលនានា ទើបធ្វើឲ្យខ្ញុំចេះវិភាគ និងប្រឡូកនៅក្នុងវិស័យនេះកាន់តែជ្រៅទៅៗ"។ លោកបន្តថា ប្រសិនបើចង់ក្លាយខ្លួនជាបុគ្គលលេចធ្លោរ ឬជោគជ័យម្នាក់ អ្នកគួរមើល៧ចំណុចនេះ៖
១) ការសេពគប់ ជាមួយបុគ្គលដែលមានគោលដៅ និងទឹកចិត្តស្រដៀងគ្នា
២) មានគោលដៅច្បាស់លាស់
៣) ស្រលាញ់អ្វីដែលកំពុងធ្វើ និងធ្វើអ្វីដែលយើងស្រលាញ់
៤) មានទំនាក់ទំនងជាបណ្តាញវិស័យដូចគ្នា
៥) បន្តសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួនជាប់ជានិច្ច
៦) មានចំណេះដឹងផ្នែកប្រជាសាស្ត្រ និងភូមិសាស្រ្ត រួមទាំងសង្គម សេដ្ឋកិច្ច និងទំនោរ វិនិយោគរបស់បរទេស
៧) បង្កើនជំនឿជាក់លើខ្លួនឯងឲ្យកាន់តែខ្ពស់។
គួរបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក គង់ វិចិត្រា បានដំណើរការរយៈពេលជិតមួយឆ្នាំហើយ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិក២០នាក់ មានភ្នាក់ងារ៣០០នាក់ និងដៃគូរសហការចំនួន២០នាក់សុទ្ធតែជាជនជាតិខ្មែរ៕
អត្ថបទដោយ៖ ជួប ស្រីរ័ត្ន