ការនាំចេញរបស់សិង្ហបុរីមានការធ្លាក់ចុះ ៨,៥ភាគរយ ដែលជាតួលេខដ៏អាក្រក់បំផុតក្នុងរយៈពេល២ឆ្នាំនេះ
ទិន្នន័យផ្លូវការបានបង្ហាញកាលព្រីថ្ងៃព្រហស្បតិ៍កន្លងទៅ ការនាំចេញផលិតផលក្នុងស្រុករបស់សិង្ហបុរីមានការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងខែធ្នូ ដែលជាតួលេខមិនធ្លាប់មានក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈដែលការដឹកជញ្ជូនផលិតផលអេឡិចត្រូនិកនិងផលិតផលថ្នាំពេទ្យធ្លាក់ចុះច្រើនជាងគេ។
ការធ្លាក់ចុះដែលមិនរំពឹងទុកនេះកើតឡើងខណៈពេលដែលមានការជជែកគ្នារវាងអាមេរិកនិងចិនដើម្បីដោះស្រាយបញ្ហាជម្លោះសង្រ្គាមពាណិជ្ជកម្មដែលកំពុងតែកើតមាន។ អ្នកសេដ្ឋកិច្ចវិទូជាច្រើនរូបរំពឹងទុកថាជម្លោះពាណិជ្ជកម្មនេះនឹងប៉ះពាល់ទៅដល់ការធ្វើពាណិជ្ជកម្មរបស់សិង្ហបុរីក្នុងពេលប៉ុន្មានខែខាងមុខ។
ការនាំចេញរបស់សិង្ហបុរីដែលលើកលេងប្រេងក្នុងខែធ្នូ ធ្លាក់ចុះ ៨,៥% ទិន្នន័យពីភ្ងាក់ងារពាណិជ្ជកម្ម Enterprise Singapore បានបង្ហាញ។ ចំនួននេះកើនឡើងពីការធ្លាក់ចុះ២,៨%កាលពីខែវិច្ឆិកា កន្លងទៅ។
លោក Seleng ling ប្រធានអ្នកស្រាយជ្រាវនិងធ្វើយុទ្ធសាស្រ្តនៅធនាគារចិន OCBC បានលើកឡើងថាបញ្ហានេះបង្ហាញថាការជជែកគ្នារវាងប៉េកាំងនិងវ៉ាស៊ីនតុនគឺគ្រាន់តែជាល្បិចប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថាការធ្លាក់ចុះនេះទំនងនៅតែបន្តក្នុងរយៈពេលមួយត្រីមាសដំបូងនៃឆ្នាំនេះ។
គួរបញ្ចាក់ផងដែរ នាដើមសប្ដាហ៍នេះ ចិនក៏បានប្រកាសថាការនាំចេញក្នុងខែធ្នូរបស់ខ្លួនមានការធ្លាក់ចុះដោយមិនរំពឹងទុករហូតដល់ ៤,៤ភាគរយ ធៀបនឹងឆ្នាំទៅ ដែលជាការធ្លាក់ចុះដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។
ការនាំចេញផលិតផលអេឡិចត្រូនិកក្នុងខែធ្នូធ្លាក់ចុះ ១១,២% ធៀបនឹងឆ្នាំទៅ ខណៈដែលផលិតផលថ្នាំពេទ្យធ្លាក់ចុះ ២៦,៨%។
ប្រទេសសិង្ហបុរីបានប្រកាសថាសេដ្ឋកិច្ចរបស់ខ្លួនមានការរីកចម្រើនយឺតៗជាងការព្យាករណ៍ក្នុងត្រីមាសទី៤ បន្ទាប់ពីវិស័យផលិតកម្មមានការរង្គោះរង្គើ និងជម្លោះពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសកូននាគអាស៊ីមួយនេះមានកំណើនកាន់តែយឺត៕
ដោយ៖ លង់ វណ្ណៈ