តើរដ្ឋាភិបាលយោធាថៃព្យាយាមរៀនសូត្រអ្វីខ្លះពីអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា?​



មកទល់ពេលនេះ ៤ឆ្នាំបានកន្លងផុតទៅយ៉ាងលឿនសម្រាប់ការផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតីដឹកនាំដោយលោកស្រីយ៊ីងឡាក់ ស៊ីណាវ៉ាត្រា ដោយជំនួសមកវិញនៅការកាន់កាប់អំណាចដោយរដ្ឋាភិបាលយោធាដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចារ។

ប៉ុន្តែថ្វីត្បិតតែបានកាន់អំណាចអស់ច្រើនឆ្នាំយ៉ាងនេះហើយមែន រដ្ឋាភិបាលយោធាហាក់បីដូចជាមិនបានទទួលការគាំទ្រខ្លាំងក្លានៅឡើយទេ​ ដោយពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋាភិបាលនេះត្រូវបានប្រជាជនតវ៉ាអោយមានការបោះឆ្នោតជាសកលឡើងវិញ ដើម្បីជ្រើសតាំងមេដឹកនាំប្រជាធិបតេយ្យមកដឹកនាំប្រទេសវិញ។ ថ្វីបើរដ្ឋាភិបាលយោធាបានសន្យាថា ការបោះឆ្នោតអាចនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០១៩ក៏ពិតមែន ប៉ុន្តែការលើកថ្ងៃបោះឆ្នោតម្តងហើយម្តងទៀត មិនបានផ្តល់សេចក្តីទុកចិត្តថាការបោះឆ្នោតខែកុម្ភៈនេះអាចនឹងសម្រេចបាននោះឡើយ។

ទន្ទឹមនឹងការពន្យារពេលបោះឆ្នោតជាច្រើនលើកច្រើនសារនេះ ដើម្បីយកចិត្តប្រជាជនបាន រដ្ឋាភិបាលយោធាថៃបានព្យាយាមចម្លងយុទ្ធសាស្ត្ររបស់អតីតនាយករដ្ឋមន្ត្រីថៃគឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។

ថ្វីត្បិតតែលោកថាក់ស៊ីន ត្រូវបានគេធ្វើការនិរទេសមិនឲ្យចូលប្រទេសក៏ពិតមែន ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែមានវិសាលភាពធំធេងដដែល ពោលគឺថាអ្នកគាំទ្រអាវក្រហមរបស់លោកនៅតែរង់ចាំទទួលលោកត្រលប់ចូលប្រទេសវិញ ដោយមិនរុញរានូវបញ្ហាអ្វីទាំងនោះ។

ភាពស្មោះត្រង់នេះ គឺដោយសារតែកាលដែលលោកថាក់ស៊ីននៅកាន់តំណែង នយោបាយរបស់លោកគឺផ្តោតសំខាន់លើប្រជាជន (Populism) ដែលគោលដៅធំបំផុតរបស់លោកគឺធ្វើអោយយ៉ាងណាអោយប្រជាជនភាគច្រើនដែលជាអ្នករស់នៅតាមខេត្តជនបទ ដែលមានចំនូលទាប រឺមធ្យមទទួលបានការជួយជ្រោមជ្រែងយ៉ាងដិតដល់ពីរាជរដ្ឋាភិបាល។

ខណះដែលលោកកាន់អំណាច លោកបានផ្តល់អទិភាពទៅលើការអភិវឌ្ឍតំបន់ដាច់ស្រយាល និងផ្តល់កម្ចីជាមួយនឹងការប្រាក់ទាបទៅដល់អាជីវកម្មធុនតូច និងមធ្យម និងលើកទឹកចិត្តដល់ផលិតកម្មលក្ខណះភូមិមួយផលិតផលមួយ។ គោលនយោបាយនេះហើយដែលធ្វើអោយប្រជាជននៅភាគខាងជើង និងភាគខាងជើងឈៀងខាងកើតតែងតែគាំទ្រលោកឥតលក្ខខណ្ឌ ធ្វើឲ្យលោកឈ្នះឆ្នោតតាំងតែពីឆ្នាំ២០០១មក។

ដោយសារតែឃើញពីប្រសិទ្ធិភាពនៃគោលនយោបាយប្រជាជននិយមនេះហើយ ទើបបានជាពេលនេះរដ្ឋាភិបាលយោធាថៃកំពុងតែដុតដៃដុតជើង អនុវត្តអោយបានដូចជាអ្វីដែលលោកថាក់ស៊ីនបានធ្វើ។ ការចម្លងនោះបានធ្វើឡើង ដើម្បីលើកមុខមាត់របស់កងកម្លាំងយោធាទៅកាន់ប្រជាជននៅឯជនបទ និងធ្វើអោយប្រជាជនមានទស្សនៈវិជ្ជមានទៅកាន់រដ្ឋាភិបាលយោធាវិញ ដែលជាហេតុផលយ៉ាងសំខាន់ដើម្បីពង្រឹងការគាំទ្រាំដល់រដ្ឋាភិបាលមួយនេះ។

ដើម្បីសម្រេចបំនងនេះ រដ្ឋាភិបាលយោធាបានលើកយកគោលនយោបាយមួយឈ្មោះថា “ថៃនិយមយ៉ាងយឿន” ដែលបកមកថាជា ចេរីភាពនៃថៃ ដោយគោលនយោបាយនេះផ្តោតសំខាន់ទៅលើការប្រមូលព័ត៌មានពីប្រជាជនតាមជនបទទាក់ទិននឹងកង្វះខាត ឬតម្រូវការការអភិវឌ្ឍនានាដែលមាននៅតាមតំបន់របស់ខ្លួន។

ទន្ទឹមនឹងនេះ កម្មវិធីគោលនយោបាយនេះក៏ព្យាយាមរួមបញ្ចូលនូវមនោគមន៍វិជ្ជាលាងទស្សនៈរបស់ប្រជាជនទៅកាន់រដ្ឋាភិបាលយោធាថៃផងដែរ ដោយបានពន្យល់ពីលក្ខណៈពិសេសរបស់លទ្ធិប្រជាធិតេយ្យតាមបែបថៃ (Thai-Style Democracy)ទៅវិញ។

អ្នកជំនាញជាច្រើនបានរិះគន់ថា គោលនយោបាយនេះហាក់ដូចជាចង់ប្រកាសជាសារទៅដល់សាធារណៈជនអំពីមនោគមន៍ប្រជាធិបតីបែបថៃទៅកាន់ប្រជាជន ច្រើនជាងដើម្បីបំពេញផលប្រយោជន៍អោយទៅប្រជាជន។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែរដ្ឋាភិបាលបានត្រៀមគម្រោងថវិការដល់ទៅ១០០ពាន់លានបាតសម្រាប់អោយកម្ចីដល់ប្រជាជន (ក្នុងគម្រោងមួយអាចបានដល់ទៅ២សែនបាត)ក៏ពិតមែន ប៉ុន្តែប្រជាជនមួយចំនួនធំបានលើកឡើងថាការស្នើសុំរបស់ពួកមិនទាន់ទទួលបានការឆ្លើយតបអ្វីមកនៅឡើយនោះទេ៕

ដោយ៖ សុខា វត្ដី

X
5s