ប្រទេស​ទាំង១០​នេះ នឹង​មាន​សន្ទុះ​សេដ្ឋី​ថ្មីៗ​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​​រយៈពេល ៥​ឆ្នាំ​ខាងមុខ​



បើ​គេ​និយាយ​ពី​មហាអំណាច​សេដ្ឋកិច្ច គេ​​នឹង​​នឹក​ឃើញ​ដល់​អាមេរិក ចិន និង​ជប៉ុន​ដែល​​ប្រទេស​ទាំង​នេះ​សំបូរ​ទៅ​ដោយ​មហាសេដ្ឋី​ក្តោប​ក្តាប់​ទ្រព្យសម្បត្តិ​​យ៉ាង​ច្រើន​មហាសាល​ច្រើន​ជាង​ប្រទេស​ណាៗ​ទាំងអស់។ ប៉ុន្តែ​បើ​គេ​និយាយ​ពី​ប្រទេស​ដែល​មាន​សេដ្ឋី​ចំណូល​​ថ្មី​មាន​សន្ទុះ​កើន​ឡើង​​ខ្លាំង​នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ គឺ​គេ​មិន​ត្រូវ​មើល​រំលង​​បណ្តា​ប្រទេស​ផ្សេង​ទៀត​នោះ​ឡើយ​។

បើ​យោង​តាម​របាយការណ៍​ថ្មី​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Wealth-X ​ដែល​បាន​រក​ឃើញ​ប្រទេស​ជា​ច្រើន​មាន​ប្រជាជន​មាន​កំណើន​ប្រាក់​ចំណូល​ស្ទុះ​ឡើង​ខ្លាំង​នោះ បាន​ជ្រើសរើស​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាហ្វ្រិក អាស៊ី និង​អឺរ៉ុប។ ​ដោយ​បាន​ស្រាវជ្រាវ​លើ​​ក្រុម​អ្នក​មាន​ទ្រព្យសម្បត្តិ​ចាប់​ពី ១ លាន​ទៅ ៣០​លាន​អ្នក​​​ចំនួន​ប្រមាណ ៥៤០ ០០០ នាក់ ក្រុមហ៊ុន​នេះ​បាន​រក​ឃើញ​បណ្តា​ប្រទេស​ខាងក្រោម​នេះ​ដែល​នឹង​​មាន​កំណើន​​សេដ្ឋី​​ស្ទុះ​​កើន​ឡើង​​ខ្លាំង​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាងមុខ។

​របាយការណ៍​របស់​ក្រុមហ៊ុន​ខាងលើ​បាន​បង្ហាញ​ថា ប្រទេស​នីហ្សេរីយ៉ា​​គឺ​ជា​ប្រទេស​ឈានមុខ​គេ​ដែល​មាន​សន្ទុះ​សេដ្ឋី​ចូល​ថ្មី​កើន​ឡើង​ដល់​ទៅ ១៦,៣% ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ ២០២៣ ខាងមុខ។ ចំណែក​ប្រទេស​អេហ្ស៊ីប​បាន​ឈរ​នៅ​លេខរៀង​ទី២ មាន​កំណើន ១២,៥% និង​បង់ក្លាដេស​ឈរ​នៅ​លេខរៀង​ទី៣​មាន​កំណើន ១១,៤%។

ប្រភព​សំខាន់​ដែល​ធ្វើ​ឲ្យ​មាន​ចំនួន​សេដ្ឋី​ស្ទុះ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​នេះ​គឺ​បាន​មក​ពី​មុខ​ជំនួញ​សំខាន់ៗ។ ​សម្រាប់​ប្រទេស​នីហ្សេរីយ៉ា និង​អេហ្ស៊ីប​ការ​នាំចេញ​ថាមពល​គឺ​ជា​ផ្នែក​មួយ​សំខាន់​ធ្វើ​ឲ្យ​អ្នក​ជំនួញ​ក្នុង​ប្រទេស​របស់​ខ្លួន​រក​ចំណូល​បាន​កាន់តែ​ច្រើន ខណៈ​ដែល​សេដ្ឋី​​ប្រទេស​បង់ក្លាដេស​រក​ចំណូល​បាន​ពី​ការ​វិនិយោគ​ពី​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ។

​​ប្រទេស​វៀតណាម ឥណ្ឌា ហ្វីលីពីន និង​កេនយ៉ា​​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​​ដែល​​មាន​សន្ទុះ​សេដ្ឋី​កើន​ឡើង​ខ្ពស់​ដែរ​ពី​ការ​វិនិយោគ​ជា​ប្រព័ន្ធ ខណៈ​ដែល​ទ្រព្យសម្បត្តិ​​សេដ្ឋី​មក​ពី​​អ៊ុយក្រែន និង​ប៉ូឡូញ​បាន​មក​ពី​សន្ទុះ​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​របស់​ខ្លួន។ សម្រាប់​ចិន​វិញ ត្រូវ​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​ជម្រក​របស់​ក្រុម​មហាសេដ្ឋី ៣២ នាក់​នៅ​ក្នុង​ចំណោម​មហាសេដ្ឋី ៤០ នាក់​នៅ​ក្នុង​​រយៈពេល ៥​ឆ្នាំ​ខាងមុខ​ផង​ដែរ៕

ប្រភព៖ cnbc

X
5s